ប៉ូលិសក្នុងរដ្ឋ Tennessee កំពុងតាមចាប់ខ្លួនបុរសម្នាក់មកពីរដ្ឋ Illinois ដែលប៉ូលិសនិយាយបានបើកការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងវែងមួយដើម នៅឯភោជនីយដ្ឋាន Waffle House និងបានសម្លាប់មនុស្សអស់ចំនួន៤នាក់។
ជនសង្ស័យឈ្មោះ Travis Reinking អាយុ២៩ រស់នៅក្នុងក្រុង Morton រដ្ឋ Illinois ត្រូវបានចោទប្រកាន់ថា បានពាក់អាវក្រៅពណ៌បៃតងមួយនិងឥតស្លៀកខោ ហើយបានបើកការបាញ់ប្រហារនៅវេលាម៉ោងប្រមាណ ៣:៣០នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងភោជនីយដ្ឋាន Waffle House ក្បែរទីក្រុង Nashville។
ជនសង្ស័យ Reinking បានផ្លាស់ទៅរស់នៅក្នុងរដ្ឋ Tennessee កាលពីចុងកណ្តាលឆ្នាំមុន និងត្រូវបានចាប់ខ្លួនកាលពីខែ កក្កដា ឆ្នាំ ២០១៧ ដោយសារតែរូបគេបានចូលទៅកាន់តំបន់ហាមឃាត់ក្បែរសេតវិមាន។ នេះបើយោងតាមសម្តីរបស់មន្ត្រីនៃកងកម្លាំងការពារប្រធានាធិបតីម្នាក់ដែលបាននិយាយកាលពីថ្ងៃអាទិត្យ។ ជន Reinking នេះត្រូវបានស្នើឲ្យចាកចេញ ប៉ុន្តែមិនព្រមចាកចេញ ហើយនៅតែចង់ជួបជាមួយនឹងលោកប្រធានាធិបតី។ ក្រោយមករូបគេត្រូវបានចាប់ខ្លួនពីបទចូលក្នុងតំបន់ហាមឃាត់ដោយខុសច្បាប់។
នៅក្នុងរដ្ឋ Tennessee ជន Reinking នេះធ្វើការជាកម្មករសំណង់ ហើយត្រូវបានគេបណ្តេញចេញពីការងារកាលពីបីសប្តាហ៍មុន។ ក្រោយមកត្រូវបាននិយោជកម្នាក់ផ្សេងទៀតជួល ប៉ុន្តែនិយោជករូបនោះនិយាយថា ជនសង្ស័យរូបនេះបានទៅធ្វើការថ្ងៃចុងក្រោយបង្អស់កាលពីថ្ងៃចន្ទ។
កាំភ្លើងពីរដើមក្នុងចំណោមបួនដើមរបស់ Reinking បានបាត់។ នេះបើយោងតាមសម្តីរបស់ប៉ូលិសកាលពីរសៀលថ្ងៃអាទិត្យ។ កាំភ្លើងមួយជាកាំភ្លើងវែងសម្រាប់បាញ់សត្វនិងកាំភ្លើងមួយទៀតជាកាំភ្លើងខ្លី។ ក្រោយពីត្រូវបានចាប់ខ្លួននៅសេតវិមាន ប៉ូលិសបានរឹបអូសយកអាវុធរបស់ជនសង្ស័យ ប៉ុន្តែក្រោយមកបានប្រគល់ឲ្យទៅឪពុករបស់គេវិញ។ ឪពុករបស់ជនសង្ស័យបានប្រាប់ប៉ូលិសថា ខ្លួនបានប្រគល់កាំភ្លើងនោះទៅឲ្យកូនប្រុសរបស់ខ្លួនវិញហើយ។
ក្រោយពេលបាញ់ប្រហាររួចហើយ Reinking បានដោះអាវរបស់ខ្លួនចេញ ហើយឥតលែងខ្លួនទទេរ នៅពេលដែលគេដើរទៅកាន់ apartment ដែលនៅក្បែរនោះ ហើយដែលប៉ូលិសជឿថារូបគេស្នាក់នៅទីនោះ៕