ជនភៀសខ្លួនម៉ាលីម្នាក់ដែលរស់នៅក្នុងប្រទេសបារាំងដោយខុសច្បាប់កំពុងតែត្រូវបានគេហៅថាជា «បុរសពីងពាង» ឬ Spider-man និងត្រូវបានចាត់ទុកថាជាវីរបុរសបន្ទាប់ពីតោងឡើងអាគារ apartment មួយក្នុងទីក្រុង ប៉ារីស ដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ដែលកំពុងតោងយ៉មុខផ្ទះនៅជាន់ទីបួន។
បុរសម្នាក់នោះគឺលោក Mamoudou Gassama វ័យ២២ឆ្នាំ។ លោកបាននិយាយថា លោកបានឃើញក្មេងនោះកំពុងប្រឈមនឹងគ្រោះថ្នាក់នៅក្នុងតំបន់មួយដែលលោកបានទៅកាលពីថ្ងៃសៅរ៍ ដើម្បីមើលការប្រកួតកីឡាបាល់ទាត់ តាមកញ្ចក់ទូរទស្សន៍ក្នុងភោជនីយដ្ឋានមួយ។
លោកបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា «ខ្ញុំចូលចិត្តក្មេងៗ។ ខ្ញុំមិនចង់ឃើញក្មេងនោះគ្រោះថ្នាក់នៅចំពោះមុខខ្ញុំនោះទេ។ ខ្ញុំបានរត់ទៅនិងរកវិធីជួយជីវិតគាត់។ សូមអរគុណដល់ព្រះជាម្ចាស់ដែលខ្ញុំបានតោងឡើងទៅលើអាគារនោះដើម្បីជួយគាត់»។
វីដេអូបានបង្ហាញថា លោក Gassama ប្រើដៃទទេតោងឡើងពីយ៉មុខផ្ទះមួយទៅយ៉មួយទៀត។
បុរសម្នាក់នៅជាន់ទីបួនបានព្យាយាមជួយដល់ក្មេងម្នាក់នោះពីយ៉ជាប់នោះដែរ ប៉ុន្តែមិនអាចជួយបាន។
លោក Gassama បានឡើងដល់យ៉មុខផ្ទះនិងបានជួយសង្គ្រោះដល់ក្មេងប្រុសម្នាក់នោះដោយប្រើដៃម្ខាង។
ទម្រាំតែក្រុមការងារពន្លត់អគ្គីភ័យមកដល់ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់នោះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពរួចទៅហើយ។
លោកប្រធានាធិបតីបារាំង Emmanuel Macron បានថ្លែងអំណរគុណដល់ជនភៀសខ្លួនម្នាក់នោះកាលពីថ្ងៃចន្ទ នៅឯវាំង អេលីហ្សេរ។ លោក Macron ពណ៌នាលោក Gassama ថាជាគំរូដ៏ល្អមួយ។ លោក Macron បានផ្តល់មេដាយក្លាហាននិងសញ្ជាតិបារាំងដល់លោក Gassama ជាមួយនឹងការងារជាមន្ត្រីពន្លត់អគ្គីភ័យនៅក្រសួងពន្លត់អគ្គីភ័យទៀតផង។ លោក Gassama បានថ្លែងទៅកាន់លោកប្រធានាធិបតីថា «ព្រះជាម្ចាស់ជួយខ្ញុំ» ក្នុងការជួយសង្គ្រោះនោះ។ លោក Gassama ថ្លែងថា «នៅពេលដែលខ្ញុំកាន់តែឡើងខ្ពស់ ខ្ញុំកាន់តែមានទឹកចិត្តក្លាហានក្នុងការឡើងកាន់តែខ្ពស់ទៀត»។
លោក Macron បានគាំទ្រដល់ច្បាប់មួយក្នុងការពង្រឹងច្បាប់អន្តោប្រវេសន៍របស់បារាំង។ លោកបានមានប្រសាសន៍ថា មិនមានភាពខុសគ្នារវាងការផ្តល់រង្វាន់ដល់លោក Gassama ចំពោះភាពអង់អាចក្លាហានរបស់លោកនិងការកាន់ជំហររឹងមាំលើអន្តោប្រវេសន៍នោះទេ។
លោក Gassama ក៏ទទួលបានការកោតសរសើរពីអភិបាលក្រុង ប៉ារីស លោកស្រី Anne Hidalgo ផងដែរ។ លោកស្រីបានបង្ហោះសារលើបណ្តាញសង្គម Twitter ថា លោកស្រីបានទូរស័ព្ទទៅអរគុណលោករួចហើយចំពោះសកម្មភាពដ៏ក្លាហានរបស់លោក។
សេចក្តីរាយការណ៍ព័ត៌មាននានាបានឲ្យដឹងថា ឪពុកម្តាយរបស់ក្មេងប្រុសម្នាក់នោះមិននៅផ្ទះនោះទេ នៅពេលដែលហេតុការណ៍នោះបានកើតឡើង។ ម្តាយរបស់ក្មេងនោះធ្វើដំណើរទៅក្រុងផ្សេង ហើយឪពុករបស់ក្មេងនោះត្រូវបានគេរាយការណ៍ថា ចេញទៅទិញឥវ៉ាន់នៅផ្សារ។ ឪពុករបស់ក្មេងនោះត្រូវបានចាប់ខ្លួនចំពោះការទុកឲ្យកូនប្រុសរបស់ខ្លួននៅផ្ទះម្នាក់ឯងដោយគ្មាននរណាម្នាក់នៅជាមួយ៕