លោក​ ​ហ៊ុន សែន​ ​សន្យា​បញ្ចប់​វិវាទ​ដីធ្លី​នៅ​លើ​កោះរ៉ុង

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃំុសង្កាត់ ក្រោយពេលដែលលោកបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឺទ្ធសភា នៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ទាំងអស់​នៅ​កោះរ៉ុង។​ ​ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​លើកឡើង​ថា​ ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ នឹង​ទទួល​បាន​ប្រសិទ្ធភាព​ ​ប្រសិនបើ​មន្ត្រី​ដែល​ជា​អ្នក​ដោះស្រាយ​មិន​និយម​បក្ស​ពួក។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ដាក់​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់ ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​កំពុង​មាន​ទំនាស់​នៅ​កោះរ៉ុង​ ​ដោយ​ភ្ជាប់​ការ​ព្រមាន​ដល់​អ្នក​មាន​អំណាច​ ​និង​មាន​លុយ​ដែល​នៅ​ពី​ក្រោយ​ទំនាស់​ដី​នៅ​កោះរ៉ុង​នេះ ​ឲ្យ​ដក​ខ្លួន​ចេញ​ជាបន្ទាន់។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ថ្មី​មួយ​ លើ​កោះរ៉ុង​ ​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ ​គិត ម៉េង ​ឧកញ៉ា​កាន់កាប់​ជំនួញ​ធំៗ​យ៉ាង​ច្រើន​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​លើកឡើង​ថា​ ​វិវាទ​ដី​ធ្លី​នៅ​កោះ​រ៉ុង ​ដែល​ជា​កោះ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ​កើត​ឡើង​ដោយ​សារ​អ្នក​ដែល​ទន្ទ្រាន​យក​ដី​ ​ភាគច្រើន​ជា​អ្នក​មាន​អំណាច​រស់​នៅ​រាជធានី​ភ្នំពេញ​ ​ឬ​កន្លែង​ផ្សង​ ​ក្រៅ​ពី​កោះរ៉ុង។

លោក​ ហ៊ុន សែន ក៏​បាន​បញ្ជា​លោក​ ​ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​នគរ​រូបនីយកម្ម​ ​និង​សំណង់​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​លើ​កោះរ៉ុង​ទាំងមូល​ ​តាម​រយៈ​ការ​ពិនិត្យ​មើល​ ​និង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​កាន់កាប់​ដី​ពិតប្រាកដ។​

លោក​មាន​ប្រសាសន៍​ថា៖

«ចំណុច​នេះ​ខ្ញុំ​សូម​ឲ្យ​មាន​ដំណោះ​ស្រាយ​មួយ​សមស្រប​ ​សម្រាប់​ការ​ដោះ​ស្រាយ​ប្រជាជន​នៅ​លើ​កោះ​ដែល​មាន​៥៨៤​ក្បាល​ដី​ ​ឥឡូវ​ត្រូវ​បំព្រួញ​វា​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​រង់ចាំ។​ ​ឯកឧត្ដម​ ​ជា សុផារ៉ា​ ​ត្រូវ​ពិនិត្យ​ថា​ក្នុង​៥៨៤​ក្បាល​ដី​នេះ​ ​អ្នកណា​ដែល​គ្មាន​ការ​ពាក់ព័ន្ធ ​គឺ​យើង​ចេញ​ទៅ​ ​[ប័ណ្ណ​កម្មសិទ្ធិ]​ ​ដើម្បី​កាត់​បន្ថយ​ចំនួន​វា​ឲ្យ​នៅ​កាន់តែ​តិច​ ​ហើយ​អ្នក​ដែល​តិច​ដោះស្រាយ​មិន​បាន​ ​យើង​ត្រូវ​យក​ដី​ផ្សេង​ជូន​ពួក​គាត់​ ដែល​នេះ​ជា​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ​ ​សម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង​អាច​រស់នៅ​លើ​កោះ​នេះ​បាន»។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា​ ​អនុក្រឹត្យ​ដែល​លោក​បាន​ចេញ​ឲ្យ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​កោះរ៉ុង​កន្លង​មក​ ​មាន​ចំនួន​១,២២១​ ​ក្បាលដី​ ​ក្នុង​នោះ​រដ្ឋាភិបាលបាន​ប្រគល់​ ​៦៣៧​ក្បាលដី ដែល​មាន​ទំហំ​ ៥២,៥៣៧​ ​ហិកតា​ ​ឲ្យ​ទៅ​ប្រជាជន​ ២០៤​ គ្រួសារ​ ​ដែល​រស់នៅ​អចិន្ត្រៃយ៍​នៅ​លើ​កោះ​នោះ។ ចំណែក​ក្បាលដី​ចំនួន​៥៨៤​ទៀត​ ​កំពុង​មាន​វិវាទ និង​បន្ត​ពិនិត្យ​អត្តសញ្ញាណ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​ព្រមាន​ឲ្យ​អ្នក​មាន​លុយ​ ​មាន​អំណាច​ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅ​កោះរ៉ុង​ ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​វិវាទ​ដីធ្លី​នេះ ព្រមទាំង​បាន​ព្រមាន​ដក​អភិបាល​ខេត្ត​ចេញ​ពី​តំណែង​ ​ប្រសិន​បើ​មាន​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។​

