មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង មូស្គូ

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ទទួល​ទាន​អាហារ​នៅ​ក្នុង​ទិវា​បង្រួបបង្រួម​ជាតិ នៅ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នក​តវ៉ា​រាប់រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​ត្រូវ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ​រុស្ស៊ី។

យោង​តាម​គេហទំព័រ OVD-Info ដែល​តាមដាន​ការ​បង្ក្រាប​ទៅ​លើ​បាតុកម្ម មនុស្ស​ចំនួន​៣៦០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នានា​នៅ​ទូទាំង​ប្រទេស ត្រឹម​ម៉ោង​៥ល្ងាច កាល​ពី​ថ្ងៃ​អាទិត្យ។ ប៉ូលិស​ មូស្គូ ថា តួលេខ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​មាន​ចំនួន​២៦០​នាក់។ ​
ទីភ្នាក់ងារ​សារព័ត៌មាន Tass បាន​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​ជាច្រើន​នៅ​ក្នុង​ទីក្រុង មូស្គូ មាន​កាំបិត​និង​ស្នាប់​ដៃ។

អ្នក​តវ៉ា​នៅ​ក្នុង​បាតុកម្ម​នោះ ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នកនយោបាយ​ជាតិ​និយម​និង​លោក Vyacheslav Maltsev ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ក្រុង ក្រឹមឡាំង ហើយ​និង​ចលនា​ត្រៀម​កាំភ្លើង​របស់​លោក។ ក្រុម​នេះ​ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​ក្រុម​ជ្រុល​និយម​និង​ត្រូវ​បាន​ហាមឃាត់​ក្នុង​ប្រទេស​រុស្ស៊ី។

លោក Maltsev ដែល​បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅ​ប្រទេស​ បាន​និយាយ​លើ​បណ្តាញ​សង្គម YouTube ថា រុស្សី​ដល់​ពេល​ធ្វើ ​«បដិវត្តន៍»​ ហើយ​នៅ​ចុងសប្តាហ៍​នេះ។

លោក Putin បាន​ប្រកាស​យក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដើម្បី​ប្រារព្ធ​ទិវា​បង្រួបបង្រួម​ជាតិ កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​រំឭក​ជ័យជម្នះ​របស់​រុស្សី​ទៅ​លើ​ប្រទេស​ប៉ូឡូញ ក្នុង​ឆ្នាំ​១៦១២៕