ជនចំណាកស្រុកពី៣០០ទៅ៤០០នាក់បានព្យាយាមម្តងទៀតចូលក្នុងច្រកចូលផ្លូវក្រោមបាតសមុទ្រ Eurotunnel នៅក្នុងទីក្រុង Calais នៃប្រទេសបារាំង នៅក្នុងសប្តាហ៍មួយនៃការប៉ុនប៉ងដ៏ច្របូកច្របល់ដើម្បីចេញពីតំបន់អឺរ៉ុបទៅកាន់ប្រទេសអង់គ្លេស។
ចំនួនមនុស្សដែលប៉ុនប៉ងចូលក្នុងផ្លូវបាតសមុទ្រមានចំនួនតិចជាងកាលពីដើមសប្តាហ៍។ កាលពីយប់ថ្ងៃច័ន្ទ មនុស្ស២០០០នាក់កំពុងព្យាយាមរត់តាមផ្លូវរថភ្លើងនៅក្រោមបាតសមុទ្រ ហើយកាលពីយប់ថ្ងៃអង្គារ មនុស្សជាង១៥០០នាក់បានធ្វើការប៉ុនប៉ងឆ្លងកាត់ផ្លូវក្រោមបាតសមុទ្រនោះ។
ជនចំណាកស្រុកយ៉ាងហោចណាស់ក៏ម្នាក់ដែរបានស្លាប់កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីរថយន្តដឹកទំនិញធំមួយបុក។ ការណ៍នេះបានធ្វើឲ្យមនុស្សចំនួន៩នាក់ហើយបានស្លាប់ដោយសារការព្យាយាមឆ្លងកាត់ពីទីក្រុង Calais ដែលជាទីក្រុងកំពង់ផែនៅភាគខាងជើងប្រទេសបារាំង ចូលក្នុងប្រទេសអង់គ្លេសចាប់តាំងពីដើមខែមិថុនាមក។
ក្រុមអាជ្ញាធរបារាំងបានដាក់ពង្រាយប៉ូលិសប្រឆាំងកុប្បកម្មជាង១០០នាក់កាលពីយប់ថ្ងៃពុធដើម្បីបង្កើនបុគ្គលិកសន្តិសុខ។ ជនចំណាកស្រុករាប់រយនាក់បានព្យាយាមរត់តាមផ្លូវរទេះភ្លើងនៅក្រោមបាតសមុទ្រឆ្ពោះទៅកាន់ប្រទេសអង់គ្លេសនៅពេលយប់។
Eurotunnel ដែលជាក្រុមហ៊ុនដែលប្រតិបត្តិការផ្លូវក្រោមបាតសមុទ្ររវាងប្រទេសបារាំងនិងប្រទេសអង់គ្លេសនិយាយថា ខ្លួនបានរារាំងជនចំណាកស្រុកជាង៣៧០០០នាក់ដែលព្យាយាមឆ្លងកាត់ខុសច្បាប់ពីតំបន់អឺរ៉ុបទៅកាន់ប្រទេសអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះមក។
ក្រុមហ៊ុន Eurotunnel បានប្រកាសកាលពីថ្ងៃពុធថា បារាំងនិងអង់គ្លេសចាំបាច់ធ្វើឲ្យកាន់តែច្រើនឡើងថែមទៀតដើម្បីជួយក្រុមហ៊ុន Eurotunnel ដោះស្រាយការកើនឡើងនូវចំនួនជនចំណាកស្រុកដែលកំពុងរត់ចូលក្នុងតំបន់នោះ៕