ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅថា ដើម្បីបញ្ចៀសផលប៉ះពាល់ដ៏មហន្តរាយខ្លាំងបំផុតពីបម្រែបម្រួលអាកាសធាតុ ពិភពលោកអាចដើរលើមាគ៌ាមួយ «ដែលមានការលំបាក ប៉ុន្តែអាចទៅរួច»។
ដំណើរនោះរួមបញ្ចូលការបញ្ឈប់ភ្លាមៗលើការវិនិយោគថ្មីៗក្នុងវិស័យប្រេង ឧស្ម័ន និងការផលិតធ្យូងថ្ម បញ្ឈប់ការលក់រថយន្តដែលប្រើប្រាស់សាំងនៅត្រឹមឆ្នាំ២០៣៥ និងការដំឡើងថាមពលកកើតឡើងវិញឱ្យបានលឿនជាងឆ្នាំមុន ៤ ដង។
លោក Fatih Birol បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កម្រិតនិងល្បឿននៃកិច្ចប្រឹងប្រែងដែលត្រូវការសម្រាប់គោលដៅដ៏សំខាន់និងដ៏លំបាកនេះធ្វើឱ្យកិច្ចប្រឹងប្រែងនេះប្រហែលក្លាយជាបញ្ហាប្រឈមដ៏ខ្លាំងបំផុតមិនដែលធ្លាប់មានពីមុនមកសម្រាប់មនុស្សជាតិ»។
របាយការណ៍នេះថា បើគិតលើរឿងវិជ្ជមានវិញការវិនិយោគដែលមានទឹកប្រាក់ចំនួន ៥ លានលានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ផ្តល់កំណើនយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសាកលលោក ដោយបានបង្កើនការងារបន្ថែមរាប់លាននៅក្នុងវិស័យថាមពលស្អាត ប្រសិទ្ធភាពថាមពល និងការផលិត និងបានផ្តល់កំណើនដល់ផលិតផលក្នុងស្រុកសរុបក្នុងសាកលលោកចំនួន ០,៤% ក្នុងមួយឆ្នាំ។
របាយការណ៍នៃទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំងនេះ ដែលមានចំណងជើងថា «កាបូនសូន្យនៅត្រឹមឆ្នាំ២០៥០៖ ផែនទីបង្ហាញផ្លូវសម្រាប់វិស័យថាមពលសាកលលោក» បានសរសេរថា ការសន្យាចំពោះបញ្ហាអាកាសធាតុដែលប្រទេសនានាបានសន្យាកន្លងមក «បើទោះបីជាត្រូវបានសម្រេចបានពេញលេញក៏ដោយ ក៏អាចនឹងមិនគ្រប់គ្រាន់សម្រាប់អ្វីដែលត្រូវការដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតពាក់ព័ន្ធនឹងថាមពលសាកលលោកស្ថិតនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០» និងដើម្បីកម្រិតកំណើនសីតុណ្ហភាពសាកលលោកមិនឱ្យកើនលើស១,៥ អង្សាសេ ដែលនេះជាគោលដៅកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
របាយការណ៍នេះបន្ថែមថា ការផ្លាស់ប្តូរត្រូវការ «ការកែប្រែដែលមិនធ្លាប់មានលើរបៀបផលិតថាមពល ដឹកជញ្ជូន និងប្រើប្រាស់ជាសាកល» ដែលរួមមាន «ចាប់ពីពេលនេះតទៅ មិនមានការវិនិយោគនៅក្នុងគម្រោងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងមិនមានការសម្រេចអនុញ្ញាតដល់ការវិនិយោគបន្ថែមទៀតចំពោះរោងចក្រធ្យូងថ្មថ្មីដែលមិនមានចំនួនធ្លាក់ចុះនោះទេ»។ នេះសំដៅដល់រោងចក្រដែលមានលទ្ធភាពស្រូបយកការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។
របាយការណ៍នេះសរសេរថា ថាមពលអគ្គិសនីអាចនឹងមិនមានបញ្ចេញឧស្ម័នកាបូននៅត្រឹមឆ្នាំ២០៤០ ហើយអ្នកផលិតយានយន្តគួរតែបញ្ឈប់លក់ម៉ាស៊ីនចំហេះខាងក្នុងនៅត្រឹមឆ្នាំ២០៣៥។
អ្នកស្រី Rachel Cleetus នាយកផ្នែកគោលនយោបាយនៃកម្មវិធីថាមពល និងអាកាសធាតុនៅអង្គការ Union of Concerned Scientists បានថ្លែងថា៖ «នេះគួរតែជាការប្រាប់យ៉ាងច្បាស់ៗទៅដល់ក្រុមហ៊ុនប្រេងឥន្ធនៈនៅជុំវិញពិភពលោកថា ពួកគេមិនអាចពង្រីកអាជីវកម្មរបស់ពួកគេបានដូចធម្មតានោះទេ»។
របាយការណ៍នេះធ្វើឡើងខណៈដែលលោកប្រធានាធិបតីអាមេរិក Joe Biden ធ្វើទស្សនកិច្ចនៅរោងចក្ររបស់ក្រុមហ៊ុន Ford Motor Co. ដែលផលិតរថយន្ត truckដែលពេញនិយមរបស់ខ្លួនឱ្យទៅជាប្រភេទរថយន្តអគ្គិសនីថ្មីមួយ។
