​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ការ​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​សកម្មជន​មួយ​រូប​ដែល​តែង​ចេញ​មុខ​តវ៉ា​

រូបថត​ចែកចាយ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​អ្នកស្រី សាត ផា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២ បង្ហាញ​អ្នកស្រី​ស្ថិត​នៅ​តំបន់​ព្រៃ​មួយ​កន្លែង​​​ដែល​អ្នកស្រី​ថា​ជា​កន្លែង​អ្នក​ស្រី​បាន​រត់គេច​ខ្លួន ក្រោយ ទទួល​ការ​គំរាម​សម្លាប់។ (ហ្វេសប៊ុក/អ្នកស្រី សាត ផា)

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ បើក​ការ​ស៊ើប​អង្កេត​លើ​ការ​អះអាង​របស់​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ គឺ​អ្នកស្រី​ សាត ផា ​ដែល​និយាយ​ថា​ ​មាន​គេ​គំរាម​សម្លាប់​ទាំង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ និង​សារ​អនាមិក​មួយ​ច្បាប់​ដែល​ត្រូវ​បាន​បិទ​នៅ​លើ​ទា្វរ​ចូល​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ​ទីក្រុង​ភ្នំពេញ។​

អ្នក​ស្រី​សាត ផា​ អាយុ​៥០​ឆ្នាំ​ ជា​ម្តាយ​កូន​ពីរ​នាក់ បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ បន្ទាប់​ពី​ឃើញ​សារ​គំរាមកំហែង​អាយុ​ជីវិត​នោះ​ កាល​ពី​សប្តាហ៍​មុន​ គឺ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ។ ​សារ​ដែល​ត្រូវ​គេ​យក​ទៅ​បិទ​នៅ​មុខ​ផ្ទះ​អ្នកស្រី​ដោយ​គ្មាន​កាល​បរិច្ឆេទ​នោះ​ ត្រូវ​បាន​សរសេរ​ថា​ បើ​អ្នក​ស្រី​«នៅ​[តែ]​ខ្លាំង​ទៀត​ ប្រយ័ត្ន​បាត់​ខ្លួន»។​ ​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ពលរដ្ឋ​គ្រប់​រូប​គួរ​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​ ហើយ​ដូច្នេះ​បើ​សិន​ជា​មាន​ករណី​គំរាម​កំហែង​ណាមួយ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ នោះ​អាជ្ញាធរ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត។

អ្នក​ស្រី​និយាយ​ថា៖​ «ជា​ធម្មតា​ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ទទួល​បាន​នូវការ​ធានា​សុវត្ថិភាព​ ហើយ​ជាពិសេស​សម្រាប់​សកម្មជន​ មិន​ថា​ សកម្មជន​នយោបាយ​ក្តី​ សកម្មជន​សិទ្ធិ​មនុស្ស​ ឬ​ក៏​អ្នក​គាំទ្រ​ អ្នក​ដែល​មាន​និន្នាការ​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ​ គឺ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ការពារ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ពី​រដ្ឋាភិបាល​ហ្នឹង​ច៎ា។​ អ៊ីចឹង​នៅ​ពេល​ដែល​មាន​ករណី​នៃការ​លើក​ឡើង​ថា​ មាន​ការ​គំរាម​កំហែង​ណាមួយ​នោះ​ អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​ធ្វើការ​ធានា​ដល់​សុវត្ថិភាព​របស់​អ្នក​ពាក់ព័ន្ធ»។​

ចំណែក​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត​ ថ្លែង​ថា ​ការ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ខាង​លើ​នេះ​ ជាកិច្ច​ការ​ចាំបាច់​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ ដើម្បី​បញ្ជាក់​អំពី​ការ​ពិត​ នៅ​ពេល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ គឺ​ជិត​ចូល​មក​ដល់​ហើយ។ អ៊ីចឹង​ រឿងរ៉ាវ​ដែល​កើត​ឡើង​ទាំង​អស់​នេះ​ បើ​សិន​ជា​មិន​មាន​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​ទេ​ អាហ្នឹង​គេ​នឹង​អាច​រិះគន់​ និង​ចោទ​ប្រកាន់​ថា​ វា​អាច​នឹង​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អី​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​សម្រាប់​សកម្មជន​នៃ​គណបក្ស​ជំទាស់​អី​ជាដើម​ហ្នឹង»។​ ​

អ្នកស្រី​ សាត​ ផា​ ស្ថិត​ក្នុង​ចំណោម​ស្រ្តី​៦​នាក់​ ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២០​ គឺ​ចំ​ពេល​មាន​ការ​រំឭក​ឡើង​វិញ​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១។

កាល​ពីខែ​សីហា​ ឆ្នាំ​២០២១​ អ្នកស្រី​ និង​ជន​ជាប់ចោទ​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ទៅ​២០​ខែ។​ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ ក្រោយ​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ ដែល​ជា​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។​

អ្នកស្រី ​សាត ផា​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ថា​ ការ​គំរាម​កំហែង​ឃាតកម្ម​លើ​អ្នកស្រី​នេះ​ កើត​ឡើង​បន្ទាប់​ពី​អ្នកស្រី​ជាញឹកញាប់​បាន​រង​ការ​គំរាម​កំហែង​ និង​ការ​ប្រើ​ហិង្សា​ពី​បុគ្គល​មិន​ស្គាល់​អត្ត​សញ្ញាណ​ ពេល​អ្នក​ស្រី​ចូល​រួម​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ។​

អ្នកស្រី​និយាយ​ថា​អ្នកស្រី​បាន​ឃើញ​សារ​គំរាម​កំហែង​អ្នកស្រី​នៅ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មេសា ​គឺ​ក្រោយ​ពេល​អ្នកស្រី​ត្រឡប់​មក​ពី​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។​
អ្នកស្រី​បន្ថែម​ថា៖ ​«សុំ​ឱ្យ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ជួយ​ឃ្លាំមើល​ដែល​រឿង​ខ្ញុំ​ ភាព​អយុត្តិធម៌​ខ្លាំង​ណាស់។​ ខ្ញុំ​ជាប់​គុក​ហើយ​រហូត​ចេញ​មក​ គេ​បាន​វាយ​ខ្ញុំ​ ហើយ​ គេ​បាន​ធ្វើ​បាប​ផ្លូវ​ចិត្ត​ផ្លូវ​កាយ​ខ្ញុំ​ គំរាម​ជីវិត​ខ្ញុំ​ទៀត»។​

បើ​តាម​អ្នកស្រី ​សាត ផា​ អាជ្ញាធរ​មូលដ្ឋាន ​និង​បុគ្គល​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យាយី​គំរាម​កំហែង​អ្នកស្រី​ដោយ​ពាក្យ​សម្តី​ មុន​ពេល​អ្នកស្រី​សម្រេច​ចិត្ត​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា។​ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​សកម្មជន​រូប​នេះ​ មាន​ការ​អត្ថាធិប្បាយ​អំពី​ការ​គំរាម​កំហែង​តាម​ទូរស័ព្ទ​ផង​ដែរ។ ​ ប៉ុន្តែ​សកម្មជន​រូប​នេះ​មិន​អាច​បញ្ជាក់​ពីខ្លឹមសារ​នៃ​ការ​គំរាម​កំហែង​នោះ​ទេ។​

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ សាន សុខសីហា​ និយាយ​ថា​ បើ​សិន​មាន​ការ​គំរាម​កំហែង​ណា​មួយ​ បុគ្គល​ដែល​រង​ការ​គំរាម​កំហែង​នោះ​ គួរ​តែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ ដែល​នៅ​ជិត​លំនៅដ្ឋាន​ខ្លួន​ ដោយ​មិន​ចាំបាច់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទេ។​

លោក​លើក​ឡើង​ថា៖​ «ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​ជាច្រើន​លើក​ច្រើន​សា​លើ​ករណី​អស់​ហ្នឹង​ហើយ។​ ​ បើ​សិន​ជា​មាន​ករណី​អី​កើត​ឡើង​ សូម​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ សូម​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ទីតាំង​សមត្ថកិច្ច​ដែល​នៅ​ជិត​ហ្នឹង​ មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ មាន​សមត្ថកិច្ច​ខណ្ឌ​ គឺ​គេ​នឹង​ចាត់​វិធានការ​ស្រាវជ្រាវ​តាម​ហ្នឹង។​ ប៉ុន្តែ​គ្រាន់តែ​ថា​ ​ជាក់​ស្តែង​បុគ្គល​មួយ​ចំនួន​ គឺ​គាត់​គ្រាន់​តែ​បង្កើត​រឿង​ ដើម្បី​យក​ជា​លេស​ ជាហេតុផល​មួយ​ ដើម្បី​គេច​វេះ​ក្នុង​ហេតុផល​ណា​មួយ​ដើម្បី​បាន​ជ្រក​កោន​នៅ​ប្រទេស​ទីបី​ ឬ​បន្ត​ទៅ​ប្រទេស​ណា​ទៀត។​ អាហ្នឹងជា​ហេតុ​ផល​មួយ​ ដែល​យើង​ឃើញ​ថា​ ជាក់​ស្តែង​ និង​កន្លង​មក ​គឺ​វា​អ៊ីចឹង»។​

ដោយ​ឡែក​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន ម៉ាលីន​ យល់​ថា ​អ្នកស្រី ​សាត ផា​ បាន​បោះបង់​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ជន​ដែល​បង្ក​ការ​គំរាមកំហែង​នោះ។​

លោក​ថ្លែង​ថា៖​ «ជួន​កាល​ក្រុម​របស់​គាត់​ហ្នឹង​ខ្លួន​ឯង​ ដើម្បី​ចោទ​ប្រកាន់​សមត្ថកិច្ច​ហ្នឹង​ក៏​ថា​ បាន​ដែរ។​ អា​ហ្នឹង​វា​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ម៉េច​ ក៏ប៉ុន្តែ​គាត់​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ បើ​សិន​ជា​គាត់​មាន​ចេតនា​ស្មោះ​ស​ ដោយ​មិន​មាន​ល្បិច​កិច្ចកល​ ឬ​ពុតត្បុត​អីពី​ក្រោយ​ហ្នឹង»។​

អ្នកស្រី ​សាត ផា ​ធ្លាប់​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​ចិន​ ហើយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ស្ត្រី​ជា​សម្មជន​រូប​នេះ​ ក៏​បាន​ចូលរួម​គាំទ្រ​សកម្មជន​សិទ្ធិ​មនុស្ស​ កញ្ញា ​សេង ធារី​ ស្ទើរ​រាល់​ពេល​ដែល​មេធាវី​ខ្មែរ​អាមេរិកាំង​រូប​នេះ​ឡើង​មក​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​សវនាការ​ ពាក់ព័ន្ធ​នឹង​មាតុភូមិនិវត្តន៍​មិន​ជោគជ័យ​របស់​លោក​ សម រង្ស៊ី​ កាលពី​ឆ្នាំ​២០១៩៕​ ​