អ្នកវិភាគ​ថា ការ​រុះរើ​​គណៈរដ្ឋ​មន្ត្រី​នៅ​កម្ពុជា ខុស​ពី​ការ​កែ​ទម្រង់​នៅ​ភូមា

  • នៅ វណ្ណារិន

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រធានព្រឹទ្ធសភា សាយ ឈុំ និងលោកប្រធានរដ្ឋសភា ហេង សំរិន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ឈរលាដំណើរយាងនិវត្តន៍របស់អង្គព្រះមហាក្សត្រនៅឯវិមានឯករាជ្យ រាជធានីភ្នំពេញ។ (អូន ឆេងប៉រ / VOA)

ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​ និង​អ្នកវិភាគ​ យល់​ថា​ ការ​ផ្លាស់ប្ដូរ​នៃ​ប្រទេស​ទាំងពីរ​គឺ​មាន​ឆន្ទៈ​នយោបាយ​ខុស​គ្នា​ទាំង​ស្រុង។

ស្រប​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ដែល​គេ​ស្គាល់​ថា​ជា​ប្រ​ទេស​គ្រប់​គ្រង​ដោយ​របប​យោធា​ដ៏​យូរអង្វែង​មួយ​នោះ រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន​ បាន​ប្រកាស​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ​ ដើម្បី​ពន្លឿន​ការងារ​ទៅ​តាម​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​កែ​ទម្រង់។

ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​ និង​អ្នកវិភាគ​ យល់​ថា​ ការ​ផ្លាស់ប្ដូរ​នៃ​ប្រទេស​ទាំងពីរ​គឺ​មាន​ឆន្ទៈ​នយោបាយ​ខុស​គ្នា​ទាំង​ស្រុង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្រុម​អ្នក​វិភាគ​ ឲ្យដឹង​ថា ការ​ផ្លាស់ប្ដូរ​ក្នុង​ប្រទេស​ភូមា​ គឺ​សំ​ដៅ​ទៅ​លើ​ការ​កែ​ប្រែ​របប​នយោបាយ​ និង​ថ្នាក់​ដឹង​នាំ ក្រោយ​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ​(NLD) របស់​លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះឆ្នោត។

ការណ៍​នេះ​គឺ​ខុស​ពី​ប្រទេស​កម្ពុជា​ ដែល​នៅ​ទីនេះ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះ​គ្រាន់​តែ​ប្ដូរ​រដ្ឋមន្ត្រី​និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ក្នុង​គណៈរដ្ឋ​មន្ត្រី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ប្រាប់​ VOA​ ថា​ ការ​ផ្លាស់ប្ដូរ​ក្នុង​ប្រទេស​ភូមា​ បញ្ជាក់​ពី​ការ​គិត​គូរ​ដល់​ប្រសិទ្ធភាព​ការងារ ​និង​តុល្យភាព​របស់​ជនជាតិ​ចម្រុះ​ក្នុង​ប្រទេស​នេះ ដោយ​សំដៅ​ទៅ​លើ​ការ​កែ​ទម្រង់​មួយ​ដ៏​ស៊ី​ជម្រៅ។

ក៏ប៉ុន្តែ​ ​អ្នក​ឃ្លាំ​មើល​រូប​នេះ​ ថ្លែង​ថា​ លោក​មិន​ឃើញ​មាន​ការ​កែ​ទម្រង់​អ្វី​មួយ​ ដើម្បី​ប្រសិទ្ធភាព​ការងារ ​និង​ការ​គ្រប់គ្រង​នោះ​ទេ​ ​ក្នុង​ការ​ឆ្លាស់​ការងារ​របស់​មន្ត្រី​ធំៗ​មួយ​ចំនួន​ក្នុង​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នោះ។

«រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ហ្នឹង ​ខ្ញុំ​មើល​ទៅ ក្នុង​ការ​កាន់​អំណាច​កន្លង​មក​នេះ​ភាគ​ច្រើន​គណៈរដ្ឋមន្ត្រី​ មិនសូវ​ជា​យក​ចិត្ត​ទុកដាក់​រឿង​ប្រសិទ្ធភាព​នោះ​ទេ។ សំខាន់​គឺ​យក​ចិត្ត​ទុក​ដាក់​រឿង​ស្ថិរភាព​នៅ​ក្នុង​រដ្ឋាភិបាល​ ខាង​នយោបាយ ហើយ​ជា​ពិសេស​នោះ​គឺ​ស្ថិរភាព​នៅ​ក្នុង​គណបក្ស​របស់​គាត់ ឬ​ក៏​គណ​បក្ស​ចម្រុះ។ ​ពី​ដើម​មក​ មាន​គណ​បក្ស​ចម្រុះ ​មាន​គណបក្ស​ប្រជា​ជន​ គណ​បក្ស​ហ្វ៊ុនស៊ិនប៊ិច​អ៊ីចឹង​ទៅ។​ ទោះ​បី​ឥឡូវ​មាន​តែ​គណ​បក្ស​ប្រជាជន​តែ​មួយ​ តែ​គាត់​ជ្រើស​រើស​យក​គោល​ការណ៍​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​រដ្ឋាភិបាល​ ​ក្នុង​គណ​បក្ស ជា​ពិសេស​ស្ថិរភាព​ក្នុង​កិច្ចការ​នយោបាយ​ទាក់ទិន​និង​ផល​ប្រយោជន៍​នយោបាយ»។

រូបឯកសារ៖ លោក​ ស៊ុន ចាន់​ថុល (ឆ្វេង) បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរិ៍​ ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ អំពី​ការ​បេ្តជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ (ហ៊ុល​ រស្មី/VOA)

​លោក​បន្ថែម​ថា​ ការ​ព្យាយាម​ទប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ ​បាន​ធ្វើ​ឲ្យ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​រីក​មាឌ​ធំ​ឡើងៗ ដែល​មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី២៧០រូប​ ​រួម​ទាំង​រដ្ឋ​លេខាធិការ​ផង​ដែរ។

លោក​បន្ត​ថា ការណ៍​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាយ​វាយ​ថវិកា​ជាតិ​កើន​ឡើង​ជា​ច្រើន​ ​ជា​ពិសេស​គឺ​ចំណាយ​លើ​មន្ត្រី​ និង​ដំណើរ​ការ​នៃ​អង្គភាព​នានា។​

មក​ដល់​ពេល​នេះ​ ក្រសួង​ស្ថាប័ន​របស់​ប្រទេស​កម្ពុជា​បាន​កើត​ដល់​ចំនួន​២៦​ក្រសួង​ដោយ​មិន​រាប់​បញ្ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​អគ្គ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

​លោក​ គល់ បញ្ញា ថ្លែង​ថា​ការ​ផ្លាស់ប្ដូរ​ក្នុង​រដ្ឋាភិបាល​នោះ​ គឺ​ដោយសារ​តែ​មាន​ការ​រុញ​ច្រាន​ពី​ប្រជាពលរដ្ឋ​ និង​អ្នក​វិនិយោគ​ទុន​ផង​ដែរ។