ទីភ្នាក់ងារ IEA ថា នៅក្នុងពិភពលោកមួយដែលលែងមានផ្សែងពុលកាបូនិកនៅត្រឹមឆ្នាំ២០៥០ ថាមពលព្រះអាទិត្យនឹងក្លាយជាប្រភពថាមពលធំបំផុតក្នុងពិភពលោក។ ថាមពលព្រះអាទិត្យ និងថាមពលពីកម្លាំងខ្យល់រួមគ្នាផលិតបានថាមពល៧០%សម្រាប់ពិភពលោក។
ទីភ្នាក់ងារនេះបន្ថែមថា ទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យានៅពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នោះទេ។
ការកាត់បន្ថយការបញ្ចេញឧស្ម័នជិតពាក់កណ្តាលនៅក្នុងឆ្នាំ២០៥០នឹងកើតចេញពីបច្ចេកវិទ្យាដែលមិនទាន់មាននៅលើទីផ្សារ។ ទីភ្នាក់ងារ IEA ថា នេះមានន័យថា រដ្ឋាភិបាលត្រូវវិនិយោគឱ្យបានខ្លាំងក្លាលើការស្រាវជ្រាវ អភិវឌ្ឍ និងការបំពាក់បច្ចេកវិទ្យាថ្មីៗដូចជា អាគុយទំនើបៗ ឥន្ធនៈអ៊ីដ្រូហ្ស៊ែន និងបច្ចេកវិទ្យាស្រូបយកកាបូនឌីអុកស៊ីតដោយផ្ទាល់ពីក្នុងខ្យល់។
ហើយនេះមានន័យថាវិស័យប្រេងឥន្ធនៈនឹងមិនបាត់រលត់ក្នុងពេលឆាប់ៗនេះនោះទេ។
លោក Stephen Comstock អនុប្រធានផ្នែកគោលនយោបាយសាជីវកម្មនៅវិទ្យាស្ថានប្រេងសាំងអាមេរិកបានថ្លែងថា៖ «មធ្យោបាយមួយណាក៏ដោយដែលឆ្ពោះទៅកាន់គោលដៅកាបូនសូន្យត្រូវរួមបញ្ចូលការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ និងការប្រើប្រាស់ឧស្ម័ន និងប្រេងធម្មជាតិ ដែលនៅតែមានសារៈសំខាន់ដើម្បីជំនួសធ្យូងថ្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអនុញ្ញាតឱ្យមានថាមពលកកើតឡើងវិញបាន»។
លោក Philip Rossetti អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកថាមពលនៅវិទ្យាស្ថាន R Street ដែលជាវិទ្យាស្ថានវិភាគគោលនយោបាយបែបអភិរក្សនិយមបានថ្លែងថា៖ «ការវិភាគទាំងនេះបង្ហាញថា ការព្យាយាមសម្រេចឱ្យបាននូវគោលដៅអាកាសធាតុជាមួយនឹងបច្ចេកវិទ្យាដែលយើងមានសព្វថ្ងៃតែមួយមុខគឺជាដំណើរដ៏ពិបាក និងត្រូវការចំណាយប្រាក់ច្រើន។ យើងត្រូវការការច្នៃប្រឌិតបង្កើតថ្មីពិតប្រាកដ និងកន្លែងដែលអំណោយផលល្អបំផុតសម្រាប់ការបង្កើតនេះ គឺទីផ្សារសេរីមួយដែលផ្តល់តម្លៃដល់លទ្ធផលទាំងនោះ»។
របាយការណ៍របស់ទីភ្នាក់ងារ IEA ថា គេត្រូវការការវិនិយោគប្រមាណ ៤០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬប្រមាណ ១% នៅក្នុងវិស័យថាមពលដើម្បីផ្តល់អគ្គិសនីដល់មនុស្សចំនួន ៧៨៥ លាននាក់នៅជុំវិញពិភពលោកដែលមិនមានអគ្គិសនីប្រើប្រាស់ និងដើម្បីផ្តល់មធ្យោបាយចម្អិនម្អូបអាហារជាមួយថាមពលស្អាតទៅដល់មនុស្សចំនួន ២.៦០០លាននាក់ដែលមិនមានថាមពលស្អាតប្រើប្រាស់។ ការវិនិយោគទាំងនេះនឹងកាត់បន្ថយការបំពុលខ្យល់ក្នុងអគារ និងបញ្ចៀសបាននូវការស្លាប់មុនអាយុចំនួន ២,៥ លានករណីក្នុងមួយឆ្នាំៗ។
អ្នកស្រី Cleetus បានបញ្ជាក់ថា «ការផ្លាស់ប្តូរនេះគឺសម្រាប់ និងដើម្បីប្រជាពលរដ្ឋ» ដែលវា «មានសារៈសំខាន់ស្មើនឹងមធ្យោបាយបច្ចេកវិទ្យាដែលមានបង្ហាញនៅក្នុងរបាយការណ៍នោះ»។
របាយការណ៍នេះត្រូវបានចេញផ្សាយដោយផ្តោតលើកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុសាកលលោកនៅខែវិច្ឆិកាខាងមុខនៅក្នុងក្រុង Glasgow ចក្រភពអង់គ្លេសនៅពេលដែលមេដឹកនាំពិភពលោកនឹងជួបប្រជុំគ្នាដើម្បីពិភាក្សាលើវិធានការអាកាសធាតុ។
ជាមួយនឹងរលកកម្តៅ គ្រោះរាំងស្ងួត និងព្យុះដ៏ខ្លាំងក្លាកំពុងកើនឡើងជាមួយនឹងបម្រែបម្រួលអាកាសធាតុ អ្នកស្រី Cleetus បានបន្ថែមថា៖ «វាពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ថា ភាពអសកម្មគឺជាការខាតបង់ខ្លាំងបំផុតដែលយើងបានធ្វើនៅពេលនេះ»៕