ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម IKEA របស់ប្រទេសស៊ុយអែតកាលថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួននឹងបិទហាងទាំងឡាយរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន និងឈប់ទិញទំនិញពីរុស្ស៊ីនិងបេឡារុស ដោយសារការឈា្លនពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ម្ចាស់ក្រុមហ៊ុន Inter IKEA Holding និង Ingka Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «សង្គ្រាមបំផ្លិចបំផ្លាញក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមនុស្សជាតិ ហើយយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបារម្ភយ៉ាងខ្លាំងជាមួយនឹងពលរដ្ឋរាប់លាននាក់ដែលទទួលរងផលប៉ះពាល់»។
ក្រុមហ៊ុនទាំងពីរបាននិយាយទៀតថា «សង្គ្រាមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ និងកំពុងបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់ និងការធ្វើពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះហើយបានជាក្រុមហ៊ុនទាំងពីរ សម្រេចផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុន IKEA ក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន»។
ការសម្រេចនេះ នឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ១៥.០០០នាក់ និងហាងលក់រាយចំនួន១៧កន្លែង ក្នុងប្រទេសរុស្ស៊ីនិងបេឡារុស។
ក្រុមហ៊ុន IKEA បានឲ្យដឹងថា «ក្រុមហ៊ុនមេនឹងធានារក្សាការងារ ប្រាក់ចំណូល និងផ្តល់ការគាំទ្រដល់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងតំបន់»។
ផ្សារទំនើបទាំង១៤របស់ក្រុមហ៊ុន Ingka Group ក្នុងប្រទេសរុស្ស៊ី នឹងបន្តបើកធម្មតា«ដើម្បីធានាថា មនុស្សជាច្រើនក្នុងប្រទេសរុស្ស៊ី អាចទិញទំនិញចាំបាច់ប្រចាំថ្ងៃបាន ជាពិសេស គឺម្ហូបអាហារ គ្រឿងទេស និងថ្នាំពេទ្យ»។ នេះ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុន IKEA បានប្រកាសរួចហើយថា ក្រុមហ៊ុននឹងតំឡើងថ្លៃទំនិញរបស់ខ្លួន ១២% ជាមធ្យមនៅទូទាំងសាកលលោក ដោយសារអតិផរណា និងបញ្ហានៅក្នុងសង្វាក់ផ្គត់ផ្គង់។
ចំណាត់ការរបស់ក្រុមហ៊ុន IKEA នេះធ្វើឡើង ខណៈក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន Boeing Apple Honda និងក្រុមហ៊ុនជាច្រើនផ្សេងទៀតប្រកាសថា ពួកគេនឹងបញ្ឈប់ ឬកាត់បន្ថយប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ដោយសារការឈ្លានពាននេះ»៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា