មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទស្សន៍ទាយថា សេដ្ឋកិច្ចពិភពលោកជួបប្រទះកំណើនអវិជ្ជមានជាលើកទី១

រូបឯកសារ៖ អ្នកថ្មើរជើងដើរកាត់ស្លាកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សេដ្ឋកិច្ចសាកលលោកនឹងរួញតូច ៤,៩ ភាគរយជាដំណើររួញតូចប្រចាំឆ្នាំដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទស្សន៍ទាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ស្តីពីសេដ្ឋកិច្ចពិភពលោក។

ក្នុងរបាយការណ៍ស្តីពីសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយកាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចុះការព្យាករណ៍ការរីកលូតលាស់សាកលបណ្តាលមកពីការខូចខាតសេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណាដោយមានការរីកលូតលាស់អវិជ្ជមាននៅឆ្នាំ២០២០នេះ។

របាយការណ៍នោះបានទស្សន៍ទាយថា ផលិតផលសរុបក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ៨ភាគរយ អាក្រក់ជាងការប៉ាន់ស្មានរបស់ខ្លួនកាលពីខែមេសាថាមាន ៥,៩ភាគរយ។ ប្រទេសចំនួន ១៩នៅតំបន់អឺរ៉ុបដែលប្រើប្រាក់អឺរ៉ូ របាយការណ៍នោះបានប្រាប់ឲ្យដឹងថា ប្រទេសទាំងនោះនឹងជួបប្រទះនូវការធ្លាក់ចុះការរីកចម្រើនសេដ្ឋកិច្ច ១០,៧ភាគរយ។

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រាប់ឲ្យដឹងទៀតថា ប្រទេសរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំបង្អស់របស់ពិភពលោក នឹងរួញពី៦,៦ ទៅ៦,៨ភាគរយ។

ឥណ្ឌាត្រូវបានទស្សន៍ទាយថា មានការរួញសេដ្ឋកិច្ច ៤,៥ភាគរយបណ្តាលមកពីការងើបឡើងយឺតៗជាងការរំពឹងទុកកាលពីពេលមុន។ ប្រទេសប្រេស៊ីល និងម៉ិកស៊ិកដែលជាប្រទេសពីមានសេដ្ឋកិច្ចធំបង្អស់នៅក្នុងតំបន់អាមេរិកឡាទីន ត្រូវបានព្យាករណ៍ថា មានការរួញសេដ្ឋកិច្ចពី ៩,១ ទៅ ១០,៥ភាគរយ។

ថ្វីបើការប្រមើមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិថា គ្រប់តំបន់ទាំងអស់នៅទូទាំងពិភពលោកនឹងជួបប្រទះនូវការរីកលូតលាស់សេដ្ឋកិច្ចអវិជ្ជមាន មូលនិធិនោះទស្សន៍ទាយថា ប្រទេសចិនមានការរីកលូតលាស់សេដ្ឋកិច្ច១ភាគរយនៅឆ្នាំ​២០២០នេះ៕