ការសិក្សារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ដែលជាស្ថាប័នពលកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា កម្មកររោងចក្រកម្ពុជាភាគច្រើនមិនទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ទេ ហើយជាលទ្ធផលកម្មករជាច្រើនមានជំងឺស្លេកស្លាំង និងខ្វះទម្ងន់។ ឥឡូវនេះ គម្រោងសាកល្បងមួយនឹងផ្តល់អាហារបំប៉នមួយពេលដល់កម្មកររបស់រោងចក្រចំនួន៥កន្លែងដោយមិនយកប្រាក់កម្រៃរហូតដល់ឆ្នាំក្រោយ ហើយកំណត់ស្ថានភាពសុខភាព និងផលិតភាពការងាររបស់កម្មកររោងចក្រទាំងនេះ។ គំនិតនេះគឺដើម្បីបញ្ចុះបញ្ចូលរោងចក្រនានា និងរដ្ឋាភិបាលកម្ពុជាឲ្យជឿលើប្រយោជន៍សេដ្ឋកិច្ចទទួលបានពីការផ្តល់អាហារបំប៉នដល់កម្មករដោយមិនយកប្រាក់កម្រៃ។
ម៉ោង១១ថ្ងៃត្រង់ នៅភ្នំពេញ កម្មករនាំគ្នាទិញម្ហូបអាហារពីអ្នកលក់តាមដងផ្លូវនៅខាងក្រៅរោងចក្រកាត់ដេរ Gladpeer។
ផុន ចាន់នី អាយុ២១ឆ្នាំគឺជាកម្មកររោងចក្រម្នាក់។
នាងរកបានប្រាក់១៣០ដុល្លារក្នុងមួយខែ ដោយធ្វើការ១៤ម៉ោងក្នុងមួយថ្ងៃ។ នាងចំណាយ២០ដុល្លារសម្រាប់ថ្លៃផ្ទះជួល និងថ្លៃភ្លើង ហើយ៥០ដុល្លារសម្រាប់ជួយឪពុកម្តាយ និងបងប្អូននៅភូមិ។ ប្រាក់នៅសល់មិនច្រើនទេ។ ចាន់នីត្រូវសន្សំសំចៃលើថ្លៃម្ហូប។
ចាន់នី និយាយថា៖
«ខ្ញុំក្តៅខ្លួន និងឈឺក្បាលញឹកញាប់។ ទីមួយដោយសារខ្ញុំហូបមិនគ្រប់គ្រាន់ និងទីពីរខ្ញុំធ្វើការច្រើនម៉ោង ហើយដេកមិនគ្រប់គ្រាន់»។
វិស័យរោងចក្រកាត់ដេរកម្ពុជាទទួលបានចំណូល៥,៤ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ រោងចក្រប្រមាណ៦០០កន្លែងបានផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនដូចជា Levi-Strauss, H&M, និង Walmart។ ប៉ុន្តែកម្មករប្រមាណ៦០ម៉ឺននាក់ ជាពិសេសស្រ្តីកម្ពុជាវ័យក្មេងដូចជា ចាន់នី តស៊ូរស់នៅពឹងលើប្រាក់ខែ១០០ដុល្លារក្នុងមួយខែ។
ការស្រាវជ្រាវរបស់ ILOអំពីស្ថានភាពកម្មករជិត៤ពាន់នាក់រកឃើញថា៤៣ភាគរយនៃកម្មករមានជំងឺស្លេកស្លាំង ហើយ១៥ភាគរយទៀតខ្វះទម្ងន់។
ថ្វីបើកម្មកររោងចក្រកម្ពុជាទទួលបានប្រាក់ខែរាល់ខែក៏ដោយ ក៏ស្ថានភាពសុខភាពរបស់គេមិនខុសពីប្រជាពលរដ្ឋផ្សេងៗទៀតនៅតាមតំបន់ក្រីក្រដាច់ស្រយាល។
អ្នកស្រី Jill Tucker នៃអង្គការពលកម្មអន្តរជាតិ ILO និយាយថា៖
«យើងភ្ញាក់ផ្អើលដែលឃើញកម្មករចំណាយតិចតួចបំផុតលើម្ហូបអាហារ។ កម្មករនិយាយថាជាមធ្យមគេចំណាយ៩ដុល្លារក្នុងមួយសប្តាហ៍ ឬ៣៦ដុល្លារក្នុងមួយខែ ប៉ុន្តែកម្មកររកចំណូលបានច្រើនជាងនេះ។ កម្មករផ្ញើប្រាក់ច្រើនឲ្យគ្រួសារ និងចំណាយផ្សេងៗ។ កម្មករគឺកំពុងតែបង្អត់អាហារខ្លួនឯងដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ»។
សម្រាប់ឆ្នាំក្រោយនេះ កម្មករនៅរោងចក្រចំនួន៥នឹងទទួលបានអាហារបំប៉នមួយពេល ហើយរោងចក្រចំនួន៥ទៀតមិនទទួលបានអាហារទេ។ ILO នឹងកំណត់លទ្ធផលនៃសុខភាព និងផលិតភាពរបស់កម្មករ។
លោក Dave Welsh ដឹកនាំមជ្ឈមណ្ឌលសាមគ្គីភាព ដែលជាក្រុមពាក់ព័ន្ធនឹងចលនាកម្មករសហរដ្ឋអាមេរិក។ លោក Welsh និយាយថា ឥទ្ធិពលនៃគម្រោងអាហារបំប៉ន និងការចរចាបន្តបន្ទាប់ដើម្បីបង្កើនប្រាក់ខែ មានន័យថា កម្ពុជាមានឱកាសទទួលបានកត្តិយសធ្វើជាឧស្សាហកម្មដ៏គំរូមួយ។
លោក Welsh និយាយថា៖
«វាមិនត្រឹមតែដើម្បីបង្កើនប្រាក់ខែប៉ុណ្ណោះទេ តែថែមទាំងដើម្បីសម្លឹងមើល ថាតើត្រូវផ្តល់ប្រាក់ឧបត្ថម្ភលើការចំណាយអ្វីខ្លះ ហើយសព្វថ្ងៃនេះការចំណាយមួយភាគធំគឺលើថ្លៃផ្ទះ និងថ្លៃម្ហូបដែលផ្តល់ឲ្យកម្មករ។ បើអ្នកមិនគិតពីទិដ្ឋភាពអាហារបំប៉ន កម្មករអាចមានប្រាក់សន្សំរហូតដល់៥០%នៃចំណូលរបស់គេ»។
សកម្មជនកម្មករនិយាយថាការទទួលបានអាហារបំប៉នមិនយកប្រាក់កម្រៃ និងប្រាក់ខែខ្ពស់ល្មមដែលមិនចំណាយច្រើនលើថ្លៃផ្ទះជួល និងថ្លៃម្ហូបអាចនឹងធ្វើឲ្យជីវភាពរបស់កម្មកររោងចក្រកម្ពុជាមានភាពប្រសើរឡើងខ្លាំង៕
ប្រែសម្រួលដោយទែន សុខស្រីនិត