លោកហ៊ុន សែន​ធ្វើខួប​៦៥​ឆ្នាំ​ ខណៈ​មាន​ការពិភាក្សា​ផុលផុស​ពី​សុខភាព​ និង​អ្នកបន្តវេន

Matt Nichols tries to save his home as the LNU Lightning Complex fires tear through Vacaville, California.

លោកហ៊ុន សែន​មានអាយុ​៦៥ឆ្នាំ​ នៅ​ថ្ងៃទី​៥ ខែសីហានេះ។ លោក​កាន់តំណែង​ជានាយករដ្ឋ​មន្ត្រី​បាន​ជាង៣២ឆ្នាំ​ហើយ។ ​ទន្ទឹមនឹងនោះ​​ការប្រឆាំងនឹង​ការដឹកនាំរបស់​លោក​ក៏​កើន​ឡើង​ដែរ​​ ដែល​​ស្តែង​ចេញតាម​រយៈការបោះឆ្នោតជាតិ​​ឆ្នាំ២០១៣ និងឃុំសង្កាត់​ក្នុង​ឆ្នាំ​​២០១៧។

ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ អ្នកប្រើប្រាស់​បណ្តាញ​សង្គមអាចមើលឃើញ​រូបថត​ និង​វីដេអូខ្លីៗ​ពីជីវិត​ឯកជន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បង្ហាញ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ និង ស្ថានភាព​សុខភាព។

ក្នុង​បណ្តា​រូបភាព​ទាំងនោះ​មានដូចជា​ រូបថត​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​សម្រាកនៅលើ​គ្រែ​ក្នុង​មន្ទីរពេទ្យ ដែល​មាន​កូនៗ​នៅជុំវិញ បើក​រថយន្តសាមញ្ញ​ដឹកពលរដ្ឋ និងហាត់​ប្រាណ​ដោយ​ធាក់​កង់​និង​ដើរលើម៉ាស៊ីន​ជាដើម។

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា៖

«រៀងរាល់​ពេល​ល្ងាច​ ខ្ញុំ​ត្រូវ​ហាត់​ប្រាណ​ដោយ​ជិះកង់ ​និង​ដើរ​លើ​ម៉ាស៊ីន។ ដើរ​រយៈ​ពេល​៣០​នាទី ​ចម្ងាយ​ជាង​២គីឡូម៉ែត្រ​ និង​ជិះកង់​១​ម៉ោង​ ចម្ងាយជិត២០គីឡូម៉ែត្រ ធ្វើ​អោយ​បែក​ញើស​ជំនួស​អោយ​ការ​មិនបានវាយកូន​គោល​ដែល​ពិបាក​លេង​ក្នុង​រដូវ​ភ្លៀង‍»។

លោក​ហ៊ុន សែន​មានអាយុ​៦៥ឆ្នាំ​នៅ​ថ្ងៃទី​៥ ខែសីហានេះ។ លោក​កាន់តំណែង​ជានាយករដ្ឋ​មន្ត្រី​បាន​ជាង៣២ឆ្នាំ​ហើយ។ ​ទន្ទឹមនឹងនោះការប្រឆាំងនឹង​ការដឹកនាំរបស់​លោក​ក៏​កើន​ឡើង​ដែរ ដែលស្តែង​ចេញ​តាម​រយៈការបោះឆ្នោតជាតិឆ្នាំ២០១៣ និង​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១៧។

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

ចាប់​តាំង​ពី​លោក​ហ៊ុន សែន​បាន​បង្ហោះ​រូបថត​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេសសិង្ហបុរី​កាលពី​ខែ​ឧសភា​មក ​អ្នកប្រើប្រាស់​បណ្តាញសង្គម​បានពិភាក្សា​យ៉ាងច្រើន​ពី​បញ្ហាសុខភាព​របស់​លោក​ និង​អ្នក​ដែល​អាចត្រូវ​បន្តតំណែង។ អ្នកខ្លះសម្តែងការព្រួយបារម្ភ​អ្នកខ្លះទៀត​បាន​ប្រមាថមើលងាយ។ ការពិភាក្សា​ពី​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​បាន​កើនឡើងខ្លាំង​នៅចុងខែ​មិថុនា​ នៅ​ពេល​ដែល​លោក​បាន​លុបចោល​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍អស់​មួយចំនួន។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ទទួលស្គាល់ថា​ លោក​បាន​ឮ​គេ​និយាយថា​ លោក​បាន​ស្លាប់​បាត់​បង់​ជីវិត មាន​អ្នកខ្លះ​និយាយ​ថា​ ស្ថានភាព​សុខភាព​របស់​លោក​មិន​អាចព្យាបាល​បាន ​និង​ត្រូវ​ពេទ្យ​បញ្ជូន​ពី​ប្រទេស​សិង្ហបុរី​ទៅ​ក្រុង​ហុងកុង​ជាដើម។

ការបង្ហោះ​រូបភាព ​និង​វីដេអូខ្លី​ទាំងនេះ ដែលក្នុងនោះ​មាន​រូបថត​របស់​លោក​នាយករដ្ឋមន្ត្រី​អង្គុយ​នៅតុអាហារ​ជាមួយ​នឹង​សហការី​ជិតស្និទ្ធ ​និង​រូបថត​ក្រុមគ្រួសារ​នៅ​ក្នុង​ផ្សារទំនើប​ក្រៅប្រទេស​គឺជា​ផ្នែក​មួយ​ក្នុងការច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ទាំងនេះ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ហ៊ុនសែន​នៅក្នុង​ទំព័រ​ហ្វេសប៊ុក។

លោក​ហ៊ុន សែន​បាន​បន្ទោស​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ថា ​ជាអ្នកបង្កើត​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ និង​បាន​ព្រមាន​កុំ​ឱ្យ​កេង​ចំណេញ​។

«រឿងអីចឹងៗច្រើនតែ​ចេញមកពីបក្ស​ប្រឆាំង​។ អីចឹងទេ​បើមេបក្ស​ប្រឆាំង​មិនគ្រប់គ្រងបញ្ហា​ហ្នឹង​ទេអ្នកដែលគ្រោះថ្នាក់មុនគេ​គឺ អស់លោក​។ ខ្ញុំ​សូមថា ​អំពាវនាវ​ទៅកាន់សមាជិក​គណបក្សប្រឆាំង​គឺ​មិន​គ្រប់គ្រាន់ទេ​ អំពាវនាវ​ឱ្យ​មេបក្ស​ប្រឆាំងមើល​សមាជិកសមាជិកា​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​។ បើ​សិន​ជា​បន់ឱ្យ​ហ៊ុនសែន​ស្លាប់​ អ្នក​ឯងនឹងគ្រោះថ្នាក់មុនគេ​ទេ‍»។​

លោក​ហ៊ុន​សែន​បាន​ព្រមាន​ថា​ បើលោក​ស្លាប់​បាត់បង់​ជីវិត​គឺ​ ក្រុមយោធា​នឹង​ចេញ​ពីបន្ទាយ​មក​កម្ទេច​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បាន​បដិសេធ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ទេ។

លោកស្រី​មូរ សុខហួរ​ អនុប្រធានគណបក្ស បានលើកឡើង​ថា គណបក្ស​កំពុងតែរវល់​រៀបចំ​ចូលរួម​ប្រកួត​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​និង​ហ្វឹកហ្វឺន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដែល​ទើបតែ​ជាប់​ឆ្នោត​កាលពីពេលថ្មីៗនេះ។​

«គណបក្ស​សង្គ្រោះជាតិ​អត់មានពេលវេលាឯណា​ទៅបញ្ចេញព័ត៌មានអី​ផ្សេងពីហ្នឹងទៀតទេ​។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ​ការទទួលខុសត្រូវ​នៃ​នរណា​ក៏ដោយ​ក្នុងការបញ្ចេញមតិជាការទទួល​ខុសត្រូវ​ឯកជន​ផ្ទាល់ខ្លួន​របស់​ខ្លួន។ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធម្តងហើយ​ម្តងទៀត​មិន​ទទួល​ខុស​ត្រូវនូវពាក្យ​សម្តីណា ដែល​ផ្ទុយនឹង​គោលនយោបាយ​គណបក្ស​សង្គ្រោះជាតិគឺ​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ហើយ​នឹង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ ហើយ​នឹង​អហិង្សា​ និង​ភាព​យុត្តិធម៌​ទេ‍»។ ​

