អន្លង់វែងគឺជាតំបន់មួយដែលសំបូរទៅដោយអតីតខ្មែរក្រហមកំពុងរស់នៅ។ ក្នុងភូមិកណ្តាលក្រោមដែលស្ថិតនៅក្នុងឃុំអន្លង់វែង អតីតខ្មែរក្រហមបានត្អូញត្អែរពីការខ្វះខាតទឹកនិងភ្លើងប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគេបានស្នើឲ្យមេឃុំថ្មីដែលនឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់។
ទន្ទឹមនឹងនេះផងដែរ អតីតខ្មែរក្រហមបានបង្ហាញភាពភ័យខ្លាចថា មានសង្រ្គាមក្រោយការបោះឆ្នោតក្រោយពីមានការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងមានសង្រ្គាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត។
កណ្តាលក្រោម ជាភូមិមួយស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលសំបូរទៅដោយអតីតខ្មែរក្រហមកំពុងរស់នៅ។
បើទោះជាស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែងក៏ដោយ ភូមិមួយនេះ ក៏ដូចភូមិជាច្រើនទៀតដែរ ក៏មិនទាន់មានភ្លើងអគ្គិសនី និងទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឡើយ។ ប្រជាពលរដ្ឋនៅក្នុងភូមិ បានរអ៊ូរទាំជាបន្តបន្ទាប់ ដោយសារបញ្ហាទឹកភ្លើងនេះ ហើយពួកគេថាចង់ឲ្យមេឃុំថ្មី ដោះស្រាយបញ្ហាទាំងនេះ។
ប្រជាពលរដ្ឋដែលជាអតីតខ្មែរក្រហមមួយចំនួនក៏បានថ្លែងបារម្ភអំពី «ភាពភ័យខ្លាចថាមានសង្រ្គាម» ក្រោយថ្ងៃបោះឆ្នោត ស្របពេលដែលមានការថ្លែងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសនឹងមានសង្រ្គាម ប្រសិនបើមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
កំពុងអង្គុយចងស្លឹកព្រាលសម្រាប់ធ្វើជន្លុះដុត អតីតខ្មែរក្រហមម្នាក់ លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា លោកស្រីបានចុះឈ្មោះបោះឆ្នោតរួចហើយ តែលោកស្រីមិនបានដឹងថា តើអ្នកណាបានឈរឈ្មោះប្រកួតប្រជែងយកតំណែងមេឃុំអន្លង់វែងនោះទេ។
លោកស្រីបានថ្លែងប្រាប់ VOA ថា លោកស្រីចង់ឲ្យមេឃុំថ្មី ជួយបុកអណ្តូងទឹក ដើម្បីអាចមានទឹកប្រើប្រាស់គ្រប់ពេល ដោយសារបច្ចុប្បន្ននេះ លោកស្រីបានទិញទឹកគេដឹកលក់តាមភូមិ មួយកាដុងចំណុះប្រមាណ៥០លីត្រ តម្លៃ៥ពាន់រៀល។
«ខ្ញុំចង់ឲ្យជួយបុកអណ្តូងទឹក បុកអី ព្រោះអត់មានទឹកផឹកទេ ខែប្រាំងឡើង ទិញគេរហូត»។
លោកស្រីបន្តថាអណ្តូងទឹកមាននៅក្នុងភូមិ ប៉ុន្តែមិនមានទឹកចេញសម្រាប់ប្រើប្រាស់នោះទេ។ មួយវិញទៀត លោកស្រីចង់បានការតភ្ជាប់បណ្តាញអគ្គិសនីចូលមកក្នុងភូមិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
អតីតខ្មែរក្រហមរូបនោះ បានមានប្រសាសន៍ទៀតថា លោកស្រីបានត្រៀមខ្លួនរួចហើយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ប៉ុន្តែមិនទាន់សម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណាមួយនោះទេ។
