ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​កម្ពុជា​ថ្កោលទោស​ទង្វើ​គប់​ស្បែក​ជើង​មក​លើ​លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​ជនជាតិ​ខ្មែរដែលរស់នៅអាមេរិក​និងកាណាដាប្រមាណ២.០០០នាក់​នៅ​សណ្ឋាគារ Washington Hilton ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គឺ​មួយថ្ងៃមុនកិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន។ (Facebook/Cambodian PM Hun Sen)

កូនប្រុសពៅ​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន គឺ​លោក ហ៊ុន ម៉ានី​ និងមន្ត្រីផ្លូវ​ការ​កម្ពុជា​ឯទៀត បាន​ព្រួត​គ្នា​ថ្កោលទោស​ សកម្មភាពគប់​ស្បែក​ជើងលើលោក​ហ៊ុន សែន ​ពី​សំណាក់​ពលរ​ដ្ឋខ្មែរ​អាមេរិកកាំង​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ ​ទី​ដែល​លោក ​ហ៊ុន សែន ​កំពុង​មាន​វត្តមាន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន។

សកម្ម​ភាព​គប់​ស្បែកជើង​ដោយពលរដ្ឋខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ​អ៊ុក ទូច ​ទៅលើកលោក ហ៊ុន​ សែន​ កើត​ឡើង​នៅ​ចំ​ពេល​លោក ហ៊ុន សែន​ កំពុង​សំណេះសំណាល និង​ថត​រូប​ selfie ជាមួយ​ក្រុម​អ្នកគាំទ្រ​លោក​នៅខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន កាល​ពីថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០២២។ សកម្មភាព​ដែល​មន្ត្រី​កម្ពុជា​ ចាត់ទុកថា​ ជា​ការ​ប្រមាថ​មកលើលោក ហ៊ុន សែន​នោះ​ ត្រូវគេថត​បាន​ និងបង្ហោះ​ ឬ​ចែក​រំលែក​តៗគ្នាក្នុងប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​ នៅថ្ងៃ​សុក្រនេះថា ​សកម្មភាព​នោះគឺ​កើត​ឡើង​នៅខាង​មុខ​សណ្ឋាគារ​ ដែល​លោកនាយករដ្ឋមន្ត្រីស្នាក់នៅ​ និងជា​ថ្ងៃដំបូង​ដែល​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​ទៅ​ដល់ទឹក​ដី​សហរដ្ឋ​អាមេរិក។

មន្ត្រី​នាំ​ពាក្យ​រូបនេះ​ បាន​សម្តែង​ការ​ហួស​ចិត្ត និង​បាន​ហៅទង្វើនោះ​ថា​ «ថោកទាប និង​អសីលធម៌» តែលោក​ថា​ទង្វើ​នោះ​ គឺ​នឹងមិនធ្វើ​ឱ្យ​ខូច​កិត្តិយស​របស់នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​នោះ​ទេ។

បើ​តាម​លោក ផៃ​ ស៊ីផាន​ សកម្មភាព​បែប​នេះ​ ក៏ធ្លាប់​កើតឡើងលើថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ និងប្រធានា​ធិបតី​របស់​ប្រទេស​ផ្សេង​ទៀត​ ក្នុង​នោះ​គឺ​ប្រធានាធិបតី​ទី​៤៣​ របស់​សហរដ្ឋអាមេរិក​លោក​ George W. Bush ​ដែល​ត្រូវ​បាន​បុរសម្នាក់​គប់​ដោយ​ស្បែក​ជើងក្នុងពេល​លោកធ្វើសន្និ​សីទ​ព័ត៌​មាន​នៅរដ្ឋធានីបាក​ដាដ​ ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០០៨។

លោក​ថ្លែង​ថា​៖ «ហើយ​គាត់​ធ្វើ​សកម្ម​ភាព​ហ្នឹង សំដៅ​គណ​បក្ស​មួយ​នោះ​ អាហ្នឹង​ជារឿង​មួយ​ដែល​យើង​សោក​ស្តាយ មិនគួរ​ណាមាន​[រឿង]អ៊ីចឹង​កើត​ឡើង​ នៅពេល​យើ​ង​ជួបបដិសណ្ឋារកិច្ច ពេល​ជួប​ជុំមហាគ្រួសារខ្មែរ...​។ ហើយ​មិនគួរ​ណា​មនុស្ស...មាន​ចរិតពាលអ៊ីចឹង​ គឺ​គួរ​ឱ្យ​ស្តាយ»។

បើតាមឃ្លីបវីដេអូមានរយៈ​ជាង​៧នាទី​ ដែល​ត្រូវ​បានលោកហ៊ុន សែន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ផង​នោះ​ គេ​ឃើញស្បែក​ជើង​ម្ខាងហោះ​សំដៅ​ទៅ​លោក ហ៊ុន សែន ប៉ុន្តែ​ស្បែកជើង​នោះ​មិន​បាន​ត្រូវ​លោក ហ៊ុន សែន ​នោះទេ គឺត្រូវ​ចំ​ទូរស័ព្ទដៃរបស់​អ្នក​គាំទ្រលោក ហ៊ុន សែន ម្នាក់​ ដែល​កំពុង​កាន់​ថតរូប​ជា​មួយ​លោក។ វីដេអូ​ដដែលនោះ​ ត្រូវ​គេ​កាត់​មក​ជា​កំណាត់​ខ្លីៗ គឺត្រង់​កន្លែង​មានការ​គប់​ស្បែកជើងលើ​លោក ​ហ៊ុន សែន ​នោះរួច​បង្ហោះ​ក្នុងបណ្តាញ​សង្គម​ហ្វេស​ប៊ុក។ ​

​អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ​បាន​ប្រតិកម្ម​តាម​គណ​នីយ​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះថា Men Sam An Cambodia Deputy Prime Minister កាល​ថ្ងៃទី១២​ ខែ​ឧសភា​ ដោយ​ពណ៌នា​ថា​ សកម្មភាពគប់​ស្បែកជើង​នោះ​ គឺ​ជា​ «ទង្វើ​ដ៏​ថោក​ទាប ដែល​ប្រមាថ​មក​លើ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា»។

ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នកស្រី​ ម៉ែន​ សំអន ​ផ្តល់ការ​អត្ថាធិប្បាយ​បន្ថែមថា​៖ «ទង្វើ​ដ៏ថោកទាប​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ មិន​អាច​ទទួល​យក​បាន និងមិនអាច​លើក​លែង ឬ​សម្រាល​ទោស​កំហុស​ដល់ពួកជ្រុល​និយម​ទាំង​អស់​នោះ​បាន​ទេ»។

ស្រប​ពេលគ្នានេះដែរ​ ​គណនី​ហ្វេសប៊ុកឈ្មោះ Hun Many ( ហ៊ុន ម៉ានី) ដែល​ជា​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ក៏បាន​ចេញ​សារ​ថ្កោលទោស​លើសកម្មភាព​គប់ស្បែកជើង​លើឪពុករបស់ខ្លួន​ផងដែរ​។

សារ​របស់​លោក ​ហ៊ុន ម៉ានី​ បាន​សរសេរ​ក្នុង​អត្ថន័យដើម​ថា៖ ​«ទង្វើ​ដែល​ប្រមាថ​មក​លើ​ពុក​ មក​លើនាយក​រដ្ឋ​មន្ត្រី ​មកលើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែលមិនអាច​ទទួល​យក​បាន​ជាដាច់​ខាត។ ​ទង្វើ​នេះ ​ពួក​យើង​ទាំង​អស់​គ្នា ​ជា​សមា​ជិក​គណ​បក្ស និង​ជាប្រជាជនខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា មិន​អាច​បន្ធូរ​បន្ថយ ឬសម្រាល​ទោសកំហុស​ដល់ពួកជ្រុល​និយមទាំងអស់​នោះ​បាន​ទេ»។

