ដំណើរទស្សនកិច្ចលើកទី ៤ របស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេលមួយឆ្នាំមកនេះ គឺជាការរំឭកឲ្យឃើញថា ទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ ក៏លោក Kim Jong Un មិនមែនឯកោដូចដែលលោកធ្លាប់ពីមុនមកនោះទេ។
ដូចការប្រជុំលើកមុនៗរបស់លោកនៅក្នុងប្រទេសចិនដែរ ដំណើរទស្សនកិច្ចរបស់លោក Kim Jong Un លើកនេះត្រូវបានគេមើលឃើញថាជាកិច្ចប្រឹងប្រែងដើម្បីសម្របសម្រួលនៅមុនជំនួបមួយទៀតដែលអាចធ្វើឡើងរវាងលោក និងប្រធានាធិបតីអាមេរិកលោក Donald Trump។
លោក Bruce Klingner នៃអង្គការ Heritage Foundation និយាយដូច្នេះថា៖ «ខ្ញុំគិតថា លោក Kim Jong Un ស្វែងរកការធានាមួយដែលថា ប្រទេសចិនគាំទ្រលោក។ ដូច្នេះ នៅពេលដែលលោកមានជំនួបជាមួយនឹងលោកប្រធានាធិបតី Donald Trump លោកនឹងមានគោលជំហរមួយដ៏ខ្លាំងក្លា»។
ការយល់ឃើញដូចនេះគឺគាំទ្រដោយសុន្ទរកថាឆ្នាំថ្មីនាពេលថ្មីៗនេះរបស់លោក Kim Jong Un ដែលនៅក្នុងសុន្ទរកថានោះ លោកបានគំរាមស្វែងរក «មាគ៌ាថ្មី» ទៅមុខ ប្រសិនបើការចរចាជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមានដំណើរការល្អ។ ដូច្នេះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ គឺប្រហែលជាអាចធ្វើឲ្យលោក Kim Jong Un ពង្រឹងការគំរាមរបស់លោកដូចនេះបាន។
លោក Douglas Paal នៃអង្គការ Carnegie Endowment for International Peace និយាយថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះបង្ហាញថា លោក Kim Jong Un មិនឯកោនោះទេ ហើយលោកមានការគាំទ្រផ្នែកការទូតពីប្រទេសចិន ក៏ដូចជាបង្ហាញថា គ្មាននរណាអាចធ្វើឲ្យលោកឯកោនោះទេ។ ខ្ញុំគិតថា នេះគឺជាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ»។
តាំងពីជំនួបលើកទីមួយរវាងលោក Trump និងលោក Kim Jong Un កាលពីឆ្នាំមុនមក ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងហាក់ដូចជាមានភាពជាប់គាំង។ សហរដ្ឋអាមេរិកទាមទារឲ្យប្រទេសកូរ៉េខាងជើងចាត់វិធានការលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ចំណែកឯកូរ៉េខាងជើងវិញ ទទូចឲ្យសហរដ្ឋអាមេរិកលើកលែងការដាក់ទណ្ឌកម្ម ឬក៏ឲ្យមានការបញ្ចប់ជាផ្លូវការចំពោះសង្គ្រាមកូរ៉េជាមុនសិន។
ប៉ុន្តែ លោក Trump នៅតែអះអាងថា ការចរចានេះគឺដំណើរការល្អជាធម្មតា។
លោក Trump និយាយដូច្នេះថា៖ «រដ្ឋាភិបាលកូរ៉េខាងជើង! ពួកយើងធ្វើបានល្អខ្លាំងណាស់។ ជាថ្មីម្ដងទៀត យើងមិនឃើញមានការសាកល្បងគ្រាប់រ៉ុកកែតអ្វីទៀតនោះទេ។ ពួកយើងធ្វើបានល្អខ្លាំងណាស់»។
ប៉ុន្តែ អ្នកវិភាគភាគច្រើន ដូចជាលោក Robert Manning ដែលជាអតីតមន្ត្រីក្រសួងការបរទេសអាមេរិកជាដើម គ្មានសុទិដ្ឋិនិយមចំពោះរឿងនេះទេ។
លោក Robert Manning បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា ឥទ្ធិពលមានប្រៀបរបស់សហរដ្ឋអាមេរិកកំពុងតែបាត់បង់ហើយ ហើយខ្ញុំគិតថា ដំណើរទស្សនកិច្ចថ្មីចុងក្រោយបំផុតរបស់លោក Kim Jong Un ទៅកាន់ប្រទេសចិននេះ គឺជាឧទាហរណ៍ស្រាប់»។
លោក Kim Jong Un ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ គឺដើម្បីព្យាយាមបង្ហាញឲ្យពិភពលោកឃើញថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្ដល់នូវអ្វីដែលលោកចង់បាន លោកក៏មានជម្រើសផ្សេងទៀតដែរ៕
ប្រែសម្រួលដោយ ភី សុភាដា