មន្ត្រីកម្ពុជាបានឲ្យដឹងនាថ្ងៃអង្គារនេះថាកម្ពុជានឹងធ្វើការពិនិត្យលើសំណុំឯកសារនិងសម្រេចចិត្តលើសំណើរបស់ជនភៀសខ្លួនចំនួន៤រូបដំបូងបង្អស់ពីកោះណូរូ(Nauru) ដែលស្ម័គ្រចិត្តមកតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជានោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់វីអូអេខេមរភាសាថា មន្ត្រីកម្ពុជាពីររូបដែលធ្វើដំណើរទៅកាន់ដោះដាច់ស្រយ៉ាលរបស់ប្រទេសអូស្រ្តាលីនោះ បានត្រឡប់មកដល់កម្ពុជាវិញហើយកាលពីល្ងាចថ្ងៃច័ន្ទនេះ ព្រមជាមួយសំណុំឯកសារដែលទាក់ទឹននឹងជនភៀសខ្លួនចំនួនបួនរូបដំបូងគេបង្អស់ដែលបាន ស្ម័គ្រចិត្តមករស់នៅកម្ពុជា។
លោកបន្តថា បន្ទាប់ពីជនភៀសខ្លួនទី១ ដែលជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលភៀសខ្លួចេញពីប្រទេសភូមា បានទទួលយកសំណើមករស់នៅប្រទេសកម្ពុជាកាលពីសប្តាហ៍មុនរួចមក មានជនភៀសខ្លួនបីរូបផ្សេងទៀតដែលមកពីប្រទេសអ៊ឺរ៉ង់ក៏បានទទួលយកសំណើនោះដែរ។
«អ្វីដែលយើងដឹង យើងដឹងថាមានបួននាក់ហើយ មានអ៊ឺរ៉ង់បីនិងជនជាតិ រ៉ូហ៊ីងយ៉ាជនជាតិភូមាហ្នឹង។ យើងនឹងធ្វើរបាយការណ៍ស្នើសុំរដ្ឋាភិបាលសិន តើលោកសម្រេចយ៉ាងណា នេះគឺវាមួយជំហានទៀត»។
កាលពីឆ្នាំ២០១៤ កម្ពុជាបានចុះហត្ថលេខា ជាមួយប្រទេសអូស្ត្រាលីក្នុងការទទួលយកជនភៀសខ្លួនជាង ១ពាន់នាក់ដែលសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសប្រទេសអូស្ត្រាលី ហើយត្រូវអាជ្ញាធរប្រទេសនេះដាក់ឲ្យរស់នៅក្នុងជំរុំនៅលើកោះដាច់ស្រយ៉ាលមួយដែលហៅថា « Nauru » ។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៣០លានដុល្លារពីប្រទេសអូស្រ្តាលីវិញ។
កិច្ចព្រមព្រៀងទទួលនិងបញ្ចូនជនភៀសខ្លួនពីកោះណូរូនោះត្រួវទទួលរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិដោយអះអាងថាវាបានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ជាងនេះទៀតប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះនៅមានបញ្ហាប្រឈមជាច្រើនដូចជា អំពើពុករលួយ ភាពក្រីក្រ និង ទំនាស់ដីធ្លីដ៏ច្រើន។
លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គបានថ្លែងថាមកដល់ពេលនេះ មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃកំពុងតែរៀបចំឯកសារនិងលិខិស្នាមផ្សេងៗដាក់ជូនរដ្ឋាភិបាលសម្រេចនាពេលខាងមុខនេះ។
កាលពីដើមសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក Peter Dutton បានអំពាវនាវដល់ជនភៀសខ្លួនប្រមាណ ជាង ១០០០នាក់ដែលប៉ុនប៉ងស្វែងរកការជ្រកកោណនៅប្រទេសអូស្ត្រាលី ឲ្យស្ម័គ្រចិត្តស្ម័គ្រកាយមករស់នៅកម្ពុជាវិញហើយឲ្យបំភ្លេចក្តីស្រម៉ៃរបស់គេថាបានទៅប្រទេសអូស្ត្រាលី ដោយ រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកពួកគេនិងក្រុមគ្រួសារ៕