អតីតខ្មែរក្រហមមួយរូបទៀត លោកស្រី ប៊ូ ខន អាយុ៦១ឆ្នាំ បានស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទឹកភ្លើងដូចគ្នា។
«ចង់បានភ្លើងឲ្យភ្លឺ បើអត់មានអីប្រើផង។ ងងឹតឈឹង យប់ឡើង»។
លោកស្រីក៏បានបញ្ជាក់ថា លោកស្រីមិនទាន់សម្រេចចិត្តថានឹងបោះឆ្នោតឲ្យគណបក្សណានោះទេ។
«ដល់ថ្ងៃហ្នឹងបានសម្រេច ឥឡូវអត់ហ៊ានសម្រេចចិត្តទៅគណបក្សណាទេ»។
ចំណែកអតីតខ្មែរក្រហមម្នាក់ទៀត លោកស្រី អួន រឿន អាយុ៦០ឆ្នាំ មានប្រសាសន៍ថា លោកស្រីចង់បានទីផ្សារកសិផល ដោយលោកស្រីបានត្អូញត្អែរពីតម្លៃស្រូវនិងដំឡូង លក់មិនបានខ្ពស់នោះទេ។
«ចង់ឲ្យមានដំឡូងអីបានថ្លៃខ្លះទៅ ខំធ្វើចង់ងាប់ ហើយអត់បានថ្លៃ។ ស្រូវក៏ថោក ដំឡូងក៏ថោក ចង់ឲ្យមានតម្លៃទៅមុខទៀត។ ឲ្យមេឃុំថ្មីជួយ»។
អតីតខ្មែរក្រហមទាំងនោះ ក៏បានបង្ហាញក្តីបារម្ភថា ពួកគេមិនចង់ឃើញមានសង្រ្គាមនៅក្រោយការបោះឆ្នោតនោះទេ ដោយសារពួកគេធ្លាប់ឆ្លងកាត់ឆ្អែតឆ្អន់រួចមកហើយ។
«ឮតែតាមវិទ្យុ តាមគេនិយាយតាមព័ត៌មាន ចេះតែខ្លាចទៅ មិនហ៊ាននិយាយទេ»។
ចំណែកអ្នកស្រី ចន គឹមឈុន អាយុ២៩ឆ្នាំ និងជាកូនអតីតខ្មែរក្រហមមួយរូប មានប្រសាសន៍ថា អ្នកស្រីបានសម្រេចចិត្តរួចហើយក្នុងការជ្រើសរើសគណបក្សនយោបាយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខនេះ។ អ្នកស្រីបន្តថា អ្នកស្រីចង់បានមេឃុំមិនប្រព្រឹត្តអំពើពុករលួយ និងចេះជួយប្រជាពលរដ្ឋ។
បញ្ហាទឹកនិងភ្លើង ក៏ជាតម្រូវការចាំបាច់ ដែលអ្នកស្រីចង់ឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់។
«សំខាន់អាហ្នឹងហើយ ពីព្រោះរាល់ថ្ងៃបញ្ចូលអាគុយមួយថ្ងៃបញ្ចូលៗ បញ្ចូលរាល់តែថ្ងៃ។ ហើយទឹកអីទិញគេ ពីរថ្ងៃមួយធុងៗ»។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា អ្នកស្រី និងខ្មែរក្រហមនៅភូមិនេះ ភ័យខ្លាចនឹងសង្រ្គាមដែលអាចកើតឡើង ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នឹងមានសង្រ្គាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត។
«ខ្លាចតែសង្រ្គាមទៀតហ្នឹងឯង ភ័យខ្លាចសង្រ្គាមទៀតហ្នឹងឯង ព្រោះធ្លាប់រត់ឡើងឆ្អែតហើយ។ ចេះតែខ្លាចទៅ។ ខ្លាចពេលបោះឆ្នោតមានបញ្ហា។ ចេះតែខ្លាចទៅ មើលតាមព័ត៌មាន ឃើញអញ្ចឹង ចេះតែខ្លាចទៅ»។
អ្នកស្រីបានបន្តថា ធ្លាប់ទៅរស់នៅជុំរុំនៅក្នុងប្រទេសថៃ នៅពេលប្រទេសមិនទាន់មានសន្តិភាព ដូច្នេះហើយនេះជាការភ័យខ្លាចមួយសម្រាប់អ្នកស្រី នៅពេលបោះឆ្នោតខាងមុខ។
