នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកហ៊ុន សែន បានអំពាវនាវនៅថ្ងៃអង្គារនេះកុំឲ្យប្រជាពលរដ្ឋខឹងសម្បារនឹងក្រុមមេធាវីការពារក្តីឲ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបើទោះបីជាអតីតមេដឹកនាំខ្មែរក្រហមទាំងនោះជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មសម្លាប់រង្គាលប្រជាពលរដ្ឋខ្លួនឯងក៏ដោយ។
សេចក្តីអំពាវនាវនេះធ្វើឡើងក្នុងពេលដែលសាលាក្តីខ្មែរក្រហមកំពុងកាត់ទោសនួន ជា អតីតប្រធានសភាខ្មែរក្រហមដែលជាអតីតមេដឹកនាំអំណាចកំពូលទី២របស់ពួកខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ក្នុងសំណុំរឿង០០២ វគ្គទី២។
អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរត្រូវចោទប្រកាន់ទាក់ទងនឹងការទទួលខុសត្រូវនៃការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពេលដែលពួកគេកាន់អំណាចពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
លោកហ៊ុន សែន បានលើកនៅក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញថាការការពារក្តីគឺជាតួនាទីរបស់មេធាវីបើទោះបីជាកូនក្តីរបស់ខ្លួនបានប្រព្រឹត្តខុសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
«ប្រជាពលរដ្ឋយើងមួយចំនួនទៅខឹងមេធាវីជនជាប់ចោទនៅក្នុងសាលាក្តីខ្មែរក្រហម។ ទេសុំប្រជាពលរដ្ឋរបស់យើងកុំខឹងនឹងមេធាវីការពារលោកនួន ជា មេធាវីការពារលោកខៀវ សំផន មេធាវីការពារអ្នកមុនៗ។ កុំខឹងគាត់។ មុខនាទីគាត់ទោះបីកូនក្តីខុសប៉ុណ្ណាក៏ដោយ។ រកវិធីធ្វើឲ្យត្រូវ»។
កាលពីប៉ុន្មានឆ្នាំមុនក្រុមប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយរបបខ្មែរក្រហមនិងជាដើមបណ្តឹងរដ្ឋប្បវេណីបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយហៀបនឹងបង្កឲ្យមានអំពើហិង្សាប្រឆាំងនឹងលោកស សាវ៉ាន អតីតសហមេធាវីការពារក្តីឲ្យខៀវ សំផន នៅក្នុងសន្និសីទកាសែតមួយនៅសាលាក្តីខ្មែរក្រហម។មូលហេតុគឺដោយសារតែលោកមេធាវី ស សាវ៉ាន និយាយកាន់ជើងអតីតប្រមុខរដ្ឋខ្មែរក្រហមរូបនេះ។ហើយក្រុមប្រជាពលរដ្ឋទាមទារឲ្យចាត់ទុកថាខៀវ សំផន មានកំហុសដែលមិនអាចអត់ឱនឲ្យបាន។
នួន ជានិងខៀវ សំផន ដែលមានវ័យជាង៨០ឆ្នាំរៀងៗខ្លួនត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះលោកប្រមុខរដ្ឋាភិបាលខ្មែរក៏បានរិះគន់ការធ្វើពហិការមិនព្រមចូលរួមសវនាការរបស់ក្រុមមេធាវីការពារចុងចោទខៀវ សំផន និងនួន ជា កាលពីចុងឆ្នាំកន្លងទៅ។លោកបានហៅការធ្វើពហិការនោះថាគឺជារឿងឆោតល្ងង់និងជាការអូសបន្លាយពេលវេលាកាត់ទោស។
«សុំកុំចេះតែពហិការ។ បើដូច្នេះតើជាតិណាទៅកាត់បាន(ចប់)?»
លោក សុន អរុណ សហមេធាវីកម្ពុជាការពារឲ្យនួន ជា បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់យល់ពីតួនាទីរបស់មេធាវីការពារអតីតមេដឹកនាំជាន់ខ្មែរក្រហម។ ប៉ុន្តែលោក ហ៊ុន សែន ដែលជាសមាជិកគណៈមេធាវីមួយរូប លោកយល់បញ្ហានេះ។
«នៅមានអ្នកខ្លះមិនសូវចូលចិត្តចឹងដែរ។ គេថាមេខ្មែរក្រហមជាមេឃាតករសម្លាប់ជនជាតិឯង។អ្នកដែលមិនយល់មិនបានដឹងអំពីច្បាប់នេះចេះតែស្អប់ពីព្រោះគេស្អប់ខ្មែរក្រហម គេស្អប់មេធាវីដែរ»។
សំដីរបស់លោក(ហ៊ុន សែន) មានន័យថាលោកយល់ពីច្បាប់និងក្រមសីលធម៌របស់មេធាវីច្បាស់លាស់ពីព្រោះលោកជាមេធាវី។ លោកបានអាននិងរៀនដែរ»។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថា នេះជាសារមានប្រយោជន៍សម្រាប់សាធារណជនដែលបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានតាមដានដំណើរការកាត់ទោសខ្មែរក្រហមផងដែរ។ ប៉ុន្តែលោកឡាត់ គី មើលឃើញថា ក្រុមប្រជាពលរដ្ឋមានការយល់ដឹងជាមូលដ្ឋានបានច្រើនអំពីដំណើរការនិងតួនាទីក្នុងការកាត់ក្តីនៅពេលនេះ៕