លោក ហ៊ុន សែន ស្នើ​អាមេរិក​លុប​ចោល​បំណុល ខណៈ​អ្នក​វិភាគ​ថា​ភាព​លម្អៀង​ទៅ​ចិន​នៅ​តែ​ជា​បញ្ហា

រូបថតផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីស្ថានភាពការងារនៅសហរដ្ឋអាមេរិក នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍ បាន​ចាប់​ផ្តើម​ស្នើជា​ថ្មី​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក Joe Biden ពិចារណា​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់ ខណៈ​បំណុល​នេះ​បាន​កើន​ឡើង​ដល់​ជាង​ ៥០០​ លាន​ដុល្លារអាមេរិក បើ​គិត​ទាំង​ការ​ប្រាក់។

នេះ​ជា​ការ​ស្នើ​ជា​ថ្មី បន្ទាប់​ពី​លោក​ ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ទៅ​កាន់អតីត​ប្រធានាធិបតី​អាមេរិក លោក Barack Obama ដោយ​ផ្ទាល់​នៅ​លើ​ទឹក​ដី​កម្ពុជា ក្នុង​ជំនួប​មួយ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២។

នៅ​ក្នុងការ​ថ្លែង​សារ​អន្តរាគមន៍​លើ​ជំងឺ​កូវីដ ​១៩ កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ស្និទ្ធិ​ទៅ​រក​ប្រទេស​ចិន បាន​លើក​ឡើង​ពី​ស្នា​ដៃ​របស់​លោក​ក្នុង​ការ​នាំ​មក​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​ដល់​ប្រទេស ដោយ​បញ្ចប់សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។

លោក​ក៏​បាន​ឆ្លៀត​យក​ចំណុច​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​មក​ថ្លែង ដោយ​ថា ​អាមេរិក​មិន​ត្រូវ​បង្ខំ​កម្ពុជា​ឲ្យ​សង​បំណុលនោះ​ទេ ក្រោម​ហេតុ​ផល​ថា ​បំណុល​នោះ​ជា​បំណុល​កខ្វក់ ដោយ​សារ​ខ្ចី​អាមេរិក​មក​ធ្វើ​សង្រ្គាម ហើយ​កម្ពុជា​ចោទ​អាមេរិកបាន​ទម្លាក់​គ្រាប់​បែក​លើទឹក​ដី​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «សង្ឃឹម​ថា ​រដ្ឋបាល​របស់​ឯកឧត្តម​ប្រធានាធិបតី ​ចូ បៃដិន មេត្តា​ពិចារណា​អំពី​បញ្ហា ហ្នឹង។ ប្រៀប​ដូចជា​យក​អា​ដែង​ណា​អា​ញួរ ​(ញញួរ) យក​ពូថៅ​មក​វាយ​ក្បាល​យើង​ខ្ញុំ​ហើយ តម្រូវ​ឲ្យ​យើង​ខ្ញុំ តម្រូវដាច់​ខាតត្រូវ​តែ​ជូត​ឈាម​ចេញ​ពី​ពូថៅ​ហ្នឹង​ទៅ​ទៀត»។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក អូបាម៉ា ធ្លាប់​លើក​ឡើង​ប្រាប់​លោក​ថា ​រូប​លោក​ជា​ប្រធានាធិបតីមាន​ការ​លំបាក​ក្នុង​ការ​ពន្យល់​ទៅ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​របស់​លោក ​ក្នុង​ការ​លុប​ចោល​បំណុល​នេះ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​លំបាក​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក​ ហ៊ុន សែន បាន​ឆ្លើយ​តប​វិញ​ថា ​រូប​លោក​ផ្ទាល់​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ពន្យល់​ទៅ​សភានិង​ប្រជាជន​កម្ពុជា​អំពី​បំណុល​នេះ។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង ​២៧០ ​លាន​ដុល្លារ ​ដល់​រដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ នៅ​ដើម​ទសវត្សរ៍​ ១៩៧០ ដើម្បី​ទិញ​ស្បៀង​និង​កសិផល​ផ្សេងៗ​ របស់​សហរដ្ឋ​អាមេរិក។ កម្ចី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កម្មវិធី​មួយ​ឈ្មោះ​ថា Food for Peace ឬ «ស្បៀង​សម្រាប់​សន្តិភាព»។ នេះ​បើ​យោងតាម​កាសែត ​The New York Times។

រូបឯកសារ៖ លោកសេនាប្រមុខ លន់ នល់ (កណ្តាល) នាយករដ្ឋមន្ត្រីកម្ពុជានៃរបបសាធារណរដ្ឋ ធ្វើដំណើរទស្សនកិច្ចយោធានៅស្គន់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៣។ (AP Photo/Max Nash)

លោក ​Chad Roedemeier​ អ្នក​នំា​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា៖ «យើង​នៅ​តែ​រក្សា​ទ្វារ​ចំហ​ជានិច្ច សម្រាប់​ពិភាក្សា​លើ​បញ្ហា​បំណុល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»។

លោក​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ភាព​មិន​ត្រូវ​រ៉ូវ​គ្នា​លើ​ការ​ដោះ​ស្រាយបញ្ហា​បំណុល​នេះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ដ៏ច្រើន​សម្បើម​ដើម្បី​គាំទ្រ​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ ៣០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ជាង​ ៣​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ផល​ប្រយោ​ជន៍​ជា​ជំនួយ​បរទេស​និង​ផល​ប្រយោជន៍​ពាណិជ្ជកម្ម។

លោក​បន្ត​ថា ​អាមេរិក​បន្ត​ប្តេជ្ញា​គាំទ្រ​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ប្រទេស​មួយ ​ដែល​មាន​សន្តិភាព វិបុលភាព និង​ប្រជាធិប​តេយ្យ​បន្ថែម​ទៀត។

លោក​បន្ថែម​ថា ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស និង​ដៃ​គូ​ផ្សេង​ទៀត មាន​ជាង ​៧ ពាន់​លាន​ដុល្លារ​អាមេ​រិក ហើយ​ក្នុង​នោះ​មាន​តែ​ចំណែក​តូច​ប៉ុណ្ណោះ​ ដែល​ជំពាក់​សហរដ្ឋ​អាមេរិក។

បើ​យោង​តាម​ឯកសារ​សង្ខេប​ជា​ស្ថិតិ​របស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចេញ​ផ្សាយ​កាល​ពី​ខែ​មករា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ដៃគូ​បរទេស បាន​កើន​ឡើង​ដល់​ប្រមាណ​ ៨.៨៦០ ​លាន​ដុល្លារ​អាមេរិក មក​ទល់​នឹង​ដំណាច់​ខែ​ធ្នូ ឆ្នាំ ​២០២០។

ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ចិន​ជា​ម្ចាស់​កម្ចី​ធំ​ជាង​គេ​ ដែល​កាន់​កាប់​អត្រា​ ៤៥% ស្មើ​នឹង​ជិត​ ៤​ ពាន់​លាន​ដុល្លារ ខណៈ​ ៣១%​ ទៀត​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុ​ភាគី​នានា​ ដូច​ជា​ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម។

លោក​ ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ​កម្ពុជា​ហាក់​បង្ហាញ​ជំហរ​ទៅ​កាន់​ភាគី​ចិន ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​យល់​ថា ​កម្ពុជា​មិន​មាន​ជំហរ​អព្យាក្រឹត្យ​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​តែ​គោល​នយោ​បាយ ប៉ុន្តែ​ឥរិយាបថ​របស់​យើង វា​ល្អៀង​ទៅ​ខាង​ចិន​ច្រើន​ជាង​ហើយ​យើង​តែ​ង​តែ​រិះគន់​វាយ​ប្រហារ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ច្រើន»។

ទោះ​ជា​យ៉ាង​ណា លោក​គាំទ្រ​ការ​ផ្លាស់​ប្តូរ​ជំនួយ​នេះ​មក​ជា​ជំនួយ​អភិវឌ្ឍន៍​វិញ បន្ទាប់​ពី​កាត់​ចេញ​ខ្លះ និង​តម្រូវ​ឲ្យ​កម្ពុជា​សង​អាមេរិកក្នុង​ចំនួន​ណា​មួយ។

ប៉ុន្តែ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក ដែល​មិន​មាន​ភាព​ល្អ​ប្រសើរ នៅ​តែ​ជា​បញ្ហា​នា​ពេល​នេះ។

កាល​ពី​ដើម​ខែ​មេសា ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា​ សហរដ្ឋ​អាមេរិក​ប្រើ​តួនាទី​ «គ្រប​ដណ្តប់​លើ​គេ» ក្រោយ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ស្ថានភាពសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២០។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មីនា ដោយ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្ស​ជា​ដើម។

ជា​ការ​ឆ្លើយ​តប​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ «ដោយ​គ្មាន​អាណត្តិ​ជាក់ស្តែង​ណា​មួយ​ដែល​ផ្តល់​ដោយ​អង្គការ​សហ​ប្រជាជាតិ សហ​រដ្ឋ​អាមេរិក​តែង​តែ​ប្រកាន់​យក​តួនាទី​គ្រប​ដណ្តប់​លើ​គេ​ នៅ​ក្នុង​ការ​រិះ​គន់​ជា​ឯកតោ​ភាគី​និង​តាម​អំពើ​ចិត្ត​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ដទៃ​ទៀត»។

កម្ពុជា​លើក​ឡើង​បន្ថែម​ថា៖ «ស្ថាប័ន​ណា​ក៏​ដោយ​នៅ​សហ​រដ្ឋអាមេរិក ដែល​មាន​បំណង​វាយ​តម្លៃ​ប្រទេស​កម្ពុជា មិន​គួរ​បិទ​ភ្នែក​ចំពោះ​បំណុល​សីលធម៌​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​អតីត​រដ្ឋការ​បាន​ជំពាក់​ព្រះរាជាណាចក្រ​និង​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​កម្ពុជា ​ដែល​បាន​ទទួល​រង​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ដោយ​មិន​រើស​មុខ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ​នោះ​ទេ»៕