លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តការពារគុណភាពវ៉ាក់សាំងរបស់ប្រទេសចិន ឈ្មោះស៊ីណូហ្វាម (Sinopharm) ខណៈលោកចាក់វ៉ាក់សាំង AstraZeneca ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលមានតំណែងជារដ្ឋមន្រ្តី បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។ វ៉ាក់សាំង AstraZeneca ចំនួន ៣២៤.០០០ ដូស ត្រូវបានបញ្ជូនមកកម្ពុជា កាលពីយប់ថ្ងៃអង្គារ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយចាក់វ៉ាក់សាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអាយុ ៦៨ ឆ្នាំ បានថ្លែងថា លោកចាក់វ៉ាក់សាំង AstraZeneca នេះ ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកមានអាយុចាប់ពី ៦០ ឆ្នាំឡើង។ លោកថាលោកមិនអាចចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមបាន ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ។
លោក ហ៊ុន សែន បានចេញវិធានការថាវ៉ាក់សាំង AstraZeneca នេះ អាចចាក់បានតែក្រុមមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងតែប៉ុណ្ណោះ។ លោកបន្ថែមថា អ្នកដែលមានក្រោមអាយុ ៦០ ឆ្នាំ ត្រូវចាក់វ៉ាក់សាំងរបស់ចិនឈ្មោះស៊ីណូហ្វាម។
លោក ហ៊ុន សែន បន្តការពារវ៉ាក់សាំងរបស់ចិនថា៖ «អ្នកដែលចាត់ទុកថាវ៉ាក់សាំងមកសម្លាប់មនុស្ស មិនចាំបាច់ចាក់ក៏បានដែរ។ ប៉ុន្តែយើងមិនចង់ឲ្យគ្នាធ្លាក់ទៅដល់ស្ថានភាពហ្នឹងទេ។ បើគេគិតខុសហើយ យើងគួរតែតម្រង់ផ្លូវគេឲ្យមករកកន្លែងត្រូវវិញ»។
លោក ហ៊ុន សែន បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបញ្ហាទាក់ទិននឹង «វេជ្ជសាស្រ្តបច្ចេកទេស» មិនមែនជាបញ្ហានយោបាយនោះទេ។
ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយអបអរសាទរលោក ហ៊ុន សែន និងភរិយា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ស្ថានទូតបន្តថា៖ «ការចាក់វ៉ាក់សាំង ក៏មិនបែងចែកជាប្រទេសណាដែរ។ យើងសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងដែលជាជំនួយរបស់ចិន និង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ ប្រទេសចិនបានប្រកាសថា វ៉ាក់សាំង ៤០ ម៉ឺនដូសទៀតដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលអាចចាក់មនុស្ស ២០ ម៉ឺននាក់ នឹងមកដល់កម្ពុជា នៅមុនចូលឆ្នាំខ្មែរ៕