សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនក្នុងរង្វង់៧ភាគរយ ប៉ុន្តែក៏អាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការរីកចម្រើននេះដោយសារតែមានការចំណាយសាធារណៈខ្ពស់និងសកម្មភាពទេសចរណ៍ក៏ដូចជាវិស័យសំណង់រីកដុះដាល។
លោក Jarkko Turunen ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជាបានបញ្ជាក់ក្រោយពីបញ្ចប់បេសកកម្មនៅកម្ពុជាកាលពីសប្តាហ៍មុនថា ហានិភ័យទាំងនេះមានកត្តាម៉ាក្រូសេដ្ឋកិច្ចនិងពីខាងក្រៅស្រុកនិងកត្តានយោបាយផងដែរ។
លោក Turunen បានបន្ថែមថា៖
«ភាពមិនច្បាស់លាស់ខាងនយោបាយអាចធ្វើឱ្យកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់និងអ្នកវិនិយោគក្នុងខណៈពេលដែលការរីកលូតលាស់នៅទូទាំងពិភពលោកអាចបង្កើនការបញ្ជាទិញទំនិញនាំចេញនិងសកម្មភាពទេសចរណ៍»។
កម្ពុជាមានទុនបម្រុងបរទេសចំនួន៨,៩ពាន់លានដុល្លារត្រឹមខែមករាឆ្នាំ២០១៨ស្របពេលដែលមានបំណុលសាធារណៈចំនួន៦,៦ពាន់លានដុល្លារដែលត្រូវជា៣០ភាគរយនៃផលទុនសរុបក្នុងស្រុក។ នេះបើតាមការបញ្ជាក់របស់ IMF។
ថវិកាឆ្នាំ២០១៨របស់កម្ពុជានៅតែបង្កើនលើការចំណាយលើប្រាក់ខែមន្ត្រីរាជការនិងទំនើបកម្មអគាររដ្ឋ។
លោក Turunen បានបន្ថែមថា៖ «ឱនភាពទូទៅរបស់រដ្ឋាភិបាលត្រូវបានប៉ាន់ប្រមាណថាបានរីកធំឡើងរហូតដល់២,៦ភាគរយនៃផលទុនសរុបក្នុងឆ្នាំ២០១៧ ដោយសារតែកំណើននៃប្រាក់ចំណូលមិនអាចទប់ទល់បាននឹងការចំណាយដ៏ខ្ពស់»។
មូលនិធិរូបិយវត្ថុអន្តរជាតិបានស្នើឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយដែលផ្តោតលើការគ្រប់គ្រងហានិភ័យម៉ាក្រូហិរញ្ញវត្ថុ ការពារស្ថិរភាពសារពើពន្ធ និងធ្វើការកែទម្រង់នានាដើម្បីទ្រទ្រង់ការរីកលូតលាស់ជាដើម៕