លោក Karim Khan ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC ) បាននិយាយថា «ការណ៍ពិតច្បាស់ក្រឡែតគឺ ខណៈយើងនិយាយនាពេលនេះ កុមារ ស្ត្រី និងបុរសទាំងក្មេងទាំងចាស់កំពុងរស់នៅក្នុងភាពភ័យខ្លាច»។
លោកថ្លែងដូច្នេះនៅទីក្រុងឡាអេកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីបើកសន្និសីទស្តីពីការទទួលខុសត្រូវនៅអ៊ុយក្រែន ដោយមានប្រទេសប្រមាណ ៤០ ចូលរួម។
លោក Khan បានថ្លែងថា៖ «យុទ្ធសាស្ត្រគ្រប់គ្រង» ចាំបាច់ត្រូវយកអ្នកមានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនមកកាត់ទោស។ អ៊ុយក្រែនបានផ្តល់យុត្តាធិការឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ កាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសនេះ ដោយបើកទ្វារឱ្យមានការស៊ើបអង្កេតរបស់តុលាការនេះ ព្រោះប្រទេសអ៊ុយក្រែន និងរុស្ស៊ី មិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
មន្ត្រីអ៊ុយក្រែនបាននិយាយថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារកណ្តាលទីក្រុង Vinnytsia របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងជាង ១០០ នាក់រងរបួស។
ប៉ូលិសបាននិយាយថា កាំជ្រួចចំនួនបីគ្រាប់បានវាយប្រហារអគារការិយាល័យមួយនៅកណ្តាលទីក្រុងនេះ ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីកៀវ។ ការវាយប្រហារចេញពីនាវាមុជទឹករបស់រុស្ស៊ីនៅសមុទ្រខ្មៅនេះបានធ្វើឱ្យខូចខាតអគារលំនៅដ្ឋាននៅក្នុងតំបន់ និងបានបំផ្លាញរថយន្តចំនួន ៥០ គ្រឿង នៅក្នុងចំណតក្បែរនោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់អង្គប្រជុំតុលាការពហ្មទណ្ឌអន្តរជាតិក្នុងសុន្ទរកថាតាមវីដេអូថា៖ «នេះជាអំពើភេរវកម្មរបស់រុស្ស៊ី»។
អភិបាលតំបន់ Vinnytsia លោក Serhiy Borzov បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់កាំជ្រួចចំនួន ៤ គ្រាប់ទៀតនៅលើតំបន់នោះ។ ដោយមានប្រជាជន ៣៧ ម៉ឺននាក់ Vinnytsia គឺជាទីក្រុងធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន។ មនុស្សរាប់ពាន់នាក់មកពីភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលរុស្ស៊ីបានប្រមូលផ្តុំការវាយលុកនោះ បានភៀសខ្លួនទៅទីនោះចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅចុងខែកុម្ភៈ។ លោកប្រធានាធិបតី Zelenskyy បាននិយាយថា អ្នកស្លាប់រួមមានកុមារផងដែរ។
លោក Zelenskyy បានសរសេរសារតាម Telegram ថា៖ «ជារៀងរាល់ថ្ងៃ រុស្ស៊ីបំផ្លាញប្រជាជនស៊ីវិល សម្លាប់កុមារអ៊ុយក្រែន តម្រង់មីស៊ីលទៅរកទីតាំងស៊ីវិល ដែលមិនមែនជាគោលដៅយោធា។ បើមិនមែនជាអំពើភេរវកម្មបើកចំហ តើជាអ្វីវិញ?»
រុស្ស៊ីបានបដិសេធថា ខ្លួនមិនកំណត់គោលដៅវាយប្រហារលើជនស៊ីវិលនៅអ៊ុយក្រែនទេ។
សង្រ្គាមនៅតែបន្តផ្ទុះឡើងនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីរុស្ស៊ីបន្តការបាញ់ផ្លោងក៏ដោយ ក៏កងកម្លាំងរុស្ស៊ីមិនអាចដណ្តើមបានទឹកដីធំដុំទេ ប៉ុន្មានថ្ងៃថ្មីៗនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters)