លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានរំលាយគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយ ប្រសិនបើមេដឹកនាំប្រឆាំងនៅខាងក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី បន្តវាយប្រហាររដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។ ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត ហើយលោក ហ៊ុន សែន កំពុងស្នើវិសោធនកម្មច្បាប់ដែលកំហិតសិទ្ធិសមាជិកគណបក្សជំទាស់ ប្រសិនបើពួកគេមិនបានទៅបោះឆ្នោត។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ថ្លែងព្រមានរំលាយគណបក្សប្រឆាំងចោលភ្លាមៗ ប្រសិនបើ គណបក្សនេះមានទំនាក់ទំនងជាមួយនឹងអ្នកដឹកនាំប្រឆាំងនៅក្រៅប្រទេស ដែលទំនងលោកសំដៅលើលោក សម រង្ស៊ី។
លោក ហ៊ុន សែន ថ្លែងថា៖ «ហើយពួកអាអ្នកនៅខាងក្រៅ ពួកអាក្រុមនេះកំពុងតែៗ រុញច្រានឱ្យយើងឈានឆ្ពោះទៅរកការរំលាយគណបក្សដែលជាដែលបញ្ជាពីខាងក្រៅ។ សូមផ្តាំផ្ញើទៅៗ។ បើចង់ឱ្យខាងក្នុងរលាយ អាខាងក្រៅស្រែកឱ្យឮបន្តិចមក!»
កាលពីថ្ងៃអង្គារ លោក សម រង្ស៊ី បានចេញវីដេអូមួយ ដោយលោកអំពាវនាវឱ្យប្រជាពលរដ្ឋគូសចោលសន្លឹកឆ្នោត ដោយសារតែមិនមានឈ្មោះគណបក្សដែលខ្លួនស្រឡាញ់។
លោក សម រង្ស៊ី ថ្លែងថា៖ «បើសួរយោបល់ខ្ញុំពីការបោះឆ្នោតខាងមុខនេះ បើប្រជាពលរដ្ឋ អ្នកណាក្លាហានមិនទៅបោះឆ្នោតអាហ្នឹងស្រេចតែចិត្តគេ។ ហើយបើនរណារងគ្រោះភ័យខ្លាចគេ សម្លុតទៅៗ ប៉ុន្តែគូសចោលទៅ។ សន្លឹកឆ្នោតនោះគូសចោលទៅ!»
ព័ត៌មានទាក់ទង៖ លោក សម រង្ស៊ី ប្រាប់ពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ខណៈអវត្តមានគណបក្សភ្លើងទៀនអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា គណបក្សភ្លើងទៀនមិនមានអ្វីជាប់ពាក់ព័ន្ធគ្នាទៅនឹង ថ្នាក់ដឹកនាំនៅក្រៅប្រទេស ជាពិសេសគឺ លោក សម រង្ស៊ី ឡើយ។ លោកបន្តថា គណបក្សភ្លើងទៀនជាគណបក្សដែលមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំត្រឹមត្រូវ មិនដែលធ្វើអ្វីទៅតាមការលើកឡើងរបស់អ្នកដឹកនាំនៅក្រៅប្រទេសឡើយ។
លោកបញ្ជាក់ថា៖ «ចង់ប្រាប់ថា យើងគ្មានទំនាក់ទំនងជាមួយអ្នកនៅខាងក្រៅទេ។ គណបក្សយើងធ្វើអី យើងមានថ្នាក់ដឹកនាំរបស់យើងប្រជុំស្រាប់។ អ៊ីចឹង យើងធ្វើនយោបាយគឺឆ្ពោះទៅរកការបោះឆ្នោតមិនមែនធ្វើនយោបាយដើម្បីផ្តួលរំលំអ្នកណាទេ។ ហើយប៉ុណ្ណឹងផង យើងនៅតែមិនអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ អ៊ីចឹងចង់បញ្ជាក់ជំហរសាជាថ្មីថាគ្មានទំនាក់ទំនងជាមួយនឹងលោក សម រង្ស៊ី ទេ។ អ្វីដែលលោក សម រង្ស៊ី ធ្វើ គឺជាសិទ្ធិរបស់គាត់ដែលនិយាយក្នុងនាមគាត់ជាមនុស្សម្នាក់នៅក្រៅ ហើយវិភាគពីរឿងស្ថានការណ៍នយោបាយនៅកម្ពុជា»។
អ្នកវិភាគនយោបាយលោក សេង សារី កត់សម្គាល់ថា ខណៈពេលនេះអ្វីដែលលោក ហ៊ុន សែន បានលើកឡើងគឺសុទ្ធតែអាចធ្វើទៅរួចបានទាំងអស់ ព្រោះលោកនាយករដ្ឋមន្ត្រីមានអំណាចពេញដៃ មិនថាអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ។
លោកប្រាប់វីអូអេថា៖ «មួយទៀតលោក នាយករដ្ឋមន្រ្តីហ៊ុន សែន ក៏កំពុងតែពង្រីកវិសាលភាពនៃការអនុវត្តយុទ្ធសាស្រ្តក្នុងការកម្ទេចឫសគល់ចលនាសម រង្ស៊ី និយម ដែលនៅរាយប៉ាយនៅកម្ពុជា មានទាំងអ្នកគាំទ្រ មានទាំងសកម្មជន ហើយក៏មានទាំងថ្នាក់ដឹកនាំមាននិន្នាការគាំទ្រលោក សម រង្ស៊ី នោះ»។
លោក សេង សារី បន្ថែមថា យុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន មិនត្រឹមតែមានចេតនាដាក់លោក សម រង្ស៊ី ឱ្យនៅឯកា ហើយបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចេតនាក្នុងការកម្ទេចឫសគល់គណបក្សសង្រ្គោះជាតិ អ្នកគាំទ្រគណបក្ស និងគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យ៕