សកម្មជន​មួយ​ចំនួន​បារម្ភ​ថា​សេរីភាព​ការ​សិក្សា​អប់រំ​នៅ​ហុងកុង​នឹង​ត្រូវ​រឹត​ត្បិត​ក្រោម​ច្បាប់​សន្តិសុខជាតិ​ថ្មី

បាតុករ​ម្នាក់​បក់​គ្រវី​ទង់មួយ​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ពេល​ដែល​លោក​សាស្ត្រាចារ្យ Shiu Ka-Chun ទទួល​បាន​លិខិត​មួយ​ច្បាប់​ពី​សាកលវិទ្យាល័យ​របស់​លោក កាល​ពី​ប៉ុន្មាន​សប្ដាហ៍មុន លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ជា​ផ្លូវការ។

លោក Shiu ដែល​ជា​សមាជិក​សភា​មួយ​រូប​ផង​នោះ បាន​បង្រៀន​ផ្នែក​កិច្ចការ​សង្គម​នៅ​សាកលវិទ្យាល័យ Baptist University of Hong Kong អស់​រយៈពេល ១១ ឆ្នាំ​មក​ហើយ ហើយ​ការ​បង្រៀន​របស់​លោក​ជានិច្ចកាល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ល្អ​ឥត​ខ្ចោះ។

លោក​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន​ពី​បទ «ញុះញុង​ឱ្យ​មាន​ការ​រំខាន​ជា​សាធារណៈ» ពាក់ព័ន្ធ​នឹង​ចលនា​ឆ័ត្រ ឬ Occupy Centralកាល​ពី​ឆ្នាំ ២០១៤។ ក្រោយ​ពី​ត្រូវ​បាន​គេ​ដោះ​លែង​មក សាកលវិទ្យាល័យ​បាន​បញ្ឈរជើង​លោក Shiuមួយ​រយៈ​ដោយ​រង់ចាំ​នីតិវិធី​ផ្នែក​វិន័យ ពាក់ព័ន្ធ​នឹង​ការ​ជាប់​ទោស​របស់​លោក។

លោក Shiu បាន​និយាយ​ថា ការ​បណ្ដេញ​លោក​ចេញ​ពី​ការងារ​គឺជា «ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ» ប៉ុន្តែ​សាកលវិទ្យាល័យ​មិន​បាន​ផ្ដល់​មូលហេតុ​អ្វី​ទាំង​អស់​ដល់​លោក។ លោក​ថា លោក​មាន​អារម្មណ៍ «ខឹង តូចចិត្ត និង​រង​ការ​ប្រមាថ»។ សាកលវិទ្យាល័យ​បដិសេធ​មិន​បញ្ចេញ​មតិ​ទាក់ទិន​នឹង​ករណី​នេះ។

សាស្ត្រាចារ្យ​ច្បាប់​លោក Benny Tai ដែល​ជា​ស្ថាបនិក​មួយ​រូប​នៃ​ចលនា​ឆ័ត្រ​ឆ្នាំ ២០១៤ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន​ពី​បទរំខាន​ជា​សាធារណៈ ដោយសារតែ​តួនាទី​របស់​លោក​នៅ​ក្នុង​ចលនា​នេះ។ លោក​ក៏​ត្រូវ​បាន​សាកលវិទ្យាល័យ University of Hong Kong បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដែរ។

លោក Taiបាន​ទួញសោក​ថា ការ​សិក្សា​អប់រំ​នៅ​ក្នុង​ទីក្រុង​ហុងកុង «លែង​មាន​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​អំពី​បញ្ហា​ចម្រូង​ចម្រាស​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ និង​សង្គម​ទៀត​ហើយ»។

ការ​បណ្ដេញ​លោក Shui និង លោក Tai ចេញ​ពី​ការងារ បាន​កើត​ឡើង​ក្នុង​សប្ដាហ៍​តែ​មួយ​នៃ​ការ​ចាប់​ខ្លួន​និស្សិត ៤ រូប ដែល​រង​ការ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​ហុងកុង ការ​ដក​សិទ្ធិ​បេក្ខជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ឈរ​ឈ្មោះ​ជា​សមាជិក​សភា​ចំនួន ១២ រូប និង​ព័ត៌មាន​អំពី​ស្ថាប័ន​ប៉ូលិស​ហុងកុង​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​ហុងកុង ៦ នាក់​នៅ​បរទេស។

ហេតុការណ៍​ទាំងនេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​មួយ​ខែ​បន្ទាប់ពី​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង និង​ទូលំទូលាយ​ជ្រុល​របស់​ចិន ដែល​ហាម​ឃាត់​ការ​ធ្វើ​អបគមន៍ ការ​ធ្វើ​វិទ្ធង្សនា អំពើ​ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយកង​កម្លាំង​បរទេស។

