បាតុករ​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី

អាជ្ញាធរ​រុស្ស៊ី​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​​ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ដែល​ត្រូវ​បាន​អាជ្ញាធារ​ចាប់​ដាក់​ពន្ធនាគារ ទីក្រុង​មូស្គ ប្រទេស​រុស្ស៊ី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

បាតុករ​រាប់​ម៉ឺន​នាក់​ដែល​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​លោក Alexei Navalny បាន​នាំ​គ្នា​តវ៉ា​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បំពាន​នឹង​ការ​ព្រមាន​ពី​អាជ្ញាធរ​ដែល​ថា អ្នក​ដែល​ចូលរួម​ក្នុង​បាតុកម្ម​នោះ​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

បាតុកម្ម​នោះ​ត្រូវ​បាន​លោក Navalny អំពាវនាវ​ឲ្យ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​អាល្លឺម៉ង់​មក​កាន់​ប្រទេស​រុស្ស៊ី​វិញ​កាល​ពី​ចុង​សប្ដាហ៍​មុន បន្ទាប់ពី​លោក​បាន​ជា​សះស្បើយ​ពី​ការ​វាយប្រហារ​ដោយ​ថ្នាំ​ពុល ដែល​ស្ទើរតែ​បាន​ឆក់​យក​ជីវិត​របស់​លោក​កាល​ពី​ខែ​សីហា ឆ្នាំ​មុន។

អង្គការ​ឃ្លាំមើល​ឯករាជ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា OVD-Info បាន​រាយការណ៍​ថា បាតុករ​ប្រហែល ៣.២០០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​គិត​ត្រឹម​អាធ្រាត្រ​ថ្ងៃ​សៅរ៍ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នកស្រី Yulia ដែលជា​ភរិយា​របស់​លោក Navalny និង​អ្នកស្រី Lyubov Sobol ដែលជា​ជំនួយការ​របស់​លោក Navalny ផង​ដែរ។ អ្នក​កាសែត​រាប់​សិប​នាក់​ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ផង​ដែរ។

អ្នកស្រី Yulia Navalnaya បាន​បញ្ជាក់​ថា អ្នកស្រី​ពិតជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ​ប្រាកដ​មែន។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​សារ​មួយ​លើ Instagram ដែល​អ្នកស្រី​បាន​សរសេរ​និង​បង្ហោះ​នៅ​ពេល​ដែល​អ្នកស្រី​នៅ​ក្នុង​រថយន្ដ​របស់​ប៉ូលិស។

ក្រុម​អ្នក​គាំទ្រ​លោក Navalny រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ជាង ៦០ ក្នុង​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ជា​បន្ទាន់។ ពួកគេ​បាន​បំពាន​នឹង​វិធានការ​របស់​ប៉ូលិស​ក្នុង​ការ​បំបែក​ហ្វូង​បាតុកម្ម ដែល​ជា​បាតុកម្ម​ដែល​ប៉ូលិស​ប្រកាស​ថា​ខុសច្បាប់។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន និង​ការប្រើប្រាស់ «វិធីសាស្ត្រ​ធ្ងន់ធ្ងរ​ទៅ​លើ​ហ្វូង​បាតុករ និង​អ្នក​កាសែត​នៅ​ចុង​សប្ដាហ៍​នេះ នៅ​តាម​បណ្ដា​ទីក្រុង​នានា​ទូទាំង​ប្រទេស​រុស្ស៊ី»។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price។

លោកPrice បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រុស្ស៊ី «ដោះលែង​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​ទាំង​អស់​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ជា​សាកល​របស់​ពួកគេ និង​ចំពោះ​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក Navalny ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ»។

លោក Price បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី «សហការ​ពេញលេញ​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​របស់​សហគមន៍​អន្តរជាតិ​លើ​ករណី​បំពុល» អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​រូប​នេះ និង​«ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​លើ​ទឹកដី​របស់​ខ្លួន»៕