ការ​សិក្សា​ថ្មី​មួយ៖ ​ការ​នេសាទ​ខុស​ច្បាប់​និង​ការ​ជួញ​ដូរ​​សត្វ​ព្រៃ​បន្ត​កើត​មាន​ក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​ក្រចេះ​​​​

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ធ្វើ​បទ​បង្ហាញ​នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២៣ អំពីប្រភេទត្រីកម្រក្នុងទន្លេមេគង្គ ដែលត្រូវបានពលរដ្ឋយកមកលក់លើទីផ្សារ។ (លាស់ លីបលីប/វីអូអេ)

ការ​នេសាទ​ខុស​ច្បាប់​ ជាពិសេស​ប្រភេទ​ត្រី​កម្រ​និង​ការ​ជួញ​ដូរសត្វ​ព្រៃនៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង​ខេត្តក្រចេះ ដែល​ជាប់​ទន្លេ​មេគង្គ​ ​នៅ​តែ​បន្ត​កើត​មាន ដោយ​គេ​ឃើញ​មាន​ការ​ដាក់​លក់​លើ​ទីផ្សារ ​និង​តាម​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត។​

នេះ​បើ​តាម​ការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយស្តី​អំពី​ការ​ចូលរួម​របស់​សហគមន៍​និង​យុវជន​ដើម្បី​ការពារ​ និង​អភិរក្ស​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ​ដោយ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

របាយ​ការណ៍​នៃការ​សិក្សា​នោះ​បាន​បង្ហាញ​ថា ​ធនធាន​ធម្ម​ជាតិ​ និង​ជីវៈ​ចម្រុះ​នៅ​តំបន់​នៃ​ដង​ទន្លេ មេគង្គ​ផ្នែក​ខាង​លើ​នេះមាន​សក្ដានុពល​ខ្ពស់ ​ប៉ុន្តែ​បែរ​ជា​ប្រឈម​នឹង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សកម្មភាព​ខុស​ច្បាប់។ ពួក​គេ​រក​ឃើញ​ថា ​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង​ខេត្តក្រចេះនៅ​តែ​មាន​លក់​សត្វ​ត្រី​បបែល​ទម្ងង់​ជាង១០គីឡូ​ក្រាម មាន​លក់​សាច់​ឈ្លូស​ សាច់​ជ្រូក​ព្រៃ​ និង​សាច់​ប្រើស​ ត្រី​ក្របី​ ឬ​ហៅ​ថា​ត្រី​ក្រពើ​ដែល​មាន​ទម្ងន់​ជាង៣​គីឡូក្រាម​ ត្រី​ឆ្កោក​ចំនួន​២​ក្បាល​ដែល​មួយ​ក្បាលៗ​មាន​ទម្ងន់​ជាង​៥​គីឡូ​ក្រាម ​ត្រី​ចិន​មាន​ទម្ងន់​ប្រមាណ​ជាង​៤​គីឡូ​ក្រាម ​ត្រីក្អែក​ទម្ងង់​ជិត​៣​គីឡូក្រាមជា​ដើម។​ ​

