កាណូតដែលមានដឹកសមាជិកជិត៥០០នាក់នៃក្រុមជនអំបូរភាគតិច Rohingya កាន់សាសនាអ៊ីស្លាម ដែលបានត្រូវធ្វើទុក្ខបុកម្នេញយូរមកហើយនៅក្នុងប្រទេសភូមាបានបើកទៅដល់ច្រាំងសមុទ្រនាប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ហើយ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ពួកបុរស ស្ត្រី និងកុមារទាំងនេះបានឡើងគោកកាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត Aceh ខាងជើង។
ក្រុមមន្ត្រីបាននិយាយថាភាគច្រើននៃពួកជនដែលបានជិះក្នុងនាវាទាំងនោះជាពួកជនអំបូរ Rohingya មកពីប្រទេសភូមា ក៏ប៉ុន្តែមានជនខ្លះមកពីប្រទេសបង់ក្លាដែលផងដែរ។
ពួកជនទេសន្តប្រវេសន៍ទាំងនេះបាននិយាយថា មាននាវាយ៉ាងតិចណាស់៤គ្រឿងបានចាកចេញពីរដ្ឋ Rakhine ដែលមានចលាចលនៃប្រទេសភូមាកាលពីសប្តាហ៍មុន។
បើតាមពួកជនទេសន្តប្រវេសន៍ថា នាវាទាំងនោះបានចាកចេញពីប្រទេសភូមាកាលពីអាទិត្យមុនដើម្បីគេចចេញពីជម្លោះនៅក្នុងប្រទេសនោះ។ ជនជាច្រើននាក់បានថ្លែងថា មានការផ្គត់ផ្គង់បន្តិចបន្តួចនៅលើនាវាទាំងនោះដែលបានបណ្តាលឲ្យមនុស្សច្រើននាក់មានការស្រេកឃ្លាន។
ក្រុមជនអំបូរ Rohingya ដែលភាគច្រើនជាអ្នកគោរពសាសនាអ៊ីស្លាមបានត្រូវបដិសេធមិនឲ្យមានឋានៈជាពលរដ្ឋ ហើយមិនឲ្យមានសិទ្ធិជាមូលដ្ឋានឯទៀតៗក្នុងប្រទេសភូមាទេ។ ពួកជនទាំងនេះបានរងគ្រោះដោយសារអំពើហិង្សាជាច្រើនប្រព្រឹត្តដោយហ្វូងមនុស្សកាន់ព្រះពុទ្ធសាសនាជ្រុលនិយមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