រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​សហភាព​អឺរ៉ុប​ គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

រូបឯកសារ៖ លោក Peter Szijjarto រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហុងគ្រី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុងវីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ​គឺ​លោក​ ភីធឺ ស៊ីចាតូ ​(Peter Szijjarto) ​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៣ ​ខែ​វិច្ឆិកា ​តាម​ការ​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ក្នុង​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ លើ​វិស័យ​នានា​រាប់​ទាំង​ពាណិជ្ជកម្ម​និង​ការទូត​ផងដែរ។ ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ភីធឺ ស៊ីចាតូ ​ក៏​នឹង​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៣​ រវាង​ប្រទេស​ទាំងពីរ ​ដែល​ទាក់ទង​នឹង​កិច្ចព្រម​ព្រៀងស្តីពី​សេវា​ដឹក​ជញ្ជូន​ផ្លូវ​អាកាសចរណ៍ ​អនុស្សារណៈ​នៃការ​យោគ​យល់គ្នា​ស្តីពីការ​គ្រប់គ្រង​ធនធាន​ទឹក ​និង​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រត្តិបត្តិការ​លើ​វិស័យ​កសិកម្ម​ផងដែរ។ កម្មវិធី​ចុះហត្ថ​លេខា​នេះ​ នឹង​ត្រូវ​ចូលរួម​ជា​សាក្សី​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។

លោក ​ភីធឺ ស៊ីចាតូ ​រដ្ឋមន្ត្រី​ការបរទេស ​និង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្មប្រទេស​ហុងគ្រី​ផង​នោះ​ ក៏​គ្រោង​នឹង​ជួប​ដាច់ដោយ​ឡែកៗ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ជួប​ជាមួយ​លោក​ ប្រាក់ សុខុន ​ឧបនាយក​រដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​និង​ជួប​ជាមួយ​លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​ជួប​ជាមួយ​លោក​ វេង សាខន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​និងនេសាទ​ និង​ជួប​ជាមួយ​លោក ​ស៊ូស យ៉ារ៉ា ​សមាជិក​សភា​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

លោក​ ភីធឺ ស៊ីចាតូ ​ក៏គ្រោងនឹង​អញ្ជើញ​ចូលរួម​ជាអធិបតី​ក្នុងពិធី​បើក​ជាផ្លូវការ​នូវ​ការិយាល័យ​ស្ថានទូត​ហុងគ្រី ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

កិច្ច​សហប្រតិបត្តិការ​ រវាង​កម្ពុជា ​និង​ហុងគ្រី​ ដែល​ជា​ប្រទេស​មួយ​ក្នុង​សហភាព​អឺរ៉ុប​ផង​នោះ កើត​ឡើង​ក្រោយ​ពេល​តែប៉ុន្មាន​ខែ​ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនាំ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ចំនួន​២០% ​នូវមុខ​ទំនិញ​គ្រប់មុខ​លើកលែង​តែអាវុធ ​ដែល​ហៅថា​ EBA​ ដោយសារ​តែបញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