«ភ័យខ្លាចទៅ ខ្លាចតែមានអញ្ចឹងទៀត កូនតូចតាចមិនដឹងថាទៅប្រឡោះណាទេ»។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងព្រមានជាថ្មីទៀតថា នៅពេលគណបក្សប្រជាជនកម្ពុជាកាន់អំណាច ប្រជាពលរដ្ឋណាក៏អាចរស់នៅជាមួយបាន ហើយសន្តិភាពត្រូវបានធានាច្បាស់លាស់។ លោកបានថ្លែងបន្តថា ប្រសិនបើគណបក្សផ្សេងឈ្នះការបោះឆ្នោត នោះសន្តិភាពមិនអាចធានាបាននោះទេ។
«នៅពេលដែលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាកដថាសន្តិភាពនេះ ត្រូវបានធានា ឬអត់? បើការលាបពណ៌ ការជេរប្រទេច ការប្រមាថមាក់ងាយ នៅតែបន្តកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយសម្រាប់ការបោះឆ្នោតខាងមុខ តើបោះឆ្នោតដើម្បីសន្តិភាពបន្ត ឬបោះដើម្បីសង្រ្គាម? ជ្រើសរើសទៅរវាងសន្តិភាព និងសង្រ្គាម។ បោះឆ្នោតឲ្យគណបក្សប្រជាជន សន្តិភាពនឹងមានបន្ត ឱកាសអភិវឌ្ឍនឹងមានបន្ត»។
ជំទប់ទីពីររបស់គណបក្សសម រង្ស៊ី តែបានសម្រេចចិត្តចាកចេញពីគណបក្សប្រឆាំងមួយនេះ ដោយសារជម្លោះផ្ទៃក្នុង លោក អម សំណាង ដែលរស់នៅភូមិខ្មែរក្រហម និងជាកូនអតីតខ្មែរក្រហមដែរនោះ មានប្រសាសន៍ថា ការចាកចេញរបស់លោកពីគណបក្សសង្រ្គោះជាតិ អាចនាំឲ្យធ្លាក់សំឡេងនៃការគាំទ្រក្នុងចំណោមអតីតខ្មែរក្រហម នៅពេលការបោះឆ្នោតខាងមុខនេះ។
លោកបន្តថា អតីតខ្មែរក្រហមភាគច្រើននៅទីនេះ តែងតែបារម្ភពីសង្រ្គាមក្រោយការបោះឆ្នោត។
«ការផ្លាស់ប្តូរនាយករដ្ឋមន្រ្តី គាត់តែងតែខ្លាចហើយ ខ្លាចសង្រ្គាម ការផ្លាស់ប្តូររបបមួយៗគឺគាត់ខ្លាច ហើយគាត់អត់ចង់ជួបប្រទះកន្លែងហ្នឹងទៀតទេ។ ប្រជាជនភាគច្រើន ខ្ញុំដើរធ្វើការកន្លងមក ភាគច្រើន គាត់គិតអញ្ចឹង»។
អនុភូមិកណ្តាលក្រោម លោក អ៊ុំ ម៉េង ដែលជាអតីតខ្មែរក្រហមផងដែរ មានប្រសាសន៍ថា នៅក្នុងភូមិកណ្តាលក្រោម មានប្រជាពលរដ្ឋជាង៤០០នាក់ ហើយភាគច្រើនជាអតីតខ្មែរក្រហម។
លោកបន្តថាពួកគាត់មានចំណេះដឹងក្នុងការសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណាមួយដោយមិនមានភាពភ័យខ្លាច និងការគំរាមកំហែង។
«អត់មានអ្នកណាទៅបង្ខិតបង្ខំគាត់ អានេះ គេឲ្យសិទ្ធិសេរីភាពរបស់គាត់ហ្មង។ ឲ្យគាត់មើលឃើញអ្នកណាល្អជាងអ្នកណា គាត់បោះឲ្យទៅ»។
ទាក់ទងនឹងបញ្ហាមិនមានទឹកប្រើប្រាស់ និងបណ្តាញភ្លើងតភ្ជាប់ចូលមកក្នុងភូមិ អនុភូមិរូបនោះ ក៏មានចម្ងល់ដែរថា ហេតុអ្វីមិនមានភ្លើងតភ្ជាប់សម្រាប់ប្រើប្រាស់នៅក្នុងភូមិរបស់លោក។លោកបន្តថាកន្លងទៅ មានការលើកឡើងបញ្ហាទាំងនេះជាបន្តបន្ទាប់។
«ខ្ញុំឆ្ងល់ត្រង់ហ្នឹងដែរ ភ្លើងស្នើសុំគេយូរហើយ ប៉ុន្តែគេមិនដាក់ចូល។ មិនដឹងមូលហេតុអ្វី»។
លោកបន្តថា ភូមិមួយចំនួនទៀតដែលជាតំបន់អតីតខ្មែរក្រហមកំពុងរស់នៅ ក៏មិនមានភ្លើងប្រើប្រាស់នោះទេ។
