ក្នុង​ឆ្នាំ២០២៣ ​ប្រទេស​ចិន​​​តស៊ូ​​​នឹង​គោល​នយោបាយ​សូន្យ​កូវីដ​​និង​​សេដ្ឋកិច្ច​យឺត​យ៉ាវ

អ្នក​ដំណើរ​និង​បុគ្គលិក​អាកាសយានដ្ឋាន​​ដើរនៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉់េកាំង​កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ២០២៣។

អ្នកវិភាគ​ខ្លះ​ចាត់ទុកឆ្នាំ២០២៣ជា​ឆ្នាំមួយ​មាន​ការច្របូក​ច្របល់សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងហើយនិយាយថា​ហេតុការណ៍​ជា​ច្រើនដែល​បានកើត​មានជា​ផ្នែក​មួយនៃ​ផលប៉ះពាល់​ដោយសារ​គោលនយោបាយ​ធ្វើមិនឱ្យ​មាន​ជំងឺកូវីដ​ (ឬ​សូន្យ​កូវីដ) ដែលមានរយៈពេលជិតបីឆ្នាំ។

លោក Dali Yang អ្នកជំនាញខាង​នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យ Chicago បាននិយាយប្រាប់​វីអូអេ​តាមទូរស័ព្ទ​ថា៖ ​«អ្វី​ជាច្រើន​ដែល​បាន​កើត​មាន​គឺ​ពាក់ព័ន្ធនឹង​យុទ្ធសាស្ត្រ​សូន្យកូវីដ។ គ្មាន​កូវីដ​ទេ​នៅ​ពេល​នេះ តែ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​គោលនយោបាយទាំងនោះនៅ​តែមាន»។

សេចក្តីសម្រេចរបស់​អាជ្ញាធរចិន​ក្នុង​ការបញ្ឈប់គោលនយោបាយ​សូន្យ​កូវីដ​ ​ជា​បន្ទាន់​នៅ​ដំណាច់ឆ្នាំ២០២២​បាន​បណ្តាលឱ្យ​មាន​កំណើន​ខ្លាំងនៃ​ករណី​កូវីដ១៩​និងការស្លាប់​នៅទូទាំង​ប្រទេស​ចិននៅ​ដើមឆ្នាំ​២០២៣។ រូបភាព​តាម​បណ្តាញ​សង្គមបាន​បង្ហាញ​ឱ្យ​ឃើញ​ពលរដ្ឋ​ចិន​ឈរ​បន្តគ្នា​ច្រើន​ម៉ោង​នៅក្រៅ​មន្ទីរពេទ្យ។

នៅពេល​បន្ទាប់​មក វីដេអូបណ្តាញ​សង្គម រូបថត​ផ្កាយ​រណប​និង​រូបថត​របស់​បណ្តាញព័ត៌មានបរទេស​នៅ​នឹង​កន្លែង​បាន​បង្ហាញ​កន្លែងបូជាសព​មាន​មនុស្ស​ស្លាប់កើន​ច្រើន។​ ការិយាល័យស្ថិតិ​ជាតិ​នៃ​ប្រទេសចិន​មិន​បាន​ផ្សាយ​អំពី​ចំនួន​សរុបនៃ​ការស្លាប់​ក្នុង​ខែ​ធ្នូ​ទេ។

អ្នក​ស្រី Sherry Liang គ្រូ​បង្រៀន​ភាសា​អង់គ្លេសអាយុ៣៥​ឆ្នាំនៅ​ភាគកណ្តាល​នៃ​ប្រទេស​ចិនបានថ្លែង​ប្រាប់​វីអូអេតាម​ទូរស័ព្ទ​ថា៖​«កំណើនយ៉ាងច្រើននៃ​ករណីជំងឺកូវីដនិង​ការស្លាប់ ​ជាពិសេស​ក្នុង​ចំណោមមនុស្ស​ចាស់ បាន​ធ្វើឱ្យ​ខ្ញុំ​ដឹង​ថា​រដ្ឋាភិបាល​ចិនមិន​គិតគូរអំពី​ថា​តើ​សេចក្តី​សម្រេច​របស់ខ្លួន​មាន​ផលប៉ះពាល់​បែបណាលើប្រជាជន​ចិន​ទេ»។

