មន្ត្រីជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានថ្លែងថា ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជានឹងអាចនៅថេរ ហើយទាមទារឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យមួយចំនួនទាក់ទិននឹងហិរញ្ញវត្ថុនិងកម្ចី។
កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៥នឹងនៅថេរត្រឹម៧%ដូចឆ្នាំ២០១៤ ក៏ប៉ុន្តែវិស័យវាយនភណ្ឌនិងការនាំចេញក្នុងវិស័យនេះអាចមានការយឺតយាវដោយសារតែបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសអឺរ៉ុប និងតម្លៃប្រាក់ដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់មន្ត្រីជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយអំពីដំណើរទស្សនកិច្ចរបស់ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិនៅក្នុងប្រទេសកម្ពុជារយៈពេល១២ថ្ងៃ ដែលបញ្ចប់នាថ្ងៃសុក្រនេះ កញ្ញាសូណាលី ជិនចាន់ត្រា (Sonali Jain-Chandra) ដែលដឹកនាំក្រុមការងារនេះបានឲ្យដឹងថា យោងតាមការវាយតម្លៃការវិវឌ្ឍ នៃម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្រុមអ្នកជំនាញរំពឹងថា ការលូតលាស់សេដ្ឋកិច្ចកម្ពុជានឹងអាចនៅថេរត្រឹមកម្រិត៧%។ កញ្ញា Sonali Jain-Chandra ក៏បានឲ្យដឹងផងដែរថា ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចនេះកើតមានឡើងគឺដោយសារតែវិស័យសំណង់អចលនទ្រព្យ ការនាំចេញនៃវិស័យកាត់ដេរ និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈនាដើមឆ្នាំនេះផងដែរ។
បើទោះជាយ៉ាងនេះក៏ដោយ ក៏អត្រាអតិផរណាក៏នឹងអាចកើនឡើង២,៦% នាចុងឆ្នាំ២០១៥ ហើយវាក៏អាចមានបញ្ហាហានិភ័យមួយចំនួនផងដែរ ក្នុងផ្នែកហិរញ្ញវត្ថុ។
«ទស្សនវិស័យ និងសភាពការណ៍ម៉ាក្រូសេដ្ឋកិច្ចជារួមគឺមានអំណោយទាន ប៉ុន្តែក៏មានហានិភ័យផ្នែកហិរញ្ញវត្ថុមួយចំនួនផងដែរ។ ការអូសបន្លាយនៃការធ្លាក់ចុះនៃកំណើននៅអឺរ៉ុប ឬក៏ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនឹងអាចធ្វើឲ្យមានការថយចុះនៃការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ។
ការលូតលាស់សេដ្ឋកិច្ចខ្សោយជាងការគ្រោងទុកនៅក្នុងប្រទេសចិនក៏នឹងធ្វើឲ្យជះឥទ្ធិពលដល់លំហូរនៃការវិនិយោគទុនផ្ទាល់ពីបរទេស ធនាគារ និងលំហូរនៃទេសចរណ៍ផងដែរ»។
កញ្ញាសូណាលីជិនចាន់ត្រា (Sonali Jain-Chandra) បានបន្តផងដែរថា កត្តាក្នុងស្រុក ដូចជាការកើនឡើងនៃការខ្ចីបុល ជាពិសេសសម្រាប់អចលនទ្រព្យ និងសំណង់ ក៏អាចធ្វើឲ្យមានការរង្គោះរង្គើដល់ស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ហើយរដ្ឋាភិបាលគួរតែពង្រឹងការរីកដុះដាលនៃម៉ាក្រូសេដ្ឋកិច្ចនេះ និងព្យាយាមជំរុញឲ្យមានការអភិវឌ្ឍនៅក្នុងវិស័យផ្សេងៗ។
លើសពីទៀត អ្នកជំនាញរូបនេះក៏បានឲ្យយោបល់ថា កម្ពុជាក៏គួរតែរក្សាលំនឹងអត្រាប្តូរប្រាក់រូបបីយ៍បណ្ណអន្តរជាតិ និងកំណត់ការខ្ចីបុលពីអន្តរជាតិផងដែរ។
លោក ចាន់ សុផល អ្នកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានទទួលស្គាល់ថា កត្តាប៉ះពាល់ពីខាងក្រៅគឺវាពិបាកក្នុងការគ្រប់គ្រង ក៏ប៉ុន្តែរដ្ឋាភិបាលគួរតែជំរុញការផលិតក្នុងស្រុក និងបង្កើនផលិតផលកសិកម្មដើម្បីបន្តកំណើនសេដ្ឋកិច្ចជាតិ។ លោកចាន់ សុផលបានគូសបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងមានការកើនឡើងហួសកម្រិត គួរឲ្យយកចិត្តទុកដាក់ផងដែរ។
«រដ្ឋាភិបាលគួរធ្វើម៉េចចំពោះវិស័យសំណង់និងហានិភ័យ។ វាជាការណ៍មួយពិបាកដែរ ពីព្រោះយើងឃើញថា មានការកើនឡើងនៃវិស័យសំណង់និងថ្លៃអចលនទ្រព្យខ្ពស់ ដែលភាសាអង់គ្លេសគេហៅថា ពរពុះហ្នឹងគឺវាឡើងថ្លៃខ្ពស់ហួសកម្រិត ហើយវាអាចធ្លាក់ចុះមកវិញ ដូចកាលឆ្នាំ២០០៨។
ស្រដៀងគ្នានេះដែរ ធនាគារពិភពលោកក៏បានបញ្ជាក់កាលពីដើមខែមេសាកន្លងទៅថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនាឆ្នាំ២០១៥គឺអាចកើនត្រឹម៦,៩%ផងដែរ។
ដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺដើម្បីវាយតម្លៃការលូតលាស់នៃម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសដ៏ក្រីក្រនេះ ក្នុងនោះក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់អង្គការនេះក៏បានធ្វើការណាត់ជួបជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា អ្នកសេដ្ឋកិច្ច អ្នកជំនួញ និងដៃគូអភិវឌ្ឍន៍ផងដែរ៕