ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈល្បីៗរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយក្រុមហ៊ុនបស្ចិមប្រទេសកាន់តែច្រើនឡើង ដែលបានបិទប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ឬចាកចេញពីប្រទេសនេះតែម្តង ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
McDonaldដែលជាមហាក្រុមហ៊ុនលក់ម្ហូបអាហារឆ្អិនស្រាប់ដែលបានបើកមុនដំបូងនៅក្នុងទីលាន Pushkin Square នៅទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនកំពុងបិទភោជនីយដ្ឋានទាំងអស់ចំនួន៨៥០កន្លែងនៅទូទាំងប្រទេសរុស្ស៊ី ខណៈដែលបន្តបើកប្រាក់ខែឲ្យបុគ្គលិករបស់ចំនួន៦ម៉ឺន២ពាន់នាក់។
ការសម្រេចនេះ នឹងធ្វើឲ្យក្រុមហ៊ុន McDonald ខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ដោយសារតែក្រុមហ៊ុននេះ កាន់កាប់ភោជនីយដ្ឋានដោយផ្ទាល់ចំនួន៨៤ភាគរយនៅប្រទេសរុស្ស៊ីដែលខុសពីគំរូអាជីវកម្មទូទៅរបស់ក្រុមហ៊ុន McDonald ដែលផ្ទេរសិទ្ធធ្វើអាជីវកម្មទៅឲ្យក្រុមហ៊ុនដែលទិញសិទ្ធិធ្វើអាជីវកម្មពីខ្លួន។ ក៏ប៉ុន្តែ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុននោះគឺលោក Chris Kempczinski បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅបុគ្គលិករបស់ក្រុមហ៊ុន McDonald ថា៖ «យើង មិនអាចព្រងើយកន្តើយបានទេ ចំពោះការឈឺចាប់ដែលមិនគួរកើតមាននៅក្នុងប្រទេសអ៊ុយក្រែន»។
បន្ទាប់មកក្រុមហ៊ុនកាហ្វេ Starbucks ដែលមានទីតាំងនៅក្រុងSeattleសហរដ្ឋអាមេរិក បានចាត់វិធានការស្រដៀងគ្នានេះដែរ ដោយបានប្រកាសថា ខ្លួនបានបិទជាបណ្តោះអាសន្ននូវហាងលក់កាហ្វេចំនួន១៣០កន្លែងនៅទូទាំងប្រទេសរុស្ស៊ីដែលកាន់កាប់និងប្រតិបត្តិការដោយក្រុមហ៊ុន Alshaya Group ដែលមានទីតាំងនៅប្រទេសកូវ៉ែត។ នាយកប្រតិបត្តិក្រុមហ៊ុនStarbucks លោក Kevin Johnson បានបញ្ជាក់ក្នុងលិខិតបើកចំហមួយថា ក្រុមហ៊ុននឹងបញ្ឈប់ការដឹកជញ្ជូនផលិតផលរបស់ក្រុមហ៊ុនទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី ក៏ប៉ុន្តែបានបញ្ជាក់ថា ក្រុមហ៊ុនAlshaya នឹងបន្តបើកប្រាក់ខែឲ្យបុគ្គលិកក្នុងស្រុកទាំងអស់របស់ខ្លួនចំនួន២ពាន់នាក់។
ការបិទឬការបញ្ឈប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីនោះក៏រួមមានដែរ ក្រុមហ៊ុន Coca-Cola និង Pepsiដែលជាក្រុមហ៊ុនភេស្ជៈគូប្រកួតគ្នាដ៏ធំរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន CoCa-Cola បានផ្តល់សេចក្តីលម្អិតបន្តិចបន្តួចអំពីការផ្អាកកិច្ចប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Pepsi ដែលបានប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីដើមទសវត្សរ៍ ១៩៦០មក គឺក្នុងអំឡុងពេលមានភាពតានតឹងខ្លាំងក្នុងសម័យសង្គ្រាមត្រជាក់នោះ បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការលក់ដូរភេសជ្ជៈទាំងអស់ខ្លួន រួមទាំងតាមសាខារបស់ខ្លួន ក៏ប៉ុន្តែ នឹងបន្តផលិតទឹកដោះគោ ទឹកដោះគោទារក និងចំណីអាហារទារកដើម្បីរក្សាការងារឲ្យកម្មកររុស្ស៊ីរាប់ពាន់នាក់។
ហើយក្រុមហ៊ុនផលិតស្រាបៀរ Heineken របស់ហូឡង់ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនក៏នឹងផ្អាកកិច្ចប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសរុស្ស៊ីដែរ រួមទាំងការលក់ ការផលិតនិងផ្សព្វផ្សាយស្រាបៀររបស់ខ្លួន ហើយនឹង«បង្កើនការជួយឧបត្ថម្ភនិងការបរិច្ចាគដល់អង្គការមិនមែនរដ្ឋាភិបាលដែលប្រតិបត្តិការនៅក្នុងប្រទេសប៉ូឡូញ ហុងគ្រី រ៉ូម៉ានីនិងស្លូវ៉ាគី» ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែន។
បន្ថែមពីនោះ ក្រុមហ៊ុនអ៊ីនធឺណិត Luman Technologies ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួន បានផ្តាច់សេវាកម្មបណ្តាញការងាររបស់ខ្លួននៅប្រទេសរុស្ស៊ី បណ្តាលមកពីហានិភ័យសន្តិសុខកាន់តែខ្លាំងនៅខាងក្នុងប្រទេសរុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារ AP និង Reuters។