«ហើយ​ក៏​មាន​ការ​រុញ​ដែរ​ ​ដែល​ថា​មន្ត្រី​ចាស់ៗ​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល​វា​យូរ​ពេក​ ហើយ​ចាស់​ទៀត​ ដែល​ធ្វើ​ការ​ទៅ ​វា​គ្មាន​ប្រសិទ្ធភាព​ វា​គ្មាន​ថាមពល​ គ្មាន​ភាព​ស្វាហាប់ ​ហើយ​ដោយសារ​តែ​អ្នក​ជំនាន់​ក្រោយ​នៃ​គណ​បក្ស​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​ហ្នឹង​មាន​ច្រើន​ដែរ ដែល​ចូលរួមនិង​ចង់​បាន​បទពិសោធន៍​ក្នុង​ការ​កាន់​តំណែង​រដ្ឋ​ហ្នឹង។ អ៊ីចឹង​សម្ពាធ​ហ្នឹង​ គឺ​វា​រុញ​ច្រាន​ឲ្យ​គណបក្សប្រជាជន​ ហើយ​ហ្នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​យល់​ឃើញ​ថា​ត្រូវ​តែ​មាន​កំណែ​ទម្រង់។ ប៉ុន្តែ​ការ​សង្ឃឹម​ក្នុង​ការ​កំណែទម្រង់​នេះ យើង​មើល​ទៅ​មាន​គេ​ច្រើនសង្ឃឹម​ថា​ មាន​ការ​កែ​ទម្រង់ តែ​យើង​ចុង​ក្រោយ​ឃើញ​ពី​លទ្ធផល​ គឺ​មិន​មាន​អ្វី​ជា​កំណែ​ទម្រង់​ដែល​លើកឡើង​ថា​ឲ្យ​មានប្រសិទ្ធភាព​នោះ​ គឺ​វា​អត់​មាន ដោយ​សារ​តែ​គណៈ​រដ្ឋមន្ត្រី​គឺ​វា​រីក​មាឌ​ធំ​ឡើងៗ»។

លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​រដ្ឋ​ Los Angeles សហ​រដ្ឋ​អាមេរិក​ និង​ជា​អ្នកនិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា Aid Dependence in Cambodia ឬ​មាន​ន័យ​ថា ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នៅ​កម្ពុជា បាន​ប្រាប់ ​VOA ថា​ ការ​ផ្លាស់ប្ដូរ​រដ្ឋ​មន្ត្រី​របស់​ប្រទេស​កម្ពុជា​គឺ​គ្មាន​អ្វី​ដែល​អាច​ប្រៀប​ធៀប​ទៅ​ប្រទេស​ភូមា​បាន​នោះ​ទេ ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ ថ្នាក់​ដឹក​នាំ​ដដែល​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ ហើយ​វា​ខុស​ពី​ភូមា​នោះ។

លោក​ អ៊ា សុផល​ ​បន្ត​ថា​ ពេល​លោក​បាន​ជួប​សន្ទនា​ជា​មួយ​លោក​ស្រី​ អង់ស៊ាន​ ស៊ូជី​ កាល​ពី​ពេល​ពីរ​បី​ឆ្នាំ​មុន លោក​ស្រី​បាន​បញ្ជាក់​ថា ​ភូមា​នឹង​រៀន​ពី​កំហុស​ឆ្គង​របស់​ប្រទេស​កម្ពុជា​ទាក់ទិន​នឹង​ជំនួយ​ក៏​ដូច​ជា​ ការ​កាន់​កាប់​អំណាច​ដែរ។

លោក​បណ្ឌិត​ អ៊ា សុផល បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ ឬ​Email​ មក​កាន់​ VOA ​យ៉ាង​ដូច្នោះ​ថា៖ «កម្ពុជា​មាន​ថ្នាក់​ដឹក​នាំ​ដដែល​ គ្រប់​គ្រង​អំណាច​ជាង​៣០ ឆ្នាំ។ ​ឯ​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ​មាន​អ្នក​ដឹក​នាំ​ខុសគ្នា​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។​ វា​គ្មាន​អ្វី​ដែល​អាច​ធៀប​គ្នា​បាន​នោះ​ទេ»។

សាស្ត្រាចារ្យ​រូប​នេះ​ប្រៀប​ធៀប​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ដូច​ជា «ការ​រាំ​ដណ្ដើម​កៅអី​គ្នា» ដូច្នោះ​ដែរ ដោយ​អ្នក​រាំ​ទាំង​អស់​ត្រូវ​ដណ្ដើម​កៅអី​ដែល​បាន​កំណត់​ពេល​ភ្លេង​បញ្ចប់។

យ៉ាង​ណា​ក៏​ដោយ​ លោក​គិត​ថា លោក​ ហ៊ុន សែន ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​នោះ​ ក្រៅ​ពី​ការ​គ្រាន់​តែ​ចង់​បង្ហាញ​មនុស្ស​ម្នា​ពី​រូប​ភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។

ក្នុង​Email មក​កាន់VOA លោក​បណ្ឌិត ​អ៊ា សុផល បាន​សរសេរ​ថា៖ «ខ្ញុំ​ប្រាកដ​ថា​គាត់​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ជឿ​ថា​ គាត់​ចង់​ធ្វើ​ដូច្នោះ​ តែ​តាមពិត​ទៅ ​វា​មិន​គ្រប់​គ្រាន់​ទេ​ ​សម្រាប់​លើក​ឡើង​ និង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បៀរ​ក្នុង​ហ៊ូ ​ដែល​មាន​បៀ​រហែក​ជា​ច្រើន​នោះ។​ តើ​អ្នក​ណា​ចង់​ធ្វើ​កំណែ​ទម្រង់ ​នៅ​ពេល​ដែល​ប្រព័ន្ធ​នោះ​នៅតែ​ដដែល? វា​ហាក់​ដូច​ជា​ស្រា​ក្រហម​ចាស់​ដែល​ច្រក​ក្នុង​ដប​ថ្មី​ដូច្នោះ​ឯង។ យើង​ចង់​បាន​ស្រា​ថ្មី!​ ប្រហែល​ជា​ស្រា​ Beaujolais Nouveau?»។

​លោក​បណ្ឌិត​រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ «នៅ​លើ​ពិភពលោក​នេះ​គឺ​គ្មាន​នរណា​ម្នាក់​ចង់​នៅ​ធ្វើ​ការ​ដល់​អាយុ​៨០ឆ្នាំ​នោះ​ទេ​ តែ​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​គឺ​មាន​ ហើយ​ថ្នាក់​ដឹក​នាំ​ភាគ​ច្រើន​ គឺ​មនុស្ស​អាយុ​ច្រើន។ នៅ​កម្ពុជា​គឺ​ដូច្នោះ​ឯង»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​ពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​គម្រោង​«រុះរើ»​គណៈរដ្ឋ​មន្ត្រី​ ​ដែល​នឹង​ចាប់​ផ្ដើម​នា​ដើម​ខែ​មេសា​ខាង​មុខ។

រូបឯកសារ៖ តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ (REUTERS/Channa)

​តាម​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋសភា​ លោក​ ហ៊ុន សែន ​បាន​បញ្ចប់​ មុខងារ​របស់​រដ្ឋ​មន្ត្រី​៣រូប​ ​រួម​ទាំង​លោក​ អ៊ឹម ឈុនលឹម​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ លោក​ គាត ឈន់​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​ និង​លោក​ ហោ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ដែល​គេ​ដឹង​ថា​ស្ថិត​ក្នុង​វ័យ​ចាស់​ជរា។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​ឆ្លាស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ក្រសួង​ចំនួន​៨​ផង​ដែរ។

​ស្រដៀង​នឹង​លោក​បណ្ឌិត​ អ៊ា សុផល​ដែរ លោក​ អ៊ូ វីរៈ​នាយក​វេទិកា​អនាគត ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA ​ថា «នៅក្នុង​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​កំណែទម្រង់​ទេ​ តែ​នៅ​ភូមា​ ​គឺ​គេ​កំណែ​ទម្រង់។ គេ​កាត់​បន្ថយចំនួន​គណៈ​រដ្ឋ​មន្ត្រី​ទាំង​មូល។ គេ​រៀបចំ​គណៈរដ្ឋ​មន្ត្រី​សារ​ជា​ថ្មី។ ​ឯ​ប្រទេស​កម្ពុជា​ អត់​មាន​ការ​កំណែ​ទម្រង់​នោះ​ទេ​ គ្រាន់តែ​ដោះដូរ។ ដោះដូរ​រដ្ឋមន្ត្រី​ពី​មួយ​ទៅ​មួយ​ភាគ​ច្រើន​ ហើយ​មាន​រដ្ឋមន្ត្រី​ធំៗ​៣​ទៅ​៤ ​ក៏ប៉ុន្តែ​រដ្ឋ​មន្ត្រី​ធំៗ​ ២​គឺ​ឯកឧត្តម​ ហោ ណាំ​ហុង​ និង​ ​ឯកឧត្តម​ អ៊ឹម ឈុនលឹម។ ប៉ុន្តែ​ក្រៅ​ពី​ហ្នឹង​គឺ​គ្រាន់តែ​ជា​ការ​ដោះដូរ​ទេ មិនមែន​ជា​កំណែ​ទម្រង់​នោះ​ទេ។​ មួយ​ទៀត​គណៈ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ គឺ​នៅតែ​ជា​ធំ​ដដែល​ ហើយ​មិន​មាន​ជា​ការ​កំណែ​ទម្រង់​ជា​ដុំកំភួន​ក្នុង​គណៈរដ្ឋ​មន្ត្រី​នោះ​ទេ»។

លោក​ អ៊ូ វីរៈ​ បន្ត​ថា ​ក្នុង​ប្រទេស​កម្ពុជា​គឺ​វា​គ្រាន់​តែ​«មាន​រូប​ភាព​ដោះ​ដូរ​តែ​មិន​មាន​អ្វី​ជា​ការ​កែ​ទម្រង់»​ជា​ដុំកំភួន​នោះ​ទេ​ បើ​ធៀប​នឹង​ប្រទេស​ភូមា​នោះ។​

​យ៉ាង​ណា​ក្ដី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​កន្លង​ទៅ ​បាន​ថ្លែង​ការពារ​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក ដោយ​និយាយ​ថា​ វា​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ ​ដើម្បី​កំណើន​សេដ្ឋ​កិច្ច​ និង​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋបាល​លោក។

«ខ្ញុំ​សូម​ផ្ដាំ​អស់​លោក​អ្នក​ បើ​ទោះ​បី​មុខ​ចាស់​ក៏ដោយ​ ប៉ុន្តែ​ចរិត​ការងារ​ឲ្យ​វា​ថ្មី។​ អា​ហ្នឹង​ហើយ​ការ​ផ្លាស់​ប្ដូរ​នោះ។​ វា​មិន​ចាំបាច់​តែ​មុខ​ថ្មី​ បាន​វា​ហៅ​ការ​ផ្លាស់ប្ដូរ​ទេ។​ មុខ​ចាស់​ ក៏ប៉ុន្តែ​ធ្វើ​សកម្មភាព​ផ្លាស់​ប្ដូរ។​ អា​ហ្នឹង​គឺ​វា​ផ្លាស់​ប្ដូរ។​ វា​នៅ​កន្លែង​ហ្នឹង​ឯង។​ អា​មុខ​ថ្មី​វា​មិន​ទាន់​ប្រាកដ​ថា​ វា​ផ្លាស់​ប្ដូរ​ទេ។​ វា​ផ្លាស់ប្ដូរ​តែ​មនុស្ស​ ក៏​ប៉ុន្តែ​វា​ទៅ​រឿង​មួយ​ផ្សេង។​ តែ​អា​មុខ​ចាស់​ ដែល​វា​ផ្លាស់​ប្ដូរ​ទើប​វា​ខ្លាំង​ ទើប​វា​ខ្លាំង​ ព្រោះ​វា​ពូកែ ​វា​ទាំង​ហ្នឹង​ ​ឥឡូវ​ហិរញ្ញវត្ថុ​របស់​យើង​កែសម្រួល​ប៉ុន្មាន​លើក​ហើយ​ នេះ​ជា​លើក​ទី​បី។​ ហើយ​កំណើន​សេដ្ឋកិច្ច​៧.៧%​ក្នុង​មួយ​ឆ្នាំ​គិត​ជាមធ្យម​ ហើយ​១០​ឆ្នាំ​ចុង​ក្រោយ​៨.៨%​ បើ​សិន​មនុស្ស​មិន​កែប្រែ​ទេ​ សួរ​ថា​តើ​មាន​កំណើន​សេដ្ឋកិច្ច​ឬ​អត់?»

