តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) បានសម្រេចបដិសេធបណ្ដឹងប្រឆាំងកម្ពុជា ទាក់ទិនសំណុំរឿងចាប់បញ្ជូនបណ្ដាជនភៀសខ្លួនអ៊ុយហ្គ័រទៅឱ្យចិន កាលពីឆ្នាំ២០០៩។
ខុទ្ទកាល័យរដ្ឋអាជ្ញា Fatou Bensouda របស់ ICC បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលបណ្ដឹងមួយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ចោទប្រកាន់ទង្វើមន្ត្រីចិនក្នុងការយាយីចាប់ឃុំឃាំងលើបណ្ដាជនអ៊ុយហ្គ័រ ដែលសង្ស័យថាជាការប្រល័យពូជសាសន៍។
បណ្ដឹងនោះក៏រាប់បញ្ចូលផងដែរនូវចំណាត់ការរបស់កម្ពុជា និងប្រទេសតាហ្ស៊ីគីស្ថាន ក្នុងការចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រឱ្យទៅប្រទេសចិន ដែលត្រូវចោទប្រកាន់ថាមានការធ្វើទុក្ខបុកម្នេញលើពួកគេ។
កាលពីខែធ្នូ ឆ្នាំ២០០៩ កម្ពុជាបានចាប់បញ្ជូនជនភៀសខ្លួនសុំសិទ្ធិជ្រកកោនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើមកំណើតអ៊ុយហ្គ័រ២២នាក់ទៅប្រទេសចិន ទីដែលពួកគេរងការកាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំដល់មួយជីវិត។
ខុទ្ទកាល័យរបស់លោកស្រី Fatou Bensouda បានស្នើថា៖
«វាមិនទាន់មានលក្ខណៈគ្រប់គ្រាន់នោះទេ ក្នុងការចោទ[បញ្ជូនដោយបង្ខំទាំងនោះ]ថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទិននឹងការនិរទេសនោះទេ»។
ដោយសារចិនមិនមែនជារដ្ឋហត្ថលេខីដែលបានផ្ដល់សច្ចាប័នទទួលស្គាល់តុលាការICC ស្ថាប័នយុត្តិធម៌អន្តរជាតិនេះថាខ្លួនខ្វះអំណាចយុត្តាធិការលើទង្វើដែលកើតឡើងលើទឹកដីចិន។
ទង្វើសង្ស័យអំពីឧក្រិដ្ឋកម្មលើបណ្ដាជនអ៊ុយហ្គ័រក្នុងខេត្តស៊ីនជាំងនោះ រួមមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងនឹងការសម្លាប់ ការដាក់គុកឬដកហូតសេរីភាពយ៉ាងសម្បើម ទារុណកម្ម ការបង្ខំបង្អាក់ការបន្តពូជពង្សនិងទង្វើ«អមនុស្សធម៌»ដទៃ។ នេះបើយោងតាមខុទ្ទកាល័យរដ្ឋអាជ្ញា ICC។
ទោះតុលាការ ICC ថាខ្លួនមានយុត្តាធិការលើសកម្មភាពចាប់បញ្ជូនឱ្យចិននូវបណ្ដាជនអ៊ុយហ្គ័រពីកម្ពុជា និងតាជីគីស្ថាន ដ្បិតប្រទេសទាំងពីរនេះជារដ្ឋហត្ថលេខីទទួលស្គាល់តុលាការ ខ្លឹមសារនៃកិច្ចពិភាក្សារបស់អង្គបុរេជំនុំជម្រះរបស់ICC ក៏លើកឡើងពីកង្វះលក្ខណៈសម្បត្តិផ្នែកអង្គច្បាប់ក្នុងការចាត់បញ្ចូលការបញ្ជូនដោយបង្ខំទាំងនោះជា«ឧក្រិដ្ឋកម្ម»។
ខុទ្ទកាល័យរដ្ឋអាជ្ញាអន្តរជាតិដដែលក៏បានស្នើឱ្យអ្នកដាក់ពាក្យបណ្ដឹងដែលមិនបង្ហាញឈ្មោះនោះ បញ្ជូននូវអង្គហេតុនិងភស្ដុតាងបន្ថែម។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃពុធនេះថាការចាប់បញ្ជូនបណ្ដាជនអ៊ុយហ្គ័រ កាលពីឆ្នាំ២០០៩ ដោយសារពួកគេស្ថិតក្នុងប្រទេសកម្ពុជា ដោយ«ខុសច្បាប់» និង«អត់មានលិខិតស្នាម»។
លោកមានប្រសាសន៍ថា៖
«មានអ្នកណាទៅធ្វើស្អី គេអនុវត្តច្បាប់កម្ពុជាទេតើ មើលច្បាប់អន្តោប្រវេសន៍មើល។ ហើយ ICC ហ្នឹងក៏ដោយ អ្នកថាហ្នឹងក៏ដោយ ហ៊ានចូលស្រុកខ្មែរអត់ច្បាប់មើល ចាប់បញ្ជូនចេញឥឡូវហ្នឹង»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបដិសេធថាកម្ពុជារងសម្ពាធពីចិនបង្ខំឱ្យបញ្ជូនបណ្តាជនទាំងនោះត្រឡប់ទៅវិញ។
លោកបញ្ជាក់ថា៖ «ចិនស៊ីបាយផ្ទះចិន ខ្មែរស៊ីបាយផ្ទះខ្មែរទេតើ»។
តែក្នុងសៀវភៅ«សមុទ្រចិនខាងត្បូង៖ការតស៊ូដើម្បីអំណាចនៅអាស៊ី» បោះពុម្ភឆ្នាំ២០១៤ អ្នកនិពន្ធជាតិអង់គ្លេស Bill Hayton បានស្រង់សម្ដីលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាប់មន្ត្រីថ្នាក់តំបន់នៃឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនថា ក្នុងការចាប់បញ្ជូនជនអ៊ុយហ្គ័រនោះ កម្ពុជាស្ថិតក្នុង«ស្ថានភាពដ៏លំបាកដោយសារតែសម្ពាធពីកម្លាំងខាងក្រៅ»។
មួយថ្ងៃក្រោយការចាប់បញ្ជូនជនទាំងនោះ ប្រធានាធិបតីចិនបច្ចុប្បន្ន លោក Xi Jinping ដែលកាលនោះជាអនុប្រធានាធិបតី បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅភ្នំពេញ ជាមួយនឹងការសន្យាកញ្ចប់ជំនួយ១,២ពាន់លានដុល្លារ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នាគ្រានោះ បានសម្ដែងការខឹងសម្បារជុំវិញចំណាត់ការរបស់កម្ពុជានិងបានផ្អាកការបញ្ជូនជំនួយជារថយន្តយោធា២០០គ្រឿង។ រដ្ឋាភិបាលចិនបានតបដោយបានបញ្ជូនរថយន្តយោធាជាជំនួយសរុប២៥៦គ្រឿងមកឱ្យកម្ពុជា ក្រោយការផ្អាករបស់អាមេរិក។
លោក Phil Robertson នាយករងផ្នែកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្កោលទោសរដ្ឋអំណាចកម្ពុជាថាបាន«ជួញដូរអាយុជីវិត»ជនភៀសខ្លួនជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងនយោបាយ ក្នុងការចាប់បញ្ជូនជនអ៊ុយហ្គ័រឱ្យចិននាគ្រានោះ។
ទាក់ទិននឹងសេចក្ដីសម្រេចរបស់ ICC លោកបានលើកឡើងថា៖
«នេះសូម្បីតែមួយវិនាទីក៏មិនអាចក្លាយជាលេសបានដែរក្នុងការបង្ហាញថាទង្វើកម្ពុជាត្រឹមត្រូវ។ ទង្វើដែលបានផ្ដន្ទាទោសទណ្ឌទៅលើអ្នកស្វែងរកសិទ្ធិជ្រកកោនដ៏កម្សត់ទាំងនោះដោយបញ្ជូនទៅជួបនូវវាសនាដែលពួកគេខ្លាចបំផុត រួមមានការឃុំឃាំង ទារុណកម្ម និងទីបំផុតបាត់ខ្លួនក្នុងគុកនៅស្រុកចិន»។
រដ្ឋាភិបាលចិនតែងតែបដិសេធការចោទប្រកាន់អំពីការប្រល័យពូជសាសន៍លើបណ្ដាជនអ៊ុយហ្គ័រ។
កាលពីខែកក្កដាឆ្នាំ២០១៩ កម្ពុជាស្ថិតក្នុងចំណោម៣៧រដ្ឋ ដែលបានចូលរួមក្នុងញត្តិគាំទ្រចិនលើសំណុំរឿងជនជាតិភាគតិចអ៊ុយហ្គ័រនៅខេត្តស៊ីនជាំងភាគខាងលិចមហាអំណាចមួយនេះ។
ទីភ្នាក់ព័ត៌មានបារាំង AFP បានចុះផ្សាយថា ក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា ជនភាគតិចអ៊ុយហ្គ័រជាងមួយលាននាក់ និងភាគច្រើនជាជនភាគតិចមូស្លីម ត្រូវបានឃុំខ្លួននៅជំរំជាច្រើន ដែលមានការលើកឡើងថាត្រូវបានគ្រប់គ្រងដូចជាពន្ធនាគារនិងមានបំណងលុបបំបាត់វប្បធម៌សាសនារបស់ជនជាតិភាគតិចអ៊ុយហ្គ័រ៕