អត្រា​យុវជន​គ្មាន​ការងារធ្វើ

ក្រៅ​ពី​ការ​កើនឡើងនៃ​ករណីកូវីដ​និង​ការស្លាប់កាលពី​ខែមករា ​ប្រទេស​ចិនក៏​មានកំណើនអត្រា​យុវជន​មិនមាន​ការងារ​ធ្វើក្នុងកម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ​ហើយសេដ្ឋកិច្ចក៏​មានដំណើរយឺត​ផង​ដែរ។ ជា​ច្រើន​ខែ​មក​ហើយ ​អត្រាយុវជនគ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ចិន​មាន​លើស​២០%​ ដែលនាំ​ឱ្យ​និស្សិតមាន​បរិញ្ញាបត្រ​រាប់លាន​នាក់​អស់​សង្ឃឹម។

ជាជាង​ផ្សព្វផ្សាយ​រូបភាព​រីករាយ​នៃ​ពិធី​ទទួល​សញ្ញាបត្រ យុវជន​ជាច្រើន​នាក់​ក្នុង​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយរូបថត​ពួក​គេ​ដេក​លើ​ដី ​ទម្រេត​ខ្លួនផ្កាប់​មុខ​លើ​ជណ្តើរ​ឬ​ដាក់​សញ្ញាបត្រក្នុង​ធុង​សម្រាម។

ផ្សារ​ការងារ​ក្រៀមក្រោះ​បាន​បង្ខំយុវជនខ្លះឱ្យ​វិល​ទៅ​កាន់ស្រុក​កំណើតរបស់​ពួកគេ​វិញហើយ​ក្លាយ​ជា​«​កូន​នៅផ្ទះ​គ្រប់​ពេល»​ ចំណែកឯ​យុវជនឯទៀតៗ​វិញជួប​ការលំបាក​ក្នុង​ការរស់នៅ​ជាធម្មតា​ដោយសារមាន​បញ្ហា​ផ្លូវចិត្ត។ លោក​ Jacky Wang ​អាយុ​២២ឆ្នាំ​ជា​អ្នក​មាន​បរិញ្ញាបត្រ​នៅ​ក្នុង​ក្រុង Shanghai ​បាននិយាយ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖​«​ខ្ញុំត្រូវបានពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​តាំង​ពី​ខ្ញុំបាត់បង់​ការងារ​កាលពីខែមិថុនា»។

លោកបាន​បន្ថែម​ថា៖«​ខ្ញុំ​ខ្លាចមិន​ហ៊ាន​ស្វែងរក​ការងារ។ នៅពេលណាខ្ញុំ​បើក​គេហទំព័រ​ស្វែងរក​ការងារ ​ខ្ញុំច្រួល​ច្រាល​ក្នុង​ចិត្តហើយឈឺ​ក្បាលខ្លាំង។ ពេល​ណាខ្ញុំ​មើល​តួលេខ​ថ្មីៗអំពី​យុវជនគ្មាន​ការងារធ្វើ ​ខ្ញុំ​គិត​ថា​តើ​នេះ​ជា​ជីវិត​ខ្ញុំ​នៅពេល​ខ្ញុំ​រស់ក្នុង​ប្រទេស​ចិន​ឬ​យ៉ាងណា»។

កាល​ពី​ខែ​សីហា ចិនប្រកាសថា​ខ្លួនលែងផ្សាយទិន្នន័យយុវជន​គ្មាន​ការងារធ្វើទៀត​ហើយ ​ដោយ​និយាយ​យោងដល់​សេចក្តី​ត្រូវការកែលម្អវិធី​ប្រមូលទិន្នន័យ​។