លោកស្រី អង់សាន ស៊ូជី ជាមួយ​នឹង​សមាជិក​នៃ​សភា​ទាំង​ពីរ​របស់ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។

ទាក់​ទិន​នឹង​កំណែទម្រង់​នៅ​ភូមា​វិញ សារព័ត៌មាន​ The New York Times ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​ទាំង​២១ ដែល​សភា​ភូមា​បាន​បោះ​ឆ្នោត​ឲ្យ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ដែរ។

ចំនួន​ក្រសួង​ស្ថាប័ន​នៃ​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​កាត់​បន្ថយ​ពី​ចំនួន​៣៦​ ​មក​ត្រឹម២១​បុណ្ណោះ ហើយ​ក្រសួង​ធំៗ​បី​គឺ​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​កិច្ចការ​ព្រំដែន ត្រូវ​ផ្ដល់​ឲ្យ​ក្រុម​យោធា​កាន់​កាប់​ដដែល។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​ អ៊ូ វីរៈ ​យល់​ថា​ ប្រទេស​ភូមា ​ឬ​មីយ៉ាន់ម៉ា នៅ​មាន​ការ​ប្រឈម​ជា​ច្រើន​ជាពិសេស​ទាក់​ទិន​នឹង​ក្រុម​យោធា​នឹង​ជនជាតិ​ភាគ​ចិត្ត​នៃ​ប្រទេស​នេះ។ ​ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា​គឺ​ទើប​តែ​ចាប់​ផ្ដើម​ដូច​កម្ពុជា​នា​ឆ្នាំ​១៩៩៣​នោះ​ដែរ។

«ភូមា​ឥឡូវ​នេះ​ ទោះ​ជា​មាន​ការ​កំណែទម្រង់​ មាន​ការ​ដូរ​របប​មែន​ តែ​នៅ​មាន​ការ​ប្រឈម​ច្រើន​មែន​ទែន មិន​មែន​ជា​គំរូ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឡើយ​នោះ​ទេ។​ ប្រឈម​ដោយ​សារ​យោធា​នៅ​តែ​គ្រប់គ្រង​អំណាច​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​ក្រសួង​មហាផ្ទៃ​ និង​យោធា។​ បើសិនជា​គ្រប់​គ្រង​បាន​ បាន​ន័យ​ថា​គឺ​ជា​រូបមន្ត​មួយ​ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​នៃ​យោធា​នៃ​ប្រទេស​ភូមា​ផង​ដែរ។ ហើយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា​ ក៏​នៅតែ​ប្រជាធិបតេយ្យ​មួយ​ដែល​ផុយ​ស្រួយ ហើយ​មិនមែន​ជា​ប្រជាធិបតេយ្យ​មួយ​ពិត​ប្រាកដ​នោះ​ដែរ។ ​ហេតុ​នេះ ខ្ញុំ​មើល​ឃើញ​ទៅ​ប្រទេស​ភូមា​នៅ​ប្រឈម​ជាង​ប្រទេស​កម្ពុជា​ ហើយ​ប្រទេស​កម្ពុជា​គឺ​បាន​ឈាន​ទៅ​មុខ។​ ចាស់​ទុំ​ជាង​ភូមា»។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៧​ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដើម្បី​កំណត់​យក​គណ​បក្ស​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​បន្ទាប់​ទៀត។

​អ្នក​វិភាគ ​និង​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ការ​ប្រឈម​ និង​ការ​ប្រជែង​គ្នា​ខ្លាំង​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​និង​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៊ី៕