មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​កាត់​បន្ថយ​ទស្សនៈ​វិស័យ​លើ​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក

នេះ​ជា​និមិត្តសញ្ញា​របស់​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦។

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​កាត់​បន្ថយ​ទស្សនៈ​វិស័យ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក ខណៈ​មាន​ភាព​មិនប្រាកដប្រជា​មួយ​ចំនួន​អំពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី Donald Trump។

ការ​ព្យាករណ៍​របស់ IMF បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​មួយ​នេះ​នឹង​កើនឡើង​អត្រា​ប្រចាំ​ឆ្នាំ​ ២,១ ភាគរយ​ក្នុង​ឆ្នាំ​នេះ។ កំណើន​នេះ​គឺ​ប្រសើរ​ជាង​ឆ្នាំ​មុន ប៉ុន្តែ​តិច​ជាង​កម្រិត​ដែល​ IMF បាន​ព្យាករណ៍​កាល​ពី​មុន ហើយ​ក៏​តិចជាង​អត្រា​កំណើន​៣ភាគរយ ដែល​បាន​សន្យា​ដោយ​លោក Trump ក្នុង​អំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​ដើម្បី​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ផង​ដែរ។

IMF បាន​ឲ្យ​ដឹង​ថា ទស្សនវិស័យ​របស់​ខ្លួន​កាល​ពី​មុន​សម្រាប់​កំណើន​សេដ្ឋកិច្ច​គឺ​ផ្អែក​ទៅ​លើ​ការ​សន្យា​របស់​លោក Trump ក្នុង​ការ​កាត់​បន្ថយ​ពន្ធ​និង​បទបញ្ញត្តិ​និង​បង្កើន​ការ​ចំណាយ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជួយ​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច។ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ផ្តល់​ប្រាក់កម្ចី​ឥឡូវ​នេះ​និយាយ​ថា ពួកគេ​អាច​សិក្សា​ព័ត៌មាន​លម្អិត​តិច​តួច​ពេកទៅ​លើ​គោលនយោបាយ​ទាំង​នេះ តាមរយៈ​ការ​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​អាមេរិក។ ​

ការ​វាយតម្លៃ​របស់ IMF បង្ហាញ​ថា សេដ្ឋកិច្ច​អាមេរិក​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​សម្រប​ទៅ​នឹង​កំណើន​ផលិតកម្ម​ទាប ការ​ប្រែប្រួល​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ពលកម្ម និង​ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់។ ការ​ប្រែប្រួល​សេដ្ឋកិច្ច​នេះ​មាន​ន័យ​ថា ក្រុមគ្រួសារ​អាមេរិក​ពាក់កណ្តាល​មាន​ប្រាក់​ចំណូល​ទាប​ជាង​កាល​ពី​ឆ្នាំ​២០០០ ហើយ​សេដ្ឋកិច្ច​មិន​អាច​ធ្វើ​ឲ្យ​មាន​កំណើន​ប្រាក់​ចំណូល​ទូលំទូលាយ​នោះ​ទេ៕