លោក​ ​ហ៊ុន សែន​ ជំរុញ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ដាំ​បន្លែ​ធម្មជាតិ និង​ពហិការ​គ្រឿង​បរិភោគ​មាន​ជាតិ​គីមី

  • នៅ វណ្ណារិន

អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ

ខណៈ​គ្រឿង​បរិភោគ​មាន​ជាតិ​គីមី​មាន​ច្រើន​ក្នុងទីផ្សារ​នៅ​កម្ពុជា​ លោក​ ​ហ៊ុន សែន​ជំរុញ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ដាំ​បន្លែធម្មជាតិ​ និង​ពហិកា​គ្រឿង​បរិភោគ​នាំ​ចូល​ពី​បរទេស​នេះ។ ​មន្ត្រី​សហជីព​និយាយ​ថា ​ ​នេះជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

លោក​ ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិកា​រចំពោះ​បន្លែ​ និងគ្រឿង​បរិភោគ​នាំចូល​ពី​បរទេស​ដែល​មាន​ផ្ទុក​សារធាតុគីមី​និង​ជំរុញ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​បង្កើន​ការ​ដាំ​បន្លែ​ធម្មជាតិ​ក្នុង​ស្រុក។​

នេះ​គឺ​ជា​ការ​ថ្លែង​លើកទី​ពីរ​របស់​លោក​ ​ហ៊ុន សែន ​ដែល​បន្ទោស​ពល​រដ្ឋខ្មែរ​ថា​ បាន​ប្រើ​ប្រាស់​បន្លែ​ ឬ​គ្រឿ​បរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​ពី​បរទេស​ ​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​ការ​នាំចូល​ផលិត​ផល​ទាំង​នេះ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ច្រើន។​

ថ្លែង​ប្រាប់ក្រុម​គ្រូពេទ្យ​ និង​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​មួយ​ខ្នង​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជាសូវៀត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

​«ឥឡូវ​យើង​កុំទិញ​អា​របស់​ណា​ដែល​មាន​គីមី! ​កុំ​ទិញ​មើល!​ ​ហើយ​នាំគ្នា​ជំរុញ​ការ​ដាំដុះ​ ឱ្យ​កសិករ​ ជំរុញ​ការ​ដាំដុះ​នូវ​បន្លែ​ បង្កា​ដែល​មិន​ប្រើ​សារធាតុគីមី។ ​បើទោះ​បី​វាថ្លៃ​ជាង​បន្តិច​ ក៏ប៉ុន្តែ​វា​ធានា​សុខ​ភាព​សម្រាប់​យើង​ អីចឹង​វា​ក៏​ជំរុញ​ការ​ដាំដុះ​របស់​ប្រជា​ពល​រដ្ឋ​យើង​ដែល​មិន​ប្រើ​គីមី​ផង​ដែរ»។

រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​អះអាង​ផង​ដែរ​ថា ​រដ្ឋា​ភិបាល​របស់​លោក​ក៏​បាន​ព្យាយាម​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ធ្ងន់។​ ​ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ​ លោក​ថា​ ​ពល​រដ្ឋ​ខ្លួន​ឯង​ក៏​គួរ​តែ​ត្រួតពនិត្យ​ និង​ចៀសវាង​ការ​បរិភោគ​បន្លែ​ និង​គ្រឿង​បរិភោគ​មាន​ផ្ទុក​សារ​ធាតុ​គីមី​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ មុន​ដាក់​ការ​ស្តី​បន្ទោស​មក​លើ​រដ្ឋាភិបាល​របស់​លោក។​

លោក​ ​ហ៊ុន សែន​ ​ថ្លែង​បន្ត​ថា៖​

​«អីចឹង​កុំ​អី​ឡើង​ ឈឺវិប​ ​ជេរ​ពេទ្យ​ ​ឈឺ​វិប​ថា​ ​បណ្តាល​មក​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​គេ​ប្រើ​គីមី​ ​អនុញ្ញាត ​ឲ្យ​នាំ​មក​លក់​នៅ​លើទីផ្សារ​នូវ​សាច់​ ​នូវ​អា​ដែង​នែ ​បន្លែ​បង្កា​ ឬ​ផ្លែឈើ​ដែល​មាន​សារធាតុ​គីមី។​ ​ឥឡូវ​កុំ​ស៊ី​វា​មើល!​ ​ហើយ​តែ​កុំ​ស៊ី​វា​លក់​អត់​ដាច់​ ​ ​លក់​អត់​ដាច់​ គាត់​វិល​ទៅ​រក​ការ​ប្រមូល​ទិញ​ ​នូវ​បន្លែ​បង្កា​ស្អីៗ​ ដែល​គ្មាន​គីមី។​ ​ខ្វះ​អី​ត្រសក់​ខែ​នេះ​សម្បូរ​សឹង​អីហ្នឹង!​ ​ទៅ​ចាំបាច់​ទិញ​អាត្រសក់​មាន​ជាតិ​គីមី​មក​ធ្វើ​អី!​ ​ខ្លួន​ឯង​ប្រព្រឹត្ត​ខ្លួន​ឯង​ ​ហើយ​មក​បន្ទោស​ដាក់​គេ»។​

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជិត​១​លាន​តោន​ ​ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​៤៤​ភាគរយ​ ​និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​ស្បៀង​អាហារ​ ​និង​កសិកម្ម​ពិភព​លោក​ ​ឬ​ហៅ​កាត់​ថា​ ​FAO។​ ​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ ​ក្នុង​មួយ​ថ្ងៃៗ ​ បន្លែ​ប្រមាណ​២០០​ទៅ​៤០០​តោន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មក​ក្នុង​រាជធានី​ភ្នំពេញ។​

ជា​មួយ​នោះ​ដែរ​ ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សម្តី​ ​លោក​ ​វេង សាខុន​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម​ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា​ ​ក្នុង​ឆ្នាំ​២០១៦​ ​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ ​សាច់​ពី​ប្រទេស​ផ្សេងៗ​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​៣០០​លាន​ដុល្លារ​អាមេរិក។​

​លោក​ ​ស ម៉ូរ៉ា​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ ​និង​សេវា​កម្ម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​រដ្ឋាភិបាល​មាន​តួនាទី​ក្នុងការពារ ​និង​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​នាំចូល​បន្លែ​ និង​គ្រឿង​បរិភោគ​ដែល​មាន​ជាតិ​គីមី​ពី​បរទេស ​យ៉ាង​គំហុក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយ​ថា​ ការ​ទម្លាក់​កំហុស​ទៅ​ពល​រដ្ឋ​គឺ​ស្តែង​ពី​ ​«ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ ឬ​ក៏​អស​មត្ថភាព»​ ​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ។​ ​លោក​បន្ត​ថា​ ​ប្រជាពល​រដ្ឋ​ធម្មតា​គ្មាន​សមត្ថភាព​បញ្ជាក់​ពី​បន្លែ​ ឬ​គ្រឿ​បរិភោគ​ដែល​មាន​ផ្ទុក​ជាតិគីមី​ ឬ​គ្មាន​គីមី​នោះ​ទេ។

«ជា​ធម្មតា​បើសិន​ជា​ប្រជាពល​រដ្ឋ​ដឹង​ថា​ អាហ្នឹង​មាន​ជាតិ​គីមី​ ​ប្រាកដណាស់​ហើយ​ថា​ គាត់​មិន​ទិញ​នោះ​ទេ។​ ​ប៉ុន្តែ​ធ្វើ​ម៉េច​បាន​ប្រជា​ពល​រដ្ឋ​ដឹង​ថា​ អា​ហ្នឹង​មាន​ជាតិគីមី​ ​ឬ​អត់​មាន​ជាតិគីមី?​ ​អីចឹង​វា​មាន​តែ​តួនាទី​រដ្ឋាភិបាល​នោះ​ទេ​ ​ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ត្រួត​ពិនិត្យ​ ​ទប់​ស្កាត់​រាល់​ទំនិញ​ខូច​គុណ​ភាព​ ឬ​ក៏​ទំនិញ​ដែល​មាន​សារធាតុ​គីមី​ ​ព្រោះ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ណាស់​ ​ហើយ​មាន​លុយ​ ​មាន​ឧបករណ៍​ ​មាន​អី​សព្វ​បែប​យ៉ាង​ដើម្បី​ត្រួត​ពិនិត្យ​ហ្នឹង​ ​ហើយ​មាន​ទាំង​អាជ្ញា​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ផលិត​ និង​នាំ​ចូល​ទំនិញ​នេះ។​ ​ប្រសិនបើ​រដ្ឋាភិបាល​ចេះតែ​បន្ធូរ ​ចេះតែ​បន្ថយ​ ​បណ្តោយ​ឱ្យ​នាំចូល​ ​ហើយ​ប្រជា​ពល​រដ្ឋ​គាត់​មើល​ម៉េច​ដឹង?​ ​អីចឹង​គាត់ចេះ​តែ​ទិញ​ ​ចេះ​តែប៉ះ​ហើយ»។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ ​និង​ផលិតផល​គ្មាន​ជាតិ​គីមី​ធា្លប់​ប្រាប់​ VOA​ ​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​បង្កើន​ការ​ត្រូវ​ពិនិត្យ ​និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ពល​រដ្ឋ​អំពីប្រើប្រាស់ ​និង​ផលិត​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​សុខុមាលភាព​របស់​ពល​រដ្ឋ​កម្ពុជា៕