«តែអារឿងខ្វះទឹក ខ្វះភ្លើង គិតតើ អាជ្ញាធរគាត់ជួយគិតដែរតើ ប៉ុនប្រហែលខ្ទង់ខែ៨ ខែ៩ ទុយោទឹកគេតមកដល់ហើយ។ ទុយោទឹកស្អាត ហើយភ្លើងប្រហែលគេដាក់ចូល ព្រោះគេស្នើសុំយូរហើយ»។
លោក វង្ស ភ័ក្រ្ត មេឃុំអន្លង់វែង ដែលជាអតីតខ្មែរក្រហមដែរនោះ បានបដិសេធមិនឆ្លើយតបនឹងសំណួររបស់ VOA ទាក់ទងនឹងការត្អូញត្អែររបស់ប្រជាពលរដ្ឋលើកង្វះខាតទឹក និងអគ្គិសនីប្រើប្រាស់។ លោកបានលើកឡើងថា៖ «ចេះដើរសួរ តែអត់ចេះដោះស្រាយ»។
លោកក៏បានបដិសេធមិនអត្ថាធិប្បាយពីការបោះឆ្នោតផងដែរ។ លោកថា៖ «ម៉េចមកសួរខ្ញុំ បើចង់ដឹង ទៅសួរប្រជាពលរដ្ឋទៅ ខ្ញុំគ្រាន់តែឈរឈ្មោះតើ»។
នៅក្នុងឃុំអន្លង់វែង កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈក្រុមប្រឹក្សាចំនួន៧ ក្នុងចំណោម៩អាសនៈ។
បេក្ខជនប្រកួតប្រជែងតំណែងមេឃុំអន្លង់វែង មកពីគណបក្សសង្រ្គោះជាតិ លោក ទឹម ហឿន មានប្រសាសន៍ថា លោកសង្ឃឹមនឹងឈ្នះតំណែងមេឃុំនៅពេលខាងមុខ ដោយសារប្រជាពលរដ្ឋចង់បានការផ្លាស់ប្តូរ។ លោកបានបន្តថា ភាគច្រើនអតីតខ្មែរក្រហមដែលចង់បានការផ្លាស់ប្តូរ តែពួកគេមិនសូវជាបញ្ចេញមុខមាត់នោះឲ្យគេដឹងនោះទេ។
«អតីតខ្មែរក្រហមពីដើម ក៏ចាត់ទុកថាគាត់ក៏ស៊ុបខ្លាំងដែរ ក៏ប៉ុន្តែកាលដែលគាត់ស្ទង់មតិថ្នាក់ដឹកនាំយូរៗទៅ ឃើញថាការងារ វាដូចថា សេដ្ឋកិច្ចវាធ្លាក់ចុះ។ ថវិកាចំណូលចំណាយ វាអត់តុល្យភាពឥឡូវគាត់ចាត់ទុកថាគាត់ដូរម្តង ដើម្បីរកអ្នកដឹកនាំថ្មី ក្រែងលោមានទម្រង់បែបបទនៃការងារប្រែប្រួល ដើម្បីឲ្យមានទម្រង់រីកចម្រើនទៅពេលខាងមុខ។ អញ្ចឹងគាត់សំណូមពរ សូមដូរអញ្ចឹងហ្មង»។
លោកក៏បានពន្យល់ប្រាប់ទៅអតីតខ្មែរក្រហមថា មិនអាចមានសង្រ្គាមនោះទេ នៅពេលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។
«ខ្ញុំធ្លាប់បានឮប្រជាពលរដ្ឋមួយចំនួន គាត់ភ័យខ្លាចដែរ ដោយសារកាលហ្នឹង បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ខ្លាចមានសង្រ្គាម ខ្ញុំក៏បានពន្យល់គាត់វិញត្រង់ថាអញ្ចេះ គេថាបើនិយាយពីគណបក្សសង្រ្គោះជាតិ គ្មានធនធាន គ្មានគ្រឿងសព្វាវុធ សម្រាប់ឆ្លើយតបជាមួយគណបក្សប្រជាជន មានអំណាចទេ ព្រោះគណបក្សប្រជាជន គាត់មានអំណាច គាត់មានតួនាទី ការងារគ្រប់គ្រងផ្នែកយោធា ឬសណ្តាប់ធ្នាប់សង្គមអី»។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើន រហូតដល់៨.២៩២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១.៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៥៩២ ក្នុងចំណោមឃុំសង្កាត់ទាំង១.៦៣៣។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលច្របាច់បញ្ចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២.៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ៕