ក្រុមហ៊ុន​អាមេរិក​មួយចំនួន​រិះគន់​សេចក្តីសម្រេច​របស់​លោក​ត្រាំ​ចំពោះ​ការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​​អាកាសធាតុ

  • Jim Randle

នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk មកដល់​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​ប្រធានាធិបី​ត្រាំ​មេដឹកនាំ​សហគ្រាស​នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី០៣ កុម្ភៈ ២០១៧។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ចដែល​​កាន់​តែ​​ប្រសើរ​ជាង​មុន​សម្រាប់​ថាមពល​ផលិត​​ឡើង​វិញ​ បាន​ជំរុញ​ការ​គាំទ្រ​ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​ក្នុង​សហគមន៍​ធុរកិច្ច​ ដែល​ពី​មុន​មក​មិន​មាន​ភាព​ប្រាកដប្រជា។

ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​បាន​រិះគន់​សេចក្តីសម្រេច​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ​ ក្នុង​ការ​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ។ ទោះ​ជា​យ៉ាង​ណាក្តី ក្រុមហ៊ុន​ធ្យូងថ្ម​មួយចំនួន​នៅ​តែ​គាំទ្រ​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី។

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ និយាយ​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពីអាកាសធាតុ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​បាត់បង់​ការងារ ប៉ះពាល់​ដល់​ប្រាក់​កម្រៃ ធ្វើ​ឲ្យ​រោងចក្រ​នានា​បិទ​ទ្វារ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ចាញ់​ប្រៀប​គេ។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖

​«ការ​សម្រប​ជាមួយ​នឹង​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​និង​ការ​ដាក់​កំហិត​ដ៏​ញាំញី​នានា​លើ​ការ​ប្រើប្រាស់​ថាមពល​ទូទៅ លើ​សហរដ្ឋអាមេរិក អាច​ធ្វើឲ្យ​បាត់បង់​ការងារ​ពលរដ្ឋ​អាមេរិកាំង​រហូត​ដល់​ទៅ ២,៧ លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ ២០២៥»។

ទោះ​ជា​យ៉ាង​ណា​ក្តី ក្រុមហ៊ុន​ធ្យូងថ្ម​នានា​នៅ​សហរដ្ឋអាមេរិក​បាន​គាំទ្រ​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី​ត្រាំ។

ក្រុមហ៊ុន Peabody Coal និយាយ​ថា កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ តាមរយៈ​ការ​បង្កើន​តម្លៃ​អគ្គិសនី។ ចំណែក​ឯ​ក្រុមហ៊ុន Murray Energy និយាយ​ថា ចំណាត់ការ​របស់​លោក​ត្រាំ​នឹង​ជួយ​រក្សា​ការងារ​ក្នុង​វិស័យ​រ៉ែ​ធ្យូងថ្ម និង​លើកកម្ពស់​តម្លៃ​អគ្គិសនី​ទាប។

ក្រុម​អ្នកគាំទ្រ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​និយាយ​ថា ​នឹង​មាន​ការងារ​កើន​ឡើង​ក្នុង​វិស័យ​ថាមពល​ស្អាត ច្រើន​ជាង​ការងារ​បាត់បង់​នៅ​តាម​ក្រុមហ៊ុន​ផូស៊ីល​ឥន្ធនៈ។

លោក​ Andrew Light អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ នៃ​វិទ្យាស្ថាន​សិក្សា​ពី​ធនធាន​ធម្មជាតិ​លើ​ពិភពលោក និយាយ​ថា៖

«ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​សេដ្ឋកិច្ច​អាមេរិក​នៅ​ពេល​នេះ យើង​មាន​មនុស្ស​បី​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​ ដែល​មាន​ការងារ​ធ្វើ​ នៅ​ក្នុង​វិស័យ​ថាមពល​ផលិត​ឡើង​វិញ បាន ដែល​វិស័យ​នេះ​ជា​ផ្នែក​ទីផ្សារ​ថាមពល​កំពុង​រីក​លូតលាស់​ឆាប់​រហ័ស​បំផុត​មួយ និង​មាន​ចំនួន​អ្នក​ធ្វើការ​ច្រើន​ជាង​ ចំនួន​អ្នក​ធ្វើការ​ក្នុង​វិស័យឧស្ម័ន​ធម្មជាតិ​ ឬ​ធ្យូងថ្ម ឬ​ប្រេង»។

ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​ថាមពល​ផលិត​ឡើង​វិញ​បាន និយាយ​ថា គ្រឿង​សម្ភារៈ​កំពុង​តែ​ផ្តល់​ផលិតភាព​ខ្ពស់​ជាង​មុន និង​មាន​តម្លៃ​ទាប​ជាង​មុន។

​លោក​ Amit Rosen សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ George Washington ថ្លែង​ថា៖

«ពី​មុន​មក​ មនុស្ស​មិន​សូវ​យក​ចិត្តទុក​ដាក់​លើ​ថាមពល​ផលិត​ឡើង​វិញ​បាន​ទេ ពីព្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ វា​ជា​ការ​ដោះដូរ​គ្នា​រវាង​សេដ្ឋកិច្ច និង​បរិស្ថាន។ តែ​ឥឡូវនេះ វា​ជា​រឿង​ផ្តល់​ប្រយោជន៍​សងខាង»។

នាយក​ប្រតិបតិ្ត​ក្រុមហ៊ុន General Electric លោក Jeff Immelt និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla និង​ក្រុមហ៊ុន Space-X លោក Elon Musk ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុនធំៗ ដែល​បាន​រិះគន់​សេចក្តី​សម្រេច​របស់​លោកប្រធានាធិបតី​ត្រាំ។ លោក Musk បាន​លាលែង​ពី​តំណែង​ជា សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន បន្ទាប់​ពី​ការ​ចេញ​សេចក្តី​សម្រេច​របស់​លោក​ត្រាំ។

ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន ដែល​ក្នុង​នោះ​រួមមាន​ក្រុមហ៊ុន Mars ក្រុមហ៊ុន Nikeក្រុមហ៊ុន Levi Strauss និង​ក្រុមហ៊ុន Starbucks បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ទៅ​កាន់​លោក​ត្រាំ ដោយ​អះអាង​ថា ការ​ខកខាន​ក្នុង​ការ​បង្កើត​ជា​សេដ្ឋកិច្ច​មួយ​ដែល​មាន​ការ​ប្រើប្រាស់​កាបូន​ក្នុង​កម្រិត​ទាប បង្ក «ហានិភ័យ​ដល់​ភាព​ស្តុកស្តម្ភ​របស់​សហរដ្ឋអាមេរិក»។

​ក្រុមហ៊ុន​ប្រេង​នានា ដូចជា ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន Exxon Mobil ដែល​ជា​គូ​ប្រជែង នា​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា កិច្ចព្រមព្រៀងក្រុង​ប៉ារីសស្តី​ពី​អាកាសធាតុ​ បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​អនាគត​មួយ​ដែល​ប្រាកដប្រជា​ជាង​មុន។

ក្រុម​អ្នក​កាន់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Exxon Mobil បាន​ធ្វើ​សេចក្តី​សម្រេច​តាមរយៈ​ការ​បោះឆ្នោត ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ដ៏​មហិមា​មួយ​នេះ វាយតម្លៃ​បន្ថែម​លើ​ហានិភ័យ​ផ្នែក​អាជីវកម្ម ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ចែករំលែក​ព័ត៌មាន​នោះ​ជាមួយ​នឹង​អ្នកវិនិយោគ៕

ប្រែសម្រួល​ដោយ ប៉ូច រាសី