រូបឯកសារ៖ លោកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ហ៊ុន សែន​បាន​ចូល​សម្រាកពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​ឧសភា​ ប៉ុន្តែ​គ្មាន​អ្នកណា​បាន​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​លោក​ទេ​ ក្រៅពី​លោក​បញ្ជាក់​ថា​ ដោយសារ​អស់​កម្លាំង​ខ្លាំងតែ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន​បាន​ប្តេជ្ញា​កាន់អំណាច​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​គឺ រហូតដល់​អាយុ​៧៤ឆ្នាំ។ រីឯ​ការពិភាក្សា​ណាមួយ​ពីអ្នកដែល​ត្រូវ​បន្ត​ការងារពីលោក​ជាបញ្ហា​រសើបមួយ​។

កូនប្រុស​ច្បង​របស់​លោ​កហ៊ុន សែន​គឺ​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ដែល​អាច​បន្ត​ពីលោកបាន។ លោក​ហ៊ុន ម៉ាណែត​ជា ​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​ជាមេបញ្ជាការ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ផងដែរ។

រូបឯកសារ៖ លោក​ ហ៊ុន មានី​ កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ឈរនៅ​លើ​ឆាក​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស ខណៈ​ដែល​ឪពុក​របស់​លោក​កំពុង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ជា​ច្រើន​ពាន់​នាក់។​ (នៅ វណ្ណារិន/VOA)

លោក​ Sebastian Strangio អ្នកនិពន្ធ​សៀវភៅ​ ដែលមានចំណងជើង​ថា​«ប្រទេសកម្ពុជា​របស់​លោក​ហ៊ុនសែន‍» (Hun Sen’s Cambodia) បាន​និយាយ​ថា​ លោក​ហ៊ុនសែន​នៅមិនទាន់ចាស់ពេក​ដូច​មេដឹកនាំ​នៅក្នុង​ពិភពលោក​មួយ​ចំនួន​ដូចជា​ លោក​ Robert Mogabe ប្រធានាធិបតី​ប្រទេស Zimbabwe ដែលពេលនេះ​មានអាយុ​៩៣ឆ្នាំ​ហើយ​បាន​កាន់អំណាច​ជាង​៣៧ឆ្នាំ។ ប៉ុន្តែ​លោក​ Sebastian​ បានបន្ថែម​ថា​ លោក​ហ៊ុនសែន​គួរតែ​រៀបចំ​ផែនការ​សម្រាប់​អ្នក​បន្ត​វេន​ពីលោក។

លោក​បាន​បន្ថែម​ថា៖

«សម្រាប់​លោក​ហ៊ុន សែន​នៅរាល់ពេលឆ្លងពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ទៀត លោកកាន់​តែ​ចាស់​ជាង​មុន​ហើយ​ជាយថាហេតុ​លោក​ត្រូវតែ​គិត​ពី​អ្នកណា​ដែល​នឹង​ត្រូវ​ស្នងតំណែងពីលោក និង​ថា​តើ​ការ​បន្តវេន​នោះ​វា​អាច​កើតឡើង​ដោយ​របៀបណា»។

លោក​ Sebastian ​បាន​និយាយ​ថា​ ដំណើរការស្នង​តំណែង​អាច​ចាប់​ផ្តើមកាន់​តែ​ឆាប់​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ផ្ទេអំណាច​ ដោយ​មិន​មាន​ឧបសគ្គ​ប៉ុន្តែ​រហូត​មកដល់​ពេលនេះ​ វាហាក់ដូច​ជា​មិន​មាន​អ្វី​ជាពិតប្រាកដ​ទេ។

