ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែង កំពុងរៀបចំគម្រោងដើម្បីបង្ហាញពីតួនាទីរបស់លោកប្រធានាធិបតី Donald Trump ដែលបាននាំឲ្យមានការវាយសង្គ្រប់ដ៏ប្រល័យកាលពីសប្តាហ៍មុន នៅវិមានសភាសហរដ្ឋអាមេរិក នៅពេលដែលក្រុមនេះព្យាយាមចោទប្រកាន់លោកប្រធានាធិបតីពីការញុះញង់ឲ្យមានការបះបោរ នៅឯការកាត់ទោសប្តឹងទម្លាក់ប្រធានាធិបតីនៅព្រឹទ្ធសភា ដែលមានគម្រោងចាប់ផ្តើមនៅពេលឆាប់ៗនេះ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ត្រូវស្បថចូលកាន់តំណែង នៅថ្ងៃពុធសប្តាហ៍ក្រោយ។
លោកស្រី Diana DeGette សមាជិករដ្ឋសភានៃរដ្ឋ Colorado បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកស្រីនិងអ្នករៀបចំចាត់ចែងការប្តឹងទម្លាក់ប្រធានាធិបតីផ្សេងទៀត នឹងបង្ហាញវីដេអូពីពួកកុបករវាយសង្គ្រប់វិមានសភាភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី Trump បានអង្វរករពួកគេនៅឯការប្រជុំមហាជនមួយឲ្យពួកគេដើរទៅកាន់វិមានសភា ដើម្បី «ប្រយុទ្ធ» ដើម្បីប្រែក្រឡាស់ការចាញ់ឆ្នោតរបស់លោក។
នៅពេលនោះ ក្រុមសមាជិកសភាបានស្ថិតនៅក្នុងប្រជុំដំណាក់កាលដំបូងដើម្បីបញ្ជាក់សំឡេងអង្គបោះឆ្នោតដែលបង្ហាញថា លោក Biden ឈ្នះ។
លោកស្រី DeGette បានថ្លែងមួយថ្ងៃបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោត ដោយសំឡេង ២៣២ ទល់នឹង ១៩៧ ដើម្បីប្តឹងទម្លាក់លោក Trump ចេញពីតំណែងថា៖ «នេះជាស្ថានការណ៍មួយដែលលោកប្រធានាធិបតីបានប្រព្រឹត្តកំហុសឃើញជាក់លើបណ្តាញទូរទស្សន៍ជាតិ។ យើងនឹងយករូបភាពទាំងអស់នោះ។ យើងនឹងប្រាប់រឿងរ៉ាវនោះទៅកាន់ពួកសមាជិកព្រឹទ្ធសភា»។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋ ចំនួន១០រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាប្រឆាំងនឹងលោក Trump ដែលជាអ្នកសាធារណរដ្ឋ។
ការបោះឆ្នោតនៅរដ្ឋសភាបានធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទីមួយ ដែលត្រូវបានប្តឹងចោទប្រកាន់ទម្លាក់ចេញពីតំណែង២ដង។
កាលពីចុងឆ្នាំ២០១៩ លោកបានត្រូវប្តឹងទម្លាក់ចេញពីតំណែងដោយរដ្ឋសភាចំពោះការរកការជួយឧបត្ថម្ភរបស់ប្រទេសអ៊ុយក្រែន នៅក្នុងការស្វែងរកព័ត៌មានដើម្បីប្រឆាំងលោក Biden មុនការបោះឆ្នោតខែវិច្ឆិកា ក៏ប៉ុន្តែត្រូវបានព្រឹទ្ធសភាកាត់ទោសឲ្យរួចខ្លួន កាលពីខែកុម្ភៈឆ្នាំទៅ៕