លោក​ ហ៊ុន សែន ​រិះ​គន់​លោក​ ត្រាំ ​ដែល​គាំទ្រ​ក្រុម​ប្រឆាំង​នៅ​វេណេស៊ុយអេឡា

មេដឹកនាំ​គណបក្សប្រឆាំង​វេណេស៊ុយអេឡា លោក Juan Guaido ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា កាល​ពី​ថ្ងៃទី​២៥ មករា ២០១៩។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃព្រហស្បតិ៍បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​គាំទ្រ​របស់​ស.រ.អា.​ប្រទេស​បារាំង​និង​ប្រទេស​លោក​សេរី​ដទៃ​ទៀត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​និង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ នៅ​ប្រទេស​វេណេស៊ុយអេឡា ​ដែល​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​អះអាង​ថា ​ជា​ការ​បោះឆ្នោត​ក្លែង​បន្លំ​អយុត្តិធម៌។

លោក​ ហ៊ុន សែន​ បាន​និយាយ​ថា ​ការ​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ស.រ.អា.​ដូណាល់​ ត្រាំ ​ចំពោះ​គណបក្ស​ប្រឆាំង​នោះ​ រួម​ចំណែក​បង្ក​អសន្តិសុខ​និង​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​នោះ ​ហើយ​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ។

ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ក្នុងគ្រា​ដែល​មេដឹកនាំ​ប្រទេស​ប្រជា​ធិបតេយ្យ​ក្នុង​ពិភព​លោកអំពាវនាវ​ឲ្យ​លោក Nicolas Maduro ប្រធានាធិបតី​ប្រទេស​វេណេស៊ុយអេឡា​ចុះចេញ​ពី​តំណែង​ហើយ​ទទួល​ស្គាល់​លោក ​Juan Guaido ​មេដឹកមាំ​ក្រុម​ប្រឆាំង​ឲ្យ​ធ្វើ​ជាប្រធានាធិបតី​អន្តរកាល។

ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ចិន រុស្ស៊ី​ និង​ប្រទេស​តួកគី​ បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​ប្រកាស​របស់​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​ស.រ.អា.​និង​ប្រទេស​បារាំង​ប្រកាស​ទទួល​ស្គាល់​ប្រធានាធិបតីបណ្តោះ​អាសន្ន​របស់​ក្រុម​ប្រឆាំង៕