លោក​ ហ៊ុន សែន​ ព្រមាន​ថា ​សុវត្ថិភាព​មេបក្ស​ប្រឆាំង​អាច​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​បារម្ភ​ ក្រោយ​លោក​​រង​ការ​គប់​ដោយ​ស្បែក​ជើង​នៅ​អាមេរិក

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ភ្នំពេញ — លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​នឹង​ឧប្បត្តិហេតុ​មួយ​ដែល​លោក​បាន​ពើប​ប្រទះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ទី​ដែល​លោក​ត្រូវ​បាន​បុរស​ខ្មែរ​អាមេរិកាំង​ម្នាក់ ​ដោះ​ស្បែក​ជើង​មួយ​ចំហៀង​គប់​មក​រូប​លោក​ តែ​មិន​ត្រូវ​ នៅ​ខណៈ​លោក​កំពុង​ជួប​ជាមួយ​អ្នក​គាំទ្រ។

​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន​ បាន​ចោទ​សួរ​ទៅ​សហរដ្ឋ​អាមេរិក​ថា តើការ​ចោល​ស្បែកជើង​មក​លើ​លោក​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ ឬ​ពលរដ្ឋ​សាមញ្ញ​នោះ ថា​មាន​ទម្រង់​ជាការ​សម្តែង​មតិ​ឬ​យ៉ាង​ណា​ និង​ថា​ បើ​ការ​គប់​ស្បែកជើង​មក​លើ​លោកជា​ទម្រង់ការ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​នោះ លោក​បារម្ភ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ឆ្លើយតប​វិញ​ដោយ​ការ​ចោល​នឹង​ស្បែក​ជើង​ដូចគ្នា​នោះ​ដែរ។

លោក ​ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្សប្រជាជន​កម្ពុជាផង​នោះ​ថ្លែង​ថា​ លោក​មិនស្លុត​នឹង​ការ​គ្រវែង​ស្បែក​ជើង​របស់​បុរស​ខ្មែរ​អាមេរិកាំង​ម្នាក់​មក​លើ​លោក​ទេ​ ព្រោះ​លោក​ធ្លាប់​ត្រូវ​គេ​ប៉ុនប៉ង​ធ្វើឃាត​ តែ​មិន​បាន​សម្រេច​កាលពី​អំឡុង​ទសវត្សរ៍​ ១៩៩០។

លោក​ប្រាប់​ក្រុម​គ្រូពេទ្យ​វ័យ​ក្មេង និង​ក្រុម​មន្ត្រី​កម្ពុជា​យ៉ាង​ដូច្នេះ៖ «២៤ កញ្ញា​ ឆ្នាំ​ ១៩៩៨​ គ្រាប់​បេ​ [B40] បួន​គ្រាប់​ បាញ់​មក​លើ​ឡាន​ខ្ញុំ​ សំណាង​ល្អ​ អ្នក​តាម​ថែ​ទាំ​ខ្ញុំ​ បារមី​ការពារ​ខ្ញុំ​ ផ្ទុះ​តែ​មួយ​គ្រាប់​ ខុស​ឡាន​បន្តិច។ បើ​វា​ត្រូវ​តែ​មួយ​គ្រាប់​ហ្នឹង​ ក៏​វា​ខ្ទេច​ដែរ​ រក​ឆ្អឹង​មិន​ឃើញ​ទេ​ គ្រាប់​ B40​ នោះ!»។

លោក​បន្ថែម​ថា៖ «មិនមែន​លើក​ទី​មួយ​ទេ​ ដែល​គេ​ព្យាយាម​ធ្វើ​ឃាត​លើ​ខ្ញុំ​ វាយប្រហារ​ខ្ញុំ​ វា​ច្រើន​លើក​ហើយ​ អ៊ីចឹង​ វា​មិន​ចម្លែក​ វា​មិន​បង្កើត​នូវ​ការ​ភ័យ​រន្ធត់​ណា​មួយ​របស់​ខ្ញុំ​ទេ។ តែ​ឥឡូវ​អ្វី​ ដែល​ខ្ញុំ​កំពុង​តែ​ព្រួយ​ គឺ​សុវត្ថិភាព​មេដឹកនាំ​ប្រឆាំង​ និយាយ​ឱ្យ​ច្បាស់​ចឹង​ហ្មង!​ បើ​នៅ​ឯណោះ​ ចាត់​ទុក​ថា​ ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ នៅ​ឯ​ណេះ​ ក៏​អាច​គប់​ក្បាល​មេ​ដឹក​នាំ​ប្រឆាំង​នៅ​ស្រុក​ខ្មែរ​បាន​ដែរ»។

លោក ​ហ៊ុន សែន ​ក៏​បាន​ឆ្លៀត​ព្រមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ឱ្យ​មាន​ការប្រយ័ត្នប្រយែងនឹង​ការ​និយាយ​ស្តី​របស់​ផង​ខ្លួន​លើ​ករណី​គប់ស្បែក​ជើង​នេះ​ ខណៈ​លោក​អះអាង​ថា អ្នក​គាំទ្រ​លោក​កំពុង​មាន​ការ​ខឹង​សម្បា​ខ្លាំង​នឹង​ករណី​នេះ​ រហូត​ចង់​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​បន្ថែម​ថា៖ «ក៏ប៉ុន្តែ​ច្បាប់​អាមេរិក​យ៉ាង​ណា​នោះ​ គឺ​ទុក​ឱ្យ​អាមេរិក​ជា​អ្នក​សម្រេច​ បើ​អាមេរិក​ចាត់​ទុក​ការ​យក​ស្បែក​ជើង​គប់​ក្បាល​គេ​ ជា​សិទ្ធិ​បញ្ចេញ​មតិ វា​នឹង​ក្លាយ​ជា​ករណី​រាលដាល​នៅ​ប្រទេស​ដទៃ​ ហើយ​ក៏​មាន​នៅ​កម្ពុជា​ដែរ។ សុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ប្រយ័ត្នប្រយែង​ទៅ​លើ​ការ​ធ្វើ​អត្ថាធិប្បាយ​ខុស​ ព្រោះ​នៅ​ប្រទេស​កម្ពុជាកំពុង​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ត្រៀម​តែ​នឹង​ផ្ទុះ​ទេ។ សុំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​សម្រាប់​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

យ៉ាងណាក៏ដោយ​ បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ករណី​របស់​លោក​គួរ​ត្រូវ​បាន​ដោះស្រាយ​ ដូច​ករណី​នៃ​បុរស​ម្នាក់​ដែល​ជា​អ្នកសារព័ត៌មាន​បាន​លប​ចូល​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ រួច​ចោល​ស្បែក​ជើង​ទាំង​សង​ខាង​ ទៅ​លើ​លោក​ប្រធានាធិបតី​ George W. Bush នៅ​រដ្ឋធានី​បាដាដ​ ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ឆ្នាំ​ ២០០៨។ លោក ហ៊ុន សែន​ បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ បុរស​នោះ​ ក្រោយ​មក​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់​ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ បើ​ទោះបី​ជា​លោក​ Bushប្រាប់​អាជ្ញាធរ​អ៊ីរ៉ាក់​កុំ​ដាក់​ទោស​លើ​បុរស​នោះ​ក៏ដោយ។

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ តែ​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់​ស្ថានទូត​មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល គិត​ត្រឹម​រសៀលថ្ងៃ​អង្គារ​នេះ។​

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​ជា​មនុស្សជំនិត​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក កឹម សុខា​ គឺ​លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​លោក​ក៏​មិន​គាំទ្រ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ជា​ជាង​ការ​ដោះ​ស្រាយ​បញ្ហា​តាម​សន្តិវិធី​នោះ​ដែរ។

អ្នក​នយោបាយ​រូប​នេះ​ ទទូច​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូច​ជា​គណបក្ស​ផ្សេងៗ​ទៀត​ដោយ​ការ​មិន​ប្រើ​ពាក្យពេចន៍​អសុរោះ ជំនួស​មក​វិញ​ដោយ​ពាក្យ​សម្តី​ទូន្មាន។

លោក​និយាយ​ថា៖ «ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវ​អត់ធ្មត់​ ហើយ​ប្រើ​ភាសា​បែប​ជា​ការ​ទូន្មាន​អប់រំ ​បង្ហាញ​អំពើ​ល្អ​ទៅ​វិញ កុំ​ឱ្យ​យក​ការ​សងសឹក។ សងសឹក​គ្នា​រវាង​តែ​ខ្មែរ​គ្នាឯង​វា​ធ្វើ​ឱ្យ​តែ​ជាតិ​អន្តរាយ ឱ្យ​តែ​ប្រជាពលរដ្ឋ​រងគ្រោះ​ ឱ្យ​អ្នកនយោបាយ​មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​បញ្ចេញមតិ​អ៊ីចឹង។ អាហ្នឹង​វា​មិន​មែន​ជា​រឿង​ល្អមើល​ទេ។ ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ»។

ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​គឺ​មិនមែន​ជា​រឿង​អាក្រក់ ដែលអាចជះឥទ្ធិពល​ដល់​សន្លឹក​ឆ្នោត​របស់​បក្ស​ប្រជាជន​នោះ​ទេ។ ប៉ុន្តែ​ជា​ការ​គិត​គូរ​ក៏​ដូច​ជា​ការ​យកចិត្ត​ទុក​ដាក់​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​ក្រុម​គណបក្សដែល​មាន​និន្នាការ​ជំទាស់។

លោក​ថ្លែងថា៖ «អាហ្នឹង​វា​ជា​ការ​គិតគូរ​របស់​គាត់​ក្នុង​ការ​ធានា​សន្តិសុខ​សុវត្ថិភាព​ដល់​បងប្អូន​គណបក្ស​នានា​ដែល​ចូលរួម​ប្រកួតប្រជែង។​ នេះ​មិន​មែន​ជា​រឿង​អាក្រក់​ទេ គឺ​ជា​រឿង​ការគិតគូរ​ក្នុង​ឋានៈ​ជា​អ្នក​ទទួលខុស​ត្រូវ»។

គួរ​បញ្ជាក់​ថា​ សកម្ម​ភាព​គប់​ស្បែក​ជើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ​អ៊ុក ទូច ​ទៅ​លើក​លោក ហ៊ុន​ សែន​ កើត​ឡើង​នៅ​ចំ​ពេល​លោក ហ៊ុន សែន​ កំពុង​សំណេះ​សំណាល​ និង​ថត​រូប​ selfie ជា​មួយ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា​ ឆ្នាំ​ ២០២២។

ក្រោយ​ការ​ចោល​ស្បែក​ជើង​មក​លើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ពីសំណាក់​បុរស​រូប​នោះ​ កូន​លោក នាយករដ្ឋមន្ត្រី​ និង​ក្រុម​មន្ត្រី​ផ្លូវការកម្ពុជា​ បាន​ចាត់ទុក​សកម្មភាព​ដ៏​កម្រនោះ​ថា​ ជា​ការ​ប្រមាថ​មកលើ​លោក ហ៊ុន សែន​ ខណៈ​ឃ្លីប​វីដេអូ​នៃ​ការ​គប់​ស្បែកជើង​នោះត្រូវ​គេ​បង្ហោះ​ ឬ​ចែករំលែក​តៗ​គ្នា​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក៕