ក្រុម​មេធាវី​បាន​​ប្តឹង​ឧទ្ធរណ៍​សាលក្រម​តុលាការ​ភ្នំពេញ​ដែល​ដាក់​ទោស​សកម្មជន​ដីធ្លី

ស្ត្រី​បឹងកក់​​នេះត្រូវ​ប៉ូលិស​​ក្រៀក​ក នៅពេល​ពួកគាត់​ទាមទារ​​កម្មសិទ្ធិ​ដីធ្លី​ នៅមុខ​សាលាក្រុង​រាជធានី​ភ្នំពេញ, ថ្ងៃទី១ កក្កដា ២០១៣។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​មេធាវី​បានប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​ការ​ដាក់​ទោស​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លើ​ស្ត្រី​សកម្មជន​ដី​ធ្លី​នៃ​សហគមន៍បឹងកក់​ដ៏​ល្បីល្បាញ​ចំនួន​ប្រាំពីរ​នាក់។​

ស្ត្រី​ទាំង​ប្រាំពីរ​នាក់​ក្នុង​នោះ​មាន​អ្នក​ស្រី​ទេព​ វន្នី ​ម្ចាស់​ពាន​រង្វាន់ Vital Voices Global Partnership ​នៅ​សហរដ្ឋ​អាមេរិក​ និង​ស្ត្រី​វ័យ​ចំណាស់​អាយុ​ជាង​៧០​ឆ្នាំ​ ត្រូវ​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​អង្គារ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន២លាន​រៀល​ ឬ​ស្មើ​នឹង​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ។​

លោកស្រី​ សាម សុគន្ធា ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ចំនួន​បួន​រូប​ក្នុង​សំណុំ​រឿង​នេះឲ្យ​ដឹង​ថា ​ក្រុម​មេធាវី​បាន​សម្រេច​ប្តឹង​សារទុក្ខ​ដោយសារ​យល់​ថា ​ការ​ដាក់​ទោស​នេះ​មិន​ត្រឹមត្រូវ។​

«ពួក​ខ្ញុំ​ជា​មេធាវី​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ព្រឹកមិញ​ហើយ»។

ស្ត្រី​ទាំង​ប្រាំ​ពីរ​នាក់​ រួម​មាន​អ្នក​ស្រី​ទេព វន្នី​ អ្នកស្រី​ង៉ែត​ ឃុន ​ហៅ​ម៉ាំមី ​អ្នកស្រី​គង់ ចន្ថា​ អ្នកស្រី​បូ ឆវី ​អ្នកស្រីសុង ស្រីលាភ ​អ្នកស្រីណង ស្រេង​និង​អ្នកស្រី​ផាន ឈុនរ៉េតត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១០​ខែ​វិច្ឆិកាក្រោយ​ពី​ពួក​គាត់បាន​ប៉ុន​ប៉ង​បិទ​កំណាត់​មហា​វិថីព្រះមុន្នី​វង្ស​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញដោះស្រាយ​ប្រព័ន្ធ​បង្ហូរ​ទឹក​ជំនន់​ដែល​ធ្វើ​ឲ្យ​លិច​លំនៅ​ដ្ឋាន​របស់​ពួក​ខ្លួន។​

តុលាការ​បាន​ចោទ​ប្រកាន់ពួក​គាត់​ពីបង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍​សាធារណៈ។​

ប៉ុន្តែ​ក្រុម​មេធាវី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

លោកស្រី​មេធាវី​សាម សុគន្ធា​បញ្ជាក់​ថា​ ​ជនជាប់​ចោទទាំង​ប្រាំពីរ​នាក់គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ដើម្បី​ការ​ដោះ​ស្រាយ​ប្រព័ន្ធ​បង្ហូរ​ទឹក​តែ​ប៉ុណ្ណោះ។​

«ខ្ញុំ​បាន​ស្តាប់​ការ​សួរ​ដេញ​ដោល​កូន​ក្តី​ខ្ញុំ​ ឃើញ​ថា​ ​គាត់​បាន​ទៅ​ស្នើ​សុំ​ឲ្យ​សាលា​ក្រុងជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ស្អុយ​ចូល​ក្នុង​ផ្ទះ​គាត់​ គឺ​មិន​មាន​រឿង​ធ្វើ​បាតុកម្ម ​ឬ​បិទ​ផ្លូវ​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ​ពោល​គឺ​គ្រាន់​តែ​ទៅ​រក​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​ទឹក​ស្អុយ​ប៉ុណ្ណោះ»។