លោក​បានបន្ថែម​ថា៖

«យើង​មិនដឹង​ថា​តើ​រឿងនេះ​អាច​នឹង​កើតឡើង​នៅឆ្នាំនេះ​ ឬឆ្នាំ​ក្រោយ​ទេ​ឬក្នុង​រយៈពេល៥​ឆ្នាំ​ទៀត​ប៉ុន្តែ​បើ​មិន​យូរមិនឆាប់​លោក​ហ៊ុនសែន​ត្រូវ​តែ​ចាប់​ផ្តើមគិតគូពីផែនការ​ទាំងនេះ​សម្រាប់​អនាគត​ព្រោះ​គ្មានអ្នកណា​ម្នាក់​មានជីវិត​អមតៈ​ទេ‍»។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

ពេលបច្ចុប្បន្នលោក​ហ៊ុន សែនក៏ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាគណបក្ស​កាន់​អំណាច។ លោក​បាន​កាន់​តំណែង​នេះ​ចាប់តាំងពីលោកជា ស៊ីម​បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៥។ គណបក្ស​បាន​ធ្វើ​ការ​កែទម្រង់​ដោយបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន​ ៣០៦នាក់ ​កាលពីខែកុម្ភៈ​ឆ្នាំ​២០១៥ ​ដើម្បី​បញ្ចូល​ក្រុមយុវជន។ ក្នុង​នោះ​មាន​កូនប្រុស​ទាំងបីនាក់​របស់​គាត់​គឺ​លោក​ហ៊ុន ម៉ាណែត លោក​ហ៊ុន ម៉ានិត និង​លោក​ហ៊ុន ម៉ានី។

បើទោះបីជា​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា​នៅរក្សា​ការស្ងៀមស្ងាត់ពី​អ្នក​ដែល​ត្រូវ​បន្តវេនក៏ដោយ​ប៉ុន្តែ​និន្នាការ​បច្ចុប្បន្ន​នេះបង្ហាញ​ពី​ការ​ត្រៀម​គណបក្ស​នេះ​នៅ​បន្ត​កាន់​អំណាច​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ថ្មី​នៃ​គណៈ​កម្មាធិការ​កណ្តាល​បាន​បញ្ជាក់​ថា៖

«យើង​ដឹង​ហើយ​ថា​ គ្មានអ្នកណាមានជីវិតអមតៈទេ​អីចឹងអ្វីៗទាំងអស់​សំខាន់លើតម្លៃ​សន្តិភាព​ដរាបណា​យើង​មាន​តម្លៃ​សន្តិភាព​រឹងមាំ ​ហើយ​អីចឹង​ជីវិត​នៃ​ប្រជាធិបតេយ្យ​យើង​រស់យូរអង្វែង​ហើយ​កាលៈទេសៈ​ប្រទេស​នឹង​ធ្វើ​ដំណើរ​ទៅតាម​ដំណើរ​មួយ ដែល​ប្រជាជន​ស្គាល់នូវតម្លៃ​ខ្លួនឯង​ស្គាល់​ប្រជាធិបតេយ្យ​ខ្លួន​ឯង​ដោយ​មិន​នាំយក​នូវ​ប្រជាធិបតេយ្យ​ពីប្រទេស​ណាទាំងអស់​ ព្រោះកម្ពុជា​ក៏ដោយ​ប្រទេស​ណា​ក៏ដោយ​ គឺមានតម្លៃប្រជាធិបតេយ្យ​តាម​បែបបទ​ និង​វប្បធម៌​ប្រទេស​រៀងៗ​ខ្លួន​មិន​អាច​ធ្វើការ​ចម្លង​ពីប្រទេស​ណាមួយ​បានទេ‍‍‍‍»។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឱ្យ​កូនប្រុស​របស់​គាត់​កាន់តំណែងក្នុងជួរកងទ័ព ​និង​សភាជាតិ​ហើយ​កូនស្រី​នៅក្នុង​របរ​សារព័ត៌មាន​ ដែលត្រូវ​គេមើលឃើញ​ថា​ ជា​យុទ្ធសាស្ត្រមួយ​ដែល​អាច​រក្សា​អំណាច​ក្រុមគ្រួសារ​គាត់បាន។ នេះ​បើតាម​ការបញ្ជាក់របស់​លោក​ Sebastian Strangio។

លោក​ Sebastian​បាន​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​គិត​ថា​លោក​នាយករដ្ឋមន្ត្រី​កំពុងតែ​ត្រៀមផែនការ​បង្កើតនូវការកាន់អំណាច​ត​ត្រកូលមួយ​។ វា​ជាការប្រាកដ​ណាស់ថា​ គាត់​ចង់​ប្រគល់អំណាច​ទៅកូនប្រុសណាម្នាក់របស់គាត់‍»។

ប៉ុន្តែ​លោក​ Sebastian ក៏ប្រយ័ត្នប្រយែង​ដែរថា​ កិច្ចការ​នេះ​អាច​ធ្វើ​បាន​ក៏​អាស្រ័យ​លើ​សមត្ថភាព​កូននោះដែរ​ក្នុងការ​បំពេញការងា​ និង​អាច​ទទួល​យក​បាន​ដោយ​មន្ត្រី​គណបក្ស​។

លោក​បន្ថែម​ថា៖

«សំណួរមួយ​គឺ​ថា ​តើ​កូនរបស់គាត់​ណាមួយ​ត្រៀមខ្លួន​ស្នងតំណែង​ទេ? តើ​ពួកគេ​បាន​ត្រៀមខ្លួន​ហើយ​ឬនៅ? តើ​ពួកគេ​មាន​ជំនាញ​ខាង​នយោបាយ​គ្រប់គ្រាន់ទេ? ហើយសំណួរ​ទីពីរ​គឺ​ថា​តើ​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​បក្ស​ទទួល​យកការសម្រេច​ចិត្ត​របស់​គាត់​ឬទេ‍?»។

លោក​សុខ ឥសាន្ត ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​យល់ស្របថា​ លោក​ហ៊ុនសែន​តែម្នាក់ឯង​មិនមាន​សំឡេង​ដាច់ខាតទេ។ លោក​បាន​ច្រានចោល​ការសន្និដ្ឋាន​ណា​ពី​ការ​បន្ត​តំណែង​តត្រកូល​ថា​ គ្រាន់តែជា​ទស្សនៈលម្អៀង ​ដែល​បន្តុះបង្អាប់​លោក​នាយករដ្ឋ​មន្ត្រី​តែ​ប៉ុណ្ណោះ។

«មិន​ដូច្នេះ​ទេ​ការយល់ឃើញ​នេះ​គឺជា​ការ​យល់​ឃើញ ដែល​លម្អៀង​ខាងនយោបាយទេ​ក្នុង​ចេតនា​មួយ​ចង់​បន្ទាបបន្ថោក​ឥទ្ធិពល​របស់​សម្តេច​តេជោ​ហ៊ុន សែន​តែប៉ុណ្ណោះ ពីព្រោះ​ការ​តែង​តាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មិនមែន​លើបុគ្គល​ម្នាក់​ ឬ​ពីរ​នាក់​ទេ​។ វា​អាស្រ័យ​លើ​សន្និបាត​របស់​គណបក្ស​ជា​អ្នកសម្រេច‍»។

រូបឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)

លោក​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​បញ្ជាក់ដែរ​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​មិនអាច​ដាក់ការសម្រេច​របស់​គាត់​មក​លើ​គណបក្ស​បាន​ទេ។

«អ្វីៗ​មិនមែន​ចាត់តាំង​ដោយ​បុគ្គល​ទេ​គឺ ចាត់តាំង​ដោយ​ការ​ជ្រើសរើស​ជា​សម្ងាត់​ក្តី​ជា​ចំហ​ក្តី​ធ្វើម៉េច​ដាក់​ទៅ​ឱ្យ​មានការ​ទទួល​យក​បាន​ទាំងអស់​គ្នា​។ អីចឹង​មានន័យ​ថា​ គណបក្ស​បាន​គិត​គូច្រើនណាស់​រៀបចំហ្នឹង​។ អីចឹង​មិនមែនមានន័យ​ថា ​អ្នកនេះ​ត្រូវ​ធ្វើ​នេះ​អ្នកនោះ​ត្រូវ​ធ្វើ​នោះទេ ​អាហ្នឹង​វាអាស្រ័យ​ទៅលើ​សមត្ថភាព​របស់​គាត់​នីមួយៗ​ដែរ‍»។