ស្របពេលដែលសហរដ្ឋអាមេរិករៀបចំគម្រោងការចែកចាយវ៉ាក់សាំងកូវីដ១៩ ក្រុមមន្ត្រីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមចោរព័ត៌មានវិទ្យា ឬហេកគ័រ (hackers) កំពុងដាក់គោលដៅទៅលើក្រុមហ៊ុនឱសថសំខាន់ៗដែលរៀបនឹងបញ្ចេញវ៉ាក់សាំង។
នៅក្នុងអត្ថបទ blog មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន IBM បានឲ្យដឹងថា ខ្លួនបានរកឃើញគ្រោងការលួចបន្លំដែលសំដៅលើ «បណ្តាអង្គការដែលជាប់ទាក់ទងនឹងការស្តុកទុកវ៉ាក់សំាងកូវីដ១៩» ដែលនេះសំដៅលើក្រុមមនុស្ស ឬអាជីវកម្មដែលទទួលខុសត្រូវចំពោះការស្តុកទុកវ៉ាក់សំាងក្នុងកម្រិតសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាគុណភាពវ៉ាក់សាំង។
ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) របស់សហរដ្ឋអាមេរិក បានចែករំលែករបាយការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការព្រមានទៅកាន់អ្នកទាំងឡាយដែលពាក់ព័ន្ធក្នុងប្រតិបត្តិការវ៉ាក់សំាងកូវីដ១៩។
ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត CISA ថា ខ្លួន«លើកទឹកចិត្តឲ្យអង្គការប្រតិបត្តិការ Operation Warp Speed និងអង្គការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការស្តុកទុក និងដឹកជញ្ជូនវ៉ាក់សាំង ពិនិត្យមើលរបាយការណ៍ IBM X-Force»៕