ទោះបីជា​ការ​បណ្ដេញ​លោក Tai ចេញ​ពី​ការងារ ត្រូវ​បាន​គេ​សន្មត​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​ការ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផុត​រលត់​នៃ​សេរីភាព​ការ​សិក្សាអប់រំ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ក៏​ដោយ ក៏​ការិយាល័យ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ចិន និង​សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ប្រកាស​ជា​ឧឡារិក​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា «ទង្វើ​យុត្តិធម៌» សម្រាប់គ្រូ​បង្រៀន​ដែល​បាន​សាប​ព្រួស​គំនិត​នយោបាយ «ពិសពុល» ដល់​ក្មេង​ជំនាន់​ក្រោយ។

កាសែត The Wen Wei Po បាន​ប្រៀបធៀប​ការ​បណ្ដេញ​លោក Tai ចេញពី​ការងារ​ទៅ​នឹង​ការ​ដក​ចេញ​នូវ «មហារីក​ពិសពុល​មួយ» និង​បាន​បង្ហាញ​រូប​ត្លុក​របស់​លោក Tai ថា​ជា​មេរោគ​ដែល​ត្រូវ​បាន​គេប្រើ​អំបោស​បោស​ក្រវាត់​ចោល។

មន្ត្រី​ហុងកុង និង​មន្ត្រី​ចិន បាន​បង្កើន​វោហាសាស្ត្រ​នយោបាយ​របស់​ពួកគេ​លើ​វិស័យ​អប់រំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ចោទ​ប្រកាន់​គ្រូបង្រៀន​ថា​បាន «ញុះញង់» ប្រឆាំង​ចិន និង​លើក​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​ប្រឆាំង​នឹង​អាជ្ញាធរ ក៏​ដូចជា​បាន​បន្ទោស​គ្រូបង្រៀន​ចំពោះ​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​មាន​គោល​បំណង​បញ្ឈប់​សកម្មភាព​នានា​ដូចជា បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ដើម ដែល​បាន​ប្រែក្លាយ​ទៅ​ជា​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​ការ​មិន​ពេញចិត្ត​ចំពោះ​បញ្ហា​នានា​កើនឡើង។

មេដឹកនាំ​កំពូល​របស់​ទីក្រុង​ហុងកុង អ្នកស្រី Carrie Lamបាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចលនា​តវ៉ា​សង្គម តាំងពី​ចលនា​ឆ័ត្រ​ឆ្នាំ ២០១៤ រហូត​ដល់​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន បាន​បង្ហាញ​ថា «កម្លាំង​ប្រឆាំង​ចិន​បាន​ជ្រៀត​ចូល​ក្នុង​បរិវេណ​សាលារៀន​ហើយ»។

ដោយ​យោង​លើ​ទិន្នន័យ​ដែល​បង្ហាញ​ថា ៤០% នៃ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​គឺ​ជា​សិស្ស និង​និស្សិត ហើយ​ ៤៥% នៃ​អ្នក​ទាំង​នោះ​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ អ្នកស្រី Carrie Lam បាន​ប្ដេជ្ញា​ថា​នឹង​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ នៅ​តាម​សាលារៀន និង​សកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ទីក្រុង​ហុងកុង ដោយ​អ្នកស្រី​បាន​និយាយ​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ការ​អប់រំ «ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ»។

ច្បាប់​សន្តិសុខជាតិ​ថ្មី​នេះ​ចែង​ថា រដ្ឋាភិបាល​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​សាលារៀន​គឺ​ដើម្បី «ការពារ​សន្តិសុខ​ជាតិ» និង​បង្ការ​សកម្មភាព​ភេរវកម្ម។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​របស់​ទីក្រុង​ហុងកុង លោក John Lee ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​សន្តិសុខជាតិ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី បាន​ប្រាប់​សារព័ត៌មាន Ta Kung Pao របស់ចិន​កាល​ពី​ពេល​ថ្មីៗនេះថា អាទិភាព​ចម្បង​របស់​លោក​គឺ «ដោះស្រាយ​ជាមួយ​សាលារៀន» ហើយ​អាជ្ញាធរ​នឹង​កម្ចាត់ «ត្រីស្អុយ» ចេញ ដើម្បី «ជួយ​ដល់​សិស្សានុសិស្ស​ពី​ការ​បំពុល»។

លោក Lee និយាយ​ថា៖ «គណៈកម្មាធិការ​សន្តិសុខ​ជាតិ​នឹង​ដាក់​ទណ្ឌកម្ម​សត្រូវ​សាធារណៈ​ធ្ងន់ធ្ងរ ហើយ​និង​ចាត់​វិធានការ​ដើម្បី​បង្ការ​មេរោគ​ណា​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ឆ្នាំ»។

អាជ្ញាធរ​អប់រំ​បាន​ដាក់​សម្ពាធ​លើ​សាលារៀន និង​គ្រូបង្រៀន​ដើម្បី​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល៕​

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា