តុលាការ ICC ចេញ​ដីកា​ចាប់ខ្លួន​មេដឹកនាំ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាមនិង​ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ

រូបឯកសារ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Benjamin Netanyahu និង​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែលលោក Yoav Gallant ចូលរួម​សន្និសីទកាសែត​នៅ​បន្ទាយទាហានក្នុង​ទីក្រុង ​Tel Aviv ប្រទេស​អ៊ីស្រាអែល​កាលពីថ្ងៃទី​២៨ តុលា ឆ្នាំ២០២៣។

តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ICC (International Criminal Court) បាន​ចេញ​ដីកា​ចាប់ខ្លួន​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Benjamin Netanyahu និង​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែលលោក Yoav Gallant កាល​ពី​ថ្ងៃព្រហស្បតិ៍ ពីបទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័ររបស់ខ្លួន តុលាការ ICC ដីកា​នេះ​ចោទប្រកាន់​បុរសទាំងពីរ​នាក់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយប្រើ​ការ​បង្អត់​អាហារ​ជា​មធ្យោបាយ​សឹក​ និង​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​រួម​ទាំង​អំពើមនុស្សឃាត ការ​សម្លាប់ និង​អំពើ​ព្រៃផ្សៃផ្សេងទៀត។

ដីកា​គ្រប​ដណ្តប់​លើ​អំពើ​ដែល​ប្រព្រឹត្តិ​នៅ​ចន្លោះ​«យ៉ាងហោចពី​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០២៣ រហូត​ដល់​យ៉ាង​ហោចថ្ងៃទី២០​ខែ​ឧសភា​ឆ្នាំ២០២៤ ដែល​ជា​ថ្ងៃ​ក្រុម​រដ្ឋអាជ្ញាបាន​ដាក់ពាក្យ​ស្នើ​សុំតុលាការ​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន‍»។

អ៊ីស្រាអែល​ មិន​មែន​ជាសមាជិក​របស់ ICC ទេ ហើយ​លោក Netanyahu និង​លោក Gallant ក៏​មិន​ប្រឈម​នឹង​ហានិភ័យនៃ​ការ​កាត់ទោស​ភ្លាមៗ​ដែរ។ តែ​ការគំរាម​អំពី​ការ​ចាប់​ខ្លួន​នេះ អាច​បង្កើត​បញ្ហា​បាន​ បើ​ពួកគេ​ណាម្នាក់ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស។

លោក Netanyahu បាន​ថ្កោលទោស​ដីកា​ចាប់ខ្លួន​របស់​តុលាការ ICC នេះ។ សេចក្តី​ថ្លែងការណ៍មួយចេញ​ពី​ខុទ្ទកាល័យ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រៀបរាប់​ថា​អ៊ីស្រាអែល«‍បដិសេធទាំងខ្ពើមរអើមនូវ​ទង្វើខុស​និង​មិន​សមហេតុផលទាំងនេះ»។

តុលាការក៏​បាន​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំក្រុមយោធាហាម៉ាស់លោក Muhammad Deif ពី​បទឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​រួម​ទាំង​អំពើមនុស្សឃាត ការ​ចាប់​ចំណាប់ខ្មាំង និង​អំពើហិង្សា​ផ្លូវភេទ​ផងដែរ។​ បទ​ចោទ​ទាំង​នេះ បណ្តាលមក​ពី​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស់​កាល​ពី​ថ្ងៃទី៧​ខែ​តុលា​ឆ្នាំ២០៣​លើ​អ៊ីស្រាអែល ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ១.២០០​នាក់ រួម​ទាំង​ពលរដ្ឋ​អាមេរិក​៤៦​នាក់​ផង។ ក្រុមហាម៉ាស់​ ក៏​បាន​ចាប់​មនុស្ស​ប្រមាណ​២៥០​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំងដែរ៕