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​ ជុំ សុន្ទរី បាននៅឡើយ​ទេ​នៅ​ថ្ងៃ​សុក្រនេះ​។ ​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ប្រតិភូ​រដ្ឋា​ភិបាល​កម្ពុជា​ កំពុងចូល​រួម​ប្រជុំ​កិច្ច​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ក្នុងរដ្ឋធានីវ៉ាស៊ីន​តោន។​ មេដឹក​នាំ​កម្ពុជា​រូប​នេះ​ រងការ​គប់​ស្បែ​ក​ជើង​ពីលោក​ អ៊ុក ទូច នៅមុន​ពេល​លោក​ចូលរួមប្រជុំ​ជាមួយ​លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ Joe Biden និង​មេដឹកនាំ​ប្រទេស​អាស៊ានផ្សេង​ទៀត​នៅ​សេតវិមានកាល​ពីថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២២។

​លោក​ អ៊ុក ទូច អាយុ​៧១​ឆ្នាំ​ ជាពលរដ្ឋ​ខ្មែរ​អាមេរិ​កាំង​មក​ពី​រដ្ឋ​ California សហរដ្ឋ​អាមេរិក បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ អ្នកយក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​នៅ​សហរដ្ឋអាមេរិក​ថា ​លោក​ធ្វើ​សកម្មភាព​នោះ​ គឺ​ដោយសារ​តែ​លោកខកចិត្ត​ខ្លាំង​នឹង​ការ​ដឹក​នាំ​ប្រទេសរបស់​លោក​ ហ៊ុន សែន​ ដែល​លោក​ចោទ​ប្រកាន់​ថា​ មានការពាក់​ព័ន្ធ​ នឹង​ឃាតកម្ម​ និងការ​ចាប់ខ្លួន​អ្នករិះគន់​រដ្ឋាភិបាល ក្នុងនោះ​មាន​អ្នកវិភាគនយោបាយ​លោក​កែម ឡី ​និង​មេដឹកនាំសហជីព​លោក រ៉ុង ឈុន ជាដើម​។ លោកក៏ចោទ​ថា លោកហ៊ុន សែន​ ខកខាន​មិនបាន​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករនិយោជិត​នៅ​ ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ផងដែរ​។

លោកថ្លែងថា៖ ​«ខ្ញុំ​តាម​ប្រមាញ់​គាត់យូរ ហើយ​ខ្ញុំ​ស្អប់​គាត់​ណាស់​ អាពួក​ផ្តាច់​ការ»។

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​បន្ថែម​ថា ខ្ញុំ​គប់​ក្បាល​ ហ៊ុន សែន ខ្ញុំ​យកស្បែក​ជើង​គប់​ហ្ហេ​ណា...ប៉ុន​ត្រង់ថា​ ហ៊ុន សែន យក​គ្រាប់​បែក​គប់​ក្បាល គប់​អ្នកធ្វើ​បាតុកម្ម​...មុនវិមាន​រដ្ឋសភា​ ងាប់​មិន​ចេះ​តិច​ តើ​ឱ្យប្រជាជន​ខ្មែរ​ ថ្លែង​ថ្លឹង​មើល​ តើ​ទោស​ខ្ញុំ​ធ្វើ​ប៉ុណ្ណឹង​ ធ្ងន់ជាង​ ហ៊ុន សែន ដែល​យកគ្រាប់​បែកទៅ​គប់​លោក​ក្រុម​បាតុករ បាតុកម្ម​យ៉ាង​ម៉េច ឱ្យបង​ប្អូន​ខ្មែរ​ពិចារណាមើ​លត្រង់​ហ្នឹង​។ អ្នក​កាន់​ជើងខាងគណបក្ស​ប្រជាជន​ គិត​មើលហើយ​ប្រាប់ខ្ញុំ​ផង​»។

បើ​តាម​ លោក​ អ៊ុក ទូច ​ លោក​បាន​ចូលរួមពិធីសំណេះសំណាល​ជាមួយលោក ​ហ៊ុន សែន តាម​រយៈកូនចុង​ប្រុស​របស់​លោកដែល​បាន​រៀបការជាមួយក្មួយរបស់​អ្នកស្រី​ ម៉ែន សំអន។ ​

ប្រតិកម្មទៅនឹង​ការ​អះអាង​របស់​លោក ​អ៊ុក ទូច​ ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ​ព្រឹទ្ធសភា និង​អធិការ​កិច្ច អ្នក​ស្រី ម៉ែន សំអន ដែល​ជា​ឧបនា​យក​រដ្ឋ​មន្ត្រី​មួយ​រូបផង​នោះ​ បាន​ចេញ​ការ​បរិហា​រភ្លាម​លើ​សកម្ម​ភាព​របស់​លោកអ៊ុក ទូច​ តែមិន​បាន​បញ្ជាក់​ពីការ​ជាប់សាច់​ឈាម​របស់កូន​ចុង​លោក អ៊ុក ទូច ​និង​ក្មួយ​ស្រី របស់​អ្នក​ស្រី​នោះ​ទេ​។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីអ្នកស្រី ម៉ែន សំអន​ បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។ ​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ លោក​ ឯម សុវណ្ណារ៉ា​ ​បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា ទង្វើ​របស់​លោក ​អ៊ុក​ ទូច​ គឺជាទម្រង់​នៃ​ការ​សម្តែង​មតិរបស់​ពលរដ្ឋ ​ក្នុង​ទឹកដី​សហ​រដ្ឋ​អាមេ​រិក ដែល​មិន​មាន​ច្បាប់​ណាដាក់​ទោស ឬ​ថ្កោល​ទោស​នោះឡើយ។

លោក​ថ្លែង​ថា​៖​ «យើ​ង​សួរ​ថា​ហេតុអ្វី​បាន​ជា​ប្រទេស​លោក​សេរី​ទាំង​អស់​ហ្នឹង គេ​អាច​អនុញ្ញាត​ឱ្យ​គាត់​សម្តែង​មតិ​បែប​ហ្នឹង​បាន​ ហេតុអ្វី​បាន​ជា​កម្ពុជា​យើង​ មិន​អាច​អនុញ្ញាតិ​ឱ្យបាន​ អាហ្នឹងយើង​សួរ​សាមញ្ញ​មក​វិញ ហេតុ​ផលវាខុសគ្នា​ត្រង់ណា​? ដែល​ក្នុង​សង្គមប្រជាធិបតេយ្យ​តែមួយ​ ​អ៊ីចឹង​វា​អត់​មាន​ស្តង់ដា២ ឬ​៣ ទេ​ អាហ្នឹង​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ស្តង់​ដា​អា​មេរិក និង​ស្តង់ដា​កម្ពុជា​មិនគួរ​មា​នទេ​ [ព្រោះ​]គោល​ការ​ណ៍​ច្បាប់​តែ​មួយ​នោះ»។

លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា និយាយថា​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ គេ​មិន​ចាត់ទុក​ការ​សម្តែង​ ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ តាម​រយៈការ​ចោល​ស្បែកជើង​នេះ​ គឺជា​ទោស​ឧក្រិដ្ឋ​ទេ ប៉ុន្តែ​គេ​ចាត់​ទុក​ថាជា​ទង្វើ​ទាម​ទារ​បែប​ជ្រុល​និយម​ និងអសីល​ធម៌។

លោក​ថ្លែង​ថា៖ ​«នៅក្នុង​ប្រទេសជាច្រើន នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិកផង​ គេមិន​ចាត់ទុក​សកម្ម​ភាព​ប្រឆាំង​ទាម​ទារ​ ឬ​ការ​សម្តែង​នូវ​ការ​កើត​ទុកមិនសុខចិត្ត​ តាម​រយៈការ​ចោល​ស្បែក​ជើង​នេះ​ គឺ​ជា​ទោស​ឧក្រិដ្ឋ​ទេ គេចាត់​ទុកថា​ជា​ទង្វើ​ទាមទារ​បែប​ជ្រុល​និយម​ ហើយ​អសីល​ធម៌»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​សម្តែង​ការ​សោក​ស្តាយ​ចំពោះសកម្ម​ភាព​បែប​នោះ ដោយ​ថា​ កាយវិការតវ៉ា​ ឆ្លុះ​បញ្ចាំងឱ្យ​ប្រទេស​ដទៃ​ឃើញ​ថា ​កម្ពុជា​មាន​ការ​បែក​បាក់ផ្ទៃក្នុង​៕

XS
SM
MD
LG