អ្នកសិក្សា​ស្រាវ​ជ្រាវ​នៃ​របាយ​ការណ៍​នេះ​គឺលោក ហេង គឹមហុង ​ដែល​ជា​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) បានធ្វើ​បទ​បង្ហាញរបាយ​ការណ៍​នេះ​នៅ​ក្នុង​ផ្ទះ​សាមគ្គី ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លទ្ធ​ផល​នៃ​ការ​ស្រាវជ្រាវ​នេះ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បញ្ហា​នេសាទ​ខុស​ច្បាប់​ និង​ការ​បរ​បាញ់​សត្វ​ព្រៃ​យក​មក​លក់​លើទីផ្សារ ​និង​នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន​នេះ​គឺ​ជា​ក្តី​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ទាក់​ទង​ទៅ​នឹង​ការ​បាត់​បង់​ធនធាន​ធម្ម​ជាតិ​ចម្រុះ​ មច្ឆា​ជាតិ ​ត្រី​កម្រ​ និង​សត្វ​ព្រៃ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​មាន​ជីវៈ​ចម្រុះ​ច្រើន​ប្រភេទ​ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ព្រួយ​បារម្ភ ​តាម​រយៈ​បទ​ល្មើស​នេសាទ ​និង​ការ​នេសាទ​ដោយ​ខុសច្បាប់​នៅ​រដូវ​បិទ​នេសាទ​ជា​ដើម។ ​យើង​ឃើញ​ថា​ នេះ​ជា​រឿង​មួយ​ព្រួយ​បារម្ភ ​ខណៈ​ពេល​ដែល​ ដូច​ជាក់​ស្តែង​កន្លង​មក​នេះ ​ផ្សោត​ដាច់​ពូជ​នៅ​អន្លង់​ឈើ​ទាល​ ការ​ថយ​ចុះ​ចំនួន​សត្វ​ផ្សោត​ ការ​រក​ឃើញ​សត្វ​បបែល ​និង​សត្វ​ហាម​ឃាត់​មួយ​ចំនួន​ត្រូវ​បាន​បន្ត​នេសាទ ​ដោយ​ក្រុម​អ្នក​នេសាទ»។

​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល៧​ខែ​ ​ចាប់​ពីខែ​សីហា ​ឆ្នាំ​២០២២​ដល់​ខែ​មីនា​ ឆ្នាំ២០២៣ ​ដោយបាន​សម្ភាសប្រជា​ពល​រដ្ឋ​ចំនួន១០០នាក់​ តាម​រយៈការ​សិក្សា​បែប​វិទ្យា​សាស្ត្រ​សង្គម ​ដោយ​ផ្តោត​លើ​ទំនាក់​ទំនង​រវាង​មនុស្ស​រស់​នៅ​ជុំវិញ​ទន្លេ​មេគង្គ​ និង​ទន្លេ​មេគង្គ​នេះ។​

នៅ​ឆ្នាំ២០១៨ ​សត្វ​ផ្សោត​ទឹក​សាប ​ដែល​រក​ឃើញ​ដោយ​អង្គការ ​WWF ​មាន​ចំនួន​៩២​ក្បាល ​ប៉ុន្តែ​ថយ​មក​នៅ​ត្រឹម​តែ៨៩​ក្បាល​នៅ​ឆ្នាំ២០២២ ​ហើយ​ពូជ​ផ្សោត​នៅ​អន្លង់​ឈើ​ទាលគឺបាន​ដាច់​ពូជ ​ដែល​នេះ​បង្ហាញ​ពីគ្រោះ​ថ្នាក់​នៃ​ការ​អភិរក្ស​សត្វ​ផ្សោត។ ​ហើយ​ទន្លេ​មេគង្គ​ក៏ប្រឈម​នឹង​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ។​ ​នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នោះ។​

