តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ កាត់ទោស​មេដឹកនាំ​យោធា​កុងហ្គោ​ Ntaganda ឱ្យ​ជាប់ ពន្ធនាគារ​៣០ឆ្នាំ

មេ​ដឹកនាំ​យោធា​កុងហ្គោ​ Bosco Ntaganda អង្គុយ​ក្នុងបន្ទប់​សវនាការ​កាត់ក្តី​លោក​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុងទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​ ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ​២០១៩។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដែល​មាន​ទីតាំង​នៅក្រុង​ឡាអេ​ បាន​កាត់ទោស​អតីត​មេដឹកនាំ​យោធា​ប្រទេស​កុងហ្គោ​ លោក​ Bosco Ntaganda ឱ្យ​ជាប់​ពន្ធនាគារ​៣០ឆ្នាំ​ ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាំង​មនុស្សជាតិ។ សាល​ដីកាសម្រេច​នេះ​ កើតឡើង​បន្ទាប់​ពីការកាត់​ក្តីអស់រយៈ​ពេល៤ឆ្នាំ​ លើមេដឹក​នាំយោធា​កំពូល​រូបនេះ។

កាល​ពីថ្ងៃ​ទី៧ ខែវិច្ឆិកា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ហៅកាត់ថា​ ICC បាន​ចេញសាល​ដីកាសម្រេច​ចុងក្រោយ​របស់​ខ្លួន កាត់ទោស​អតីត​មេដឹកនាំ​បះបោរ​កុងហ្គោ​ លោក​ Bosco Ntaganda ពីបទ​ឧក្រិដ្ឋកម្ម​ដែលលោក​បានប្រព្រឹត្ត​ពេលលោក​កាន់​តំណែង​ជាមេបញ្ជាការ​យោធានៃ​កងកម្លាំង​យោធា​សម្ព័ន្ធ​អ្នកស្នេហាជាតិ​កុងហ្គោ​ ដែលគេ​ស្គាល់​ឈ្មោះ​កាត់ថា​ UPC នៅតំបន់​ភាគខាង​កើតសាធារណៈ​រដ្ឋប្រជាធិបតេយ្យ​កុងហ្គោក្នុង​ឆ្នាំ២០០២​ និងឆ្នាំ២០០៣។

លោក​ចៅក្រម​ Robert Fremr បាន​បកស្រាយ​ករណីនេះ​ថា៖ «រាល់​ការរំលោភ​បំពាន​ជនស៊ីវិល​ ចាត់ទុក​ថាជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​ក៏ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែរ​ គឺ​មានទោស​២៨ឆ្នាំ។ សម្រាប់​ករណី​មនុស្សឃាត​ និង​ការប៉ុនប៉ង​មនុស្សឃាត​ ក៏ចាត់ទុក​ជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និងឧក្រិដ្ឋ​កម្មសង្គ្រាម​ដូចគ្នា គឺ​មានទោស​៣០ឆ្នាំ។ សម្រាប់​ការធ្វើ​ទុកបុក​ម្នេញ ក៏​ចាត់ទុកថាជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ គឺមាន​ទោសជាប់​ពន្ធនាគារ​៣០ឆ្នាំ»។

បើទោះ​ជាទោសសរុប​របស់​លោក​ Ntaganda ច្រើនជាង​២០០ឆ្នាំ​ជាប់​ក្នុងពន្ធនាគារ​ក៏ដោយ​ លោក​ចៅក្រម​ Robert Fremr បាន​និយាយ​ថា​ ការកាត់​ក្តីចុងក្រោយ​រួមនេះ​ គឺមាន​ទោសទណ្ឌធ្ងន់​បំផុតហើយ​និង​ស្ថិតក្រោម​រង្វង់ច្បាប់​ដដែល​។

លោកចៅក្រម​រូបនេះ​ បានបន្ថែម​ថា៖ «សម្រាប់​ស្ថានភាព​ជាក់ស្តែង​ចំពោះករណី​នេះ ចៅក្រម​មិនមាន​ឆន្ទានុសិទ្ធិ​ក្នុងការ​ទាត់ចោល​ដីកាសម្រេច​រួមចុងក្រោយ​នេះទេ។ ការ​កាត់ទោស​ចុងក្រោយ​ឱ្យជាប់ពន្ធនាគារ​លើជនជាប់​ចោទណា​មួយ គឺ​ត្រឹមរយៈ​ពេល៣០ឆ្នាំ​ក្នុងពន្ធនាគារ​បែបនេះ​ឯង។ ជនជាប់​ទោសត្រូវតែ​ទទួល​យក»។

តុលាការ​ ICC បានចេញសាល​ដីកាចោទ​ប្រកាន់លោក​ Ntaganda កាល​ពីខែកក្កដា​ ដោយរក​ឃើញថា​លោកមាន​ជាប់ពាក់ព័ន្ធ​នឹងទោសទណ្ឌ​១៨ករណី​ក្នុងនោះ​រួមមាន​មនុស្សឃាត​ ការរំលោភ​បំពាន​ និងការ​កែនកុមារ​ឱ្យធ្វើ​ទាហាន។ តុលាការ​ បានចោទ​ប្រកាន់ទោសទណ្ឌ​ទាំងអស់​ដែលកើត​ឡើង​ក្នុងពេល​លោក​កាន់តំណែង​ និងក្រុម​ទាហាន​របស់លោក​បានសម្លាប់​ជនស៊ីវិល​រាប់រយនាក់​ និងបាន​បង្ខំប្រជាជន​រាប់ពាន់អ្នក​ឱ្យចាកចោល​លំនៅ​ដ្ឋាន។

ការ​កាត់ក្តីលោក​ Ntaganda គឺ​ជាគំរូ​ជោគជ័យ​មួយដ៏កម្រ​របស់​ព្រះរាជអាជ្ញា​នៃតុលាការ​ ICC ដែល​ជាតុលាការ​អន្តរជាតិ​បង្កើតឡើង​នៅឆ្នាំ២០០២ ដើម្បី​កាត់ទោស​លើបទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ នៅពេល​ដែលប្រទេស​សមាជិក​មិនមាន​លទ្ធភាព​ ឬគ្មាន​ឆន្ទៈក្នុង​ការកាត់ក្តី។ លោក​ Ntaganda បាន​ប្រគល់​ខ្លួនឱ្យ​សមត្ថកិច្ច​ក្នុងឆ្នាំ​២០១៣ គឺ៧​ឆ្នាំបន្ទាប់ពី​តុលាការ​ ICCបានចេញ​ដីកាកោះ​ចាប់ខ្លួន​ដំបូង​ម៉្ល៉េះ។ រយៈពេល​ដែលរូប​លោកស្ថិត​ក្នុងការ​ឃុំខ្លួន​នឹងមិនរាប់​ចូលក្នុងរយៈ​ពេលជាប់​ទោសនេះ​ឡើយ។ លោក​ មានរយៈ​ពេល៣០​ថ្ងៃប្តឹង​តវ៉ា​លើ​សាលដីកា​សម្រេចនេះ៕

ប្រែ​សម្រួលដោ​យ កោះ​ សុគន្ធី​