កាលពី​ថ្ងៃ​ពុធ​ទី​១២​ខែ​វិច្ឆិកា ​អង្គការ​ក្នុង​ស្រុក​ចំនួន​៣០​បាន​សម្តែងការ​សោកស្តាយ​«ជាខ្លាំង»​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន ​និង​ផ្តន្ទា​ទោសអ្នក​តំណាង​សហគមន៍​បឹងកក់​ទាំង​៧​នាក់​នេះ។

ជាមួយ​គ្នា​នេះ ស្ត្រី​សកម្មជន​ដី​ធ្លី​ និង​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី​ក្នុង​ទី​ក្រុង​ភ្នំពេញ​បីនាក់​ រួម​ទាំង​អតីត​ព្រះសង្ឃ​មួយ​អង្គ​ផង ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជាប្រាក់​ចំនួន​ពីរលាន​រៀល​ផង​ដែរ​កាល​ពី​ថ្ងៃ​ពុធម្សិល​មិញ​នេះ។​

តុលាការ​បាន​ចោទ​ប្រកាន់​ស្ត្រី​ទាំង​បី​នាក់​និង​អតីត​ព្រះសង្ឃមាន​ឈ្មោះ​សឺន ហៃ ​ពីបទបង្ក​ការ​រំខាន​កិច្ច​ការ​មន្ត្រី​សាធារណៈ​តាម​មាត្រា​ទី​៥០៤​នៃ​ក្រម​ព្រហ្មទណ្ឌ ​ក្រោយ​ពី​ស្ត្រី និង​អតីត​ព្រះសង្ឃ​អង្គ​នេះ​ត្រូវ​ចាប់​ខ្លួន​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដែល​ពួក​គេតវ៉ា​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​បឹងកក់​ទាំង​ប្រាំពីរ​នាក់​ខាង​លើ។​

ប៉ុន្តែ​មេធាវី​ចំនួន​ប្រាំរូប​ និង​ជនជាប់​ចោទ​ទាំង​បួន​រូប​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ហម ស៊ុនរិទ្ធ ​នាយក​រង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ប្រាំនាក់​ ការពារ​ឲ្យ​អតីត​ព្រះសង្ឃ​និងសកម្ម​ជន​ដី​ធ្លី​បីនាក់​ទៀត​បញ្ជាក់​ថា​ ក្រុម​មេធាវី​កំពុង​រៀប​ចំ​សំណុំ​ឯកសារសម្រាប់​ប្តឹង​ឧទ្ធរណ៍។​

«កំពុង​រៀប​ចំ​លិខិត​ស្នាម​ដើម្បី​ប្តឹង​ឧទ្ធរណ៍»។​

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​សកម្ម​ជន​ដី​ធ្លី​ជា​សេរី​យ៉ាង​គំហុក​បែប​នេះ​ទេ។​

ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​ដ៏ហែកហួរ ​ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ដែល​ភាគ​ច្រើន​ប្រជាពលរដ្ឋ​ក្រី​ក្រ​គឺជា​អ្នក​រង​គ្រោះ។

របាយ​ការណ៍​ថ្មីៗ​របស់​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បង្ហាញ​ថា ​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​ចំនួន​៧៧​ម៉ឺន​នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​ ក្នុងនោះ​ប្រជា​ពលរដ្ឋ​ចំនួន​២​ម៉ឺន​នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៤។​

ក្រុម​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ក្រី​ក្រ​នៅ​បឹងកក់ ​បូរីកីឡា​ និង​ថ្មគោលក្នុង​ទីក្រុង​ភ្នំពេញបាន​បង្ហាញ​ការ​ប្រឆាំង​របស់​ខ្លួន​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​មិន​មាន​សំណង​សម​ស្រប​ ហើយ​ជា​រឿយៗ ​ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ៕​