មនុស្ស​រាប់​រយ​នាក់​ជំរុញ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​លោក Trump ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​ស្រ្តី​ទី១​អ្នកស្រី Melania បក់ដៃខណដែល​ពួកគេ​បាន​មកដល់បន្ទាយ​អាកាស Yokota Air Base នៅ​ ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទិ​០៥ វិច្ឆិកា ២០១៧។

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​រយ​នាក់​បាន​តវ៉ា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ និង​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព ស្រប​ពេល​ដែល​លោក Trump បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទ្វីប​អាស៊ី ដែល​ជា​ដំណើរ​ទស្សនកិច្ច​ផ្ដោត​ខ្លាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក Trump ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ​នេះ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​វៀតណាម ចិន និង​ហ្វីលីពីន​ផង​ដែរ។

លោក​គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក ដែល​សាធារណជន​ទូទៅ​ផ្ដោត​លើ​សារ​របស់​លោក​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង និង​មេដឹកនាំ​ប្រទេស​នេះ​លោក Kim Jong Un។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ទាហាន​អាមេរិកាំង​ចំនួន ២ ម៉ឺន ៨ ពាន់ ៥ រយ​នាក់​ឈរ​ជើង​នៅ​ទី​នោះ ប៉ុន្តែ​អ្នក​រិះគន់​លោក Trump ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង យល់​ថា លោក Trump ជា​អ្នក​សង្គ្រាម​និយម ដែល​សង្គ្រាម​ពាក្យ​សម្ដី​នា​ពេល​ថ្មីៗ​នេះ​របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តឹងតែង​ជាង​មុន​ទៀត​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ដោយ​គ្រវី​បដា និង​ប៉េងប៉ោង​ដែល​សរសេរ​អក្សរ​ថា «សន្តិភាព មិន​មែន​សង្គ្រាម‍» និង​អក្សរ «យើង​ត្រូវការ​សន្តិភាព‍» អ្នក​តវ៉ា​បាន​ស្រែក​បន្ទរ​នៅ​កណ្ដាល​ក្រុង​សេអ៊ូល​ថា៖ «យើង​ប្រឆាំង​នឹង​សង្គ្រាម! ចរចា​ដើម្បី​សន្តិភាព!‍»។

សកម្មជន​អ្នក​តវ៉ា​ម្នាក់​បាន​ថ្លែង​នៅ​លើ​វេទិកា​ថា៖ «លោក Trump និង​លោក Kim Jong Un កំពុង​ប្រើ​ភាព​ជាប់​គាំង​ផ្នែក​យោធា​បច្ចុប្បន្ន​ដើម្បី​ផល​ចំណេញ​ផ្នែក​នយោបាយ​របស់​ខ្លួន ចំណែក​ឯ​ពួក​យើង​ដែល​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង កំពុង​ភ័យ​ខ្លាច​រឿង​សង្គ្រាម‍!»៕