ការ​ច្របូក​ច្របល់​ខាង​នយោបាយនិង​ក្តីទោមនស្សសាធារណៈ

នៅ​ពេលតស៊ូនឹង​ឧបសគ្គ​ដោយសារ​ការបញ្ឈប់​គោលនយោបាយ​សូន្យ​កូវីដ​រដ្ឋាភិបាល​ចិន​បានប្រឈមនឹង​ពេល​លំបាកខាង​នយោបាយ​ខ្លះ​ដែរ ​ព្រមទាំង​ក៏មាន​ការអាក់អន់​ចិត្ត​អំពី​របៀបដឹកនាំ​ឆ្គាំឆ្គង​របស់​លោក Xi Jinping ​ផងដែរ។

តាំង​ពីខែកក្កដា​មក មន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់គឺអតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Qin Gang និងអតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Li Shangfu ​មិនបានបង្ហាញ​ខ្លួនជា​សាធារណៈ ហើយ​បន្ទាប់មក​បាន​ត្រូវដកចេញ​ពី​តំណែង។ ​ដោយ​ត្រូវ​យល់​ឃើញ​ថា​ជា​អ្នក​ស្មោះស្ម័គ្រ​ជាមួយលោក Xi ​អ្នក​សង្កេតការណ៍ខ្លះបាន​និយាយ​ថា​ការដករដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​នេះ​ចេញ​ពី​តំណែងឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​កង្វះ​តម្លាភាពនិង​ការទទួល​ខុស​ត្រូវ​ខ្ពស់​តាមនយោបាយរបស់មនុស្ស​តែម្នាក់​របស់​លោក Xi។

លោក Alfred Wu អ្នក​ជំនាញ​ខាង​នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យជាតិ​សិង្ហបូរីបាន​និយាយថានៅពេល​ដែលលោក Xi គ្រប់គ្រង​ប្រទេស​តឹង​រ៉ឹង​ជាង​មុន ដោយ​បន្តឹង​ការត្រួតត្រា​លើ​សង្គម​ស៊ីវិល​និង​បង្ក្រាបធុរកិច្ច​ដូចជា​ក្រុម​ Alibaba ជា​ដើម ​ប្រជាជន​ខ្លះបានប្រើ​ឱកាស​នានា​ដូច​ជា​មរណភាពកាលពី​ខែតុលាមុននៃ​អតីត​នាយក​រដ្ឋមន្ត្រី​លោក Li Keqiang ​ដើម្បី​ប្រឆាំង​នឹង​ការគ្រប់គ្រង​ដោយ​មនុស្ស​តែ​ម្នាក់​របស់​លោក Xi។

លោកបានថ្លែងប្រាប់វីអូអេ​តាម​ទូរស័ព្ទ​ថា«​ដោយ​កាន់មរណទុក្ខ​ដល់​លោក​ Li ប្រជាជន​ចិន​ចង់​បង្ហាញថាពួកគេ​នឹក​រឭកសម័យមាន​មនុស្សធម៌​ជាងមុនក្នុង​ប្រទេស​ចិន​ ហើយ​ពួក​គេ​មាន​ប្រតិកម្ម​ដល់ការប្រែប្រួលដែល​បានកើត​មាន​ក្នុង​ប្រទេស​ចិន​ក្រោម​ការគ្រប់គ្រង​របស់​លោក​ Xi។

នៅក្រោយ​បណ្តាញព័ត៌មានរដ្ឋប្រកាស​អំពី​មរណភាពរបស់​លោក Li ​កាលពី​ថ្ងៃទី​២៧​ខែតុលា​មក ​រូបថត​និង​វីដេអូក្នុងបណ្តាញ​សង្គមបានបង្ហាញ​ឱ្យ​ឃើញ​ពលរដ្ឋ​ចិនរាប់រយ​នាក់​ឈរ​នៅក្រៅ​ផ្ទះ​លោក Li ​កាល​លោក​នៅក្មេង​ក្នុង​ខេត្ត Anhui ​ដើម្បី​សម្តែងការគោរពដល់​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ។

នៅលើ​បណ្តាញ​សង្គម​ចិន Weibo ​ពលរដ្ឋ​ប្រើ​ internet ​ខ្លះ​បានហៅ​លោក​ Li ​ថា​ជា​«នាយក​រដ្ឋមន្ត្រី​ល្អ​ដែល​បានឧទ្ទិស​ខ្លួន​លោកដល់​ប្រជាជន»។ ចំណែក​ឯ​ជន​ឯទៀតៗ​វិញ​បាន​និយាយថា​ពួកគេតែងតែ​«ស្រឡាញ់​និង​គោរព»​លោក Li។ តែ​ក្នុង​ពេល​ខ្លី​តមក​កម្មវិធី​ត្រួតពិនិត្យ​តាម​អ៊ីនធឺណិត​នៃប្រទេស​ចិនបាន​រាំង​ខ្ទប់​ការរុករក​ពាក្យ​ពាក់ព័ន្ធ​ទាំងនេះ។

នៅពេល​ប្រារព្ធពិធីបុណ្យ​ Halloween ​នៅ​ឆ្នាំនេះ ​អ្នក​ចូលរួម​ខ្លះ​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ hazmat suits ដែល​ដូច​ពួក​អាជ្ញាធរ​ពង្រឹង​បទបញ្ញត្តិ​ប្រឆាំង​ជំងឺ​កូវីដ១៩​នៅពេលរាតត្បាត​ជំងឺ​នេះ។ ចំណែក​ឯ​មនុស្ស​ឯទៀត​វិញ​បាន​ពាក់ផ្ទាំង​ក្រដាស​លើសម្លៀកបំពាក់ពួកគេជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​សូន្យ​កូវីដ​ក្នុងឆ្នាំ២០២២។​

ដោយ​សកម្មភាព​ផលិតកម្មចុះថយ​ក្នុង​ខែ​ទី​ពីរ​បន្តបន្ទាប់កាល​ពី​ខែវិច្ឆិកា​ ហើយ​សេដ្ឋកិច្ច​ប្រទេស​មិនបាន​បង្ហាញ​សញ្ញា​អំពី​ការរើប​ឡើងវិញ ​លោក​ Wu ​នៅ​សិង្ហបូរី​មិន​រំពឹង​ថា​ស្ថានភាពទាំង​ស្រុងនឹង​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ប្រទេស​ចិន​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ​ទេ។

លោក​បានថ្លែងប្រាប់វីអូអេថា​នៅ​ពេលដែល​អ្វីៗ​ភាគច្រើននឹងនៅ​ដដែល​ក្នុងប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ក៏​ដោយ​ក៏«​ស្ថានភាព​ជា​មូលដ្ឋាន ​ជាពិសេសស្ថានភាព​សេដ្ឋកិច្ច​នឹង​អាក្រក់​ជាង​ឆ្នាំ២០២៣»។

ទោះជាមាន​ទស្សនៈទុទិដ្ឋិនិយមអំពី​ប្រទេស​ចិនក្នុង​ឆ្នាំ២០២៤​ក៏​ដោយ ក៏ពលរដ្ឋ​ចិន​ខ្លះ​យល់​ថា​បើ​ប្រៀបធៀប​ជាមួយ​ប្រជារាស្ត្រអ៊ុយក្រែនដែលបានរងទុក្ខវេទនាដោយសារ​សង្គ្រាមរបស់​រុស្ស៊ីជាង​មួយ​ឆ្នាំ​មក​ហើយ ​ស្ថានភាព​ពួកគេ​ហាក់ដូច​ជា​ល្អ​ជាងនៅ​អ៊ុយក្រែន។

លោក Allen Wang បុរសចិន​អាយុ​៣៧​ឆ្នាំ​នៅ​ខេត្ត Jiangsu ​បាន​ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖​«ទោះជា​ការគ្រប់គ្រង​ផ្តាច់ការ​របស់រដ្ឋាភិបាល​ចិនគួរ​ឱ្យខ្លាច​ក៏ដោយ ​ក៏សង្គ្រាម​នៅអ៊ុយក្រែន​មាន​មនុស្ស​ស្លាប់​ច្រើន»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