​លោកហេង គឹមហុង​បញ្ជាក់​ថា​ កត្តា​ដែ​ល​បន្តឱ្យមាន​ការ​នេសាទ​ដោយ​ខុស​ច្បាប់​ ជា​ពិសេស​ប្រភេទ​ត្រី​កម្រ និង​ការ​ជួញ​ដូរសត្វ​ព្រៃ គឺ​ដោយ​សារ​ប្រជា​ពលរដ្ឋមួយ​ចំនួន​មិន​ទាន់​មាន​ការ​យល់​ដឹង​នៅ​ឡើយ។​ បន្ថែម​លើ​នេះ ​លោក​ថា ពល​រដ្ឋ​ក្នុង​តំបន់បាន​បោះ​បង់ការ​សិក្សា​ច្រើន ​ចំណែក​ប្រជា​សហគមន៍​នេសាទ​មិន​ទាន់​ទទួល​បាន​ការគាំទ្រ​ផ្នែកហិរញ្ញ​វត្ថុ​ និង​សម្ភារៈ​គ្រប់​គ្រាន់តាម​រយៈឃុំ​ សង្កាត់ ​ឬ​រដ្ឋាភិបាលដើម្បី​ឆ្លើយ​តប​ការ​ការពារនិង​បង្ក្រាប​បទ​ល្មើស ​ព្រោះ​បច្ចុប្បន្ន ​ប្រជា​សហគមន៍​តែង​តែ​ប្រើប្រាស់​ធន​ធាន​ផ្ទាល់ខ្លួន ​ដូច​ជា​ទូក​នេសាទ​តូចៗ​របស់​ពួក​គេ​ដើម្បីការ​បង្ក្រាប​ដែល​មិនទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់ស្កាត់​ការបង្ក្រាប​បទ​ល្មើស​នៅ​ឡើយ និង​អាចងាយ​រង​គ្រោះ​ថ្នាក់ ​និង​ហានិភ័យ​ផ្សេងៗ​ថែម​ទៀត​ផង។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​គឺ​កញ្ញា​អ៊ឹម រចនា​ បាន​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​បើ​តាម​ក្រសួង​កសិកម្ម ​និង​ក្រសួង​បរិស្ថាន គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ​របស់​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរ​ជាតិ​(USAID) ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០២៣ ​បាន​លែង​ពូជ​ត្រី​រាជ​ ត្រី​គល់​រាំង ​និង​ត្រីប្រា​ទន្លេ​ចូលក្នុង​ទន្លេ​ចតុមុខ​ដើម្បី​អភិរក្ស​ត្រី​កម្រ​ទាំង​នោះ។ ការ​នេសាទ​ហួស​ប្រមាណ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​និង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេ​គង្គ​បាន​ធ្វើ​ឱ្យ​ចំនួន​ពូជ​ត្រី​មាន​ការ​ថយ​ចុះ។​

​ដោយ​ឡែក​ ទាក់​ទង​សត្វ​ផ្សោត ​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០២៣ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ ​ដែល​ជា​វិធាន​ការ​ថ្មី​មួយ​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់​តិច​តួច ​និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ ដែល​មាន​វិសាល​ភាព​អនុវត្ត​លើ​តំបន់​គ្រប់គ្រង​ផ្សោត​ទន្លេ​មេគង្គ ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង​ខេត្ត​ក្រចេះ​ ដែល​ស្ថិត​នៅ​ក្រោម​សមត្ថ​កិច្ច​របស់​ក្រសួង​កសិកម្ម។

​ចំណែករដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោកនេត្រ ភក្ត្រាថ្លែង​ថា​ ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំវិញតំបន់​ព្រៃ​ឈើ​មួយ​ចំនួនបាន​ផ្លាស់​ប្តូរ​ឥរិយាបទ​ជា​វិជ្ជមាន ​ដោយ​ពួក​គេ​ងាក​មក​ស្រឡាញ់ ​ការ​ពារ​ និង​អភិរក្ស​សត្វ​ព្រៃ​នេះ។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​នៅ​ឡើយ ​ហេតុ​ដូច្នេះ ​ក្រសួង​បរិស្ថាន​នឹង​អនុវត្តយុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​២ ​ដើម្បី​អប់រំ​ផ្សព្វ​ផ្សាយ​ឱ្យពល​រដ្ឋ​ទាំង​នោះ​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​ និង​បន្ត​ចូល​រួម​កុំ​បរ​បាញ់សត្វ ​កុំ​ដាក់​អន្ទាក់ ​និង​ជំរុញ​កុំ​ឱ្យ​បរិភោគ​សាច់​សត្វ​ព្រៃ​ជាដើម។​

លោកនេត្រ ភក្ត្រា​ថ្លែង​បន្ថែម​ថា ​ក្រសួង​បរិស្ថាន​បាន​អនុវត្ត​វិធាន​ការ​ពីរ​គឺ​ទី​១​ ​ការ​អនុវត្ត​ច្បាប់​និង​ការអប់រំ​ផ្សព្វ​ផ្សាយ ​និងទី​២​ ការបង្កើត​សេដ្ឋ​កិច្ច​នៅមូលដ្ឋាន ​ដោយ​ផ្តល់​នូវ​ជម្រើស​ថ្មីដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំវិញ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ ក្រៅពី​ការ​ពឹង​អាស្រ័យ​លើ​ធន​ធាន​ធម្មជាតិ​នេះ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​សូម​បញ្ជាក់​ថា ​អ្វី​ដែល​យើង​បាន​សិក្សា​ពីដើម​ត​រៀង​មក ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ជា​ការ​សង្កេត​រួម​ផង​ដែរគឺ​បទ​ល្មើស​ការ​ជួញដូរ​សត្វ​ព្រៃ ​ការ​ដាក់​អន្ទាក់​អីហ្នឹង​ជា​បទ​ល្មើស​ប្រពៃណី​របស់​ប្រជា​ពល​រដ្ឋ​ពី​មុន​មក​ ដែល​ពួកគាត់​ពឹង​ទៅលើធន​ធាន​ធម្មជាតិ​ដើម្បី​រស់ ​គឺ​មាន​ន័យ​ថា ​បន្លែ ​បង្ការ ​សាច់​ដែល​គាត់​ស្លរ​គឺ​ពឹង​ទៅ​លើ​ធនធាន​ធម្មជាតិ។ ​អ៊ីចឹង​ហើយ​បាន​អ្វី​ដែល​យើង​ខិត​ខំ​ប្រឹង​ប្រែង​គឺ​ការ​ផ្លាស់​ប្តូរ​ មុខ​របរ​ ការ​ផ្តល់​ជម្រើស​ថ្មី​ ការ​ផ្តល់​មុខងារ ​ហើយ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ សម្រាប់​បង​ប្អូន​ដែល​រស់[​នៅ​តំបន់​នោះ] ដើម្បី​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្ម​ជាតិ»។​

​លោក​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​២០២២ ​ក្រសួង​បរិស្ថានបាន​បង្ក្រាបរួម​លើ​បទ​ល្មើស​ធនធាន​ធម្ម​ជាតិ ដែល​មាន​បទ​ល្មើស​ព្រៃឈើ ​បទ​ល្មើស​សត្វ​ព្រៃ ​និង​បទ​ល្មើស​រុករាន​កាន់កាប់​ដី​ព្រៃ​ខុស​ច្បាប់​ប្រមាណ​៦​ពាន់​ករណី ​និង​បាន​ដក​ហូត​អន្ទាក់ប្រមាណ៤​ម៉ឺន​អន្ទាក់នៅ​ទូទាំង​ប្រទេស​ ចំណែក​រយៈ​ពេល​ពីរ​ឆ្នាំគឺ​ឆ្នាំ​២០២១ ​និង​២០២២ ​មាន​ការ​ដក​ហូត​អន្ទាក់​ចំនួន​ជិត​១០​ម៉ឺន​អន្ទាក់ពី​ក្នុង​តំបន់​ការពារ​ធម្មជាតិ ​និង​កាំភ្លើង​កែច្នៃ​ចំនួន​ជាង១.៤០០ដើម។​

​របាយ​ការណ៍​សិក្សាស្រាវ​ជ្រាវ​មួយ​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​ ដោយលើក​ឡើង​ថា ​រដ្ឋាភិបាល​គួរ​ធ្វើ​អធិការ​កិច្ច​ការ​ពារ​ ហើយ​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម ​និង​ក្រសួង​បរិស្ថានបំពេញ​តួនាទី​និង​ភារៈ​កិច្ច​ក្នុង​កិច្ច​ការ​ពារអភិរក្ស​មច្ឆា​ជាតិ​ ជីវៈ​ចម្រុះ​និង​ព្រៃ​លិចទឹក​នៅ​តាម​តួនៃ​ទន្លេ​មេគង្គ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន៕