អ្នកស្រី​ ​ជាប សុធារី​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ទំនាស់​ដី​ធ្លី​លើ​កោះរ៉ុង​ ចាប់​ផ្ដើម​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​បន្ទាប់ពី​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ចាប់ផ្ដើម​ទៅ​កម្សាន្ត​នៅ​ទីនោះ​ច្រើន។

អ្នកស្រី​បន្ថែម​ថា​ ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​លើ​កោះ​ដែល​មាន​ប្រជាប្រិយភាព​មួយ​នេះ​ ​នឹង​ទទួល​បាន​ប្រសិទ្ធ​ភាព​ ​ប្រសិន​បើ​មន្ត្រី​ដែល​ជា​អ្នក​ដោះស្រាយ​មិន​និយម​បក្សពួក។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«បើ​សិន​ជា​អ្នក​ដោះ​ស្រាយ​ហ្នឹង​មាន​ជំហរ​ឯករាជ្យ​ ​ហើយ​គាត់​មុននឹង​ធ្វើការ​សម្រេច​យ៉ាង​ណា​ គឺ​គាត់​ចុះ​ទៅ​ប្រមូល​ព័ត៌មាន ផ្ដល់​ឱកាស​ឲ្យ​គេ​ទាំង​សង​ខាង​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ដាក់​ភស្តុតាង​ ​ក្នុង​ការ​ថ្លែង​អំពី​ប្រវត្តិ​នៃ​ការ​កាន់កាប់​ដី​របស់​គាត់​ ​ដោយ​វិធី​មួយ​យើង​ថា​ ឈ្នះៗ​ទាំងអស់​គ្នា​ ​ដោយ​ការ​ចែក​រំលែក​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅ​មក​ ​អា​ហ្នឹង​បាន​ ​អត់​អី​ទេ។ប៉ុន្តែ ​បើ​ការ​ដោះ​ស្រាយ​ហ្នឹង​របៀប​និយម​បក្សពួក​ ​ឬ​ក៏​បុគ្គល​អី​ហ្នឹង​ ​អា​ហ្នឹង​មុខ​តែ​ប្រជា​ពលរដ្ឋ​ហ្នឹង ​មិន​អាច​ទទួល​យក​បាន​ទេ»។​

ការ​បញ្ជា​ឲ្យ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​លើ​កោះរ៉ុង​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នា​ពេល​កន្លង​ទៅ​ បាន​ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​ដង​ ​ដោយ​ព្រមាន​ដក​មន្ត្រី​អសកម្ម​ចេញ​ពី​ជួរ​រដ្ឋាភិបាល​ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​បង្ក​បញ្ហា​មួយ​ ​ដែល​លោក​ហៅ​ថា​ជា​ដំបៅ​មហារីក‍ ខណៈ​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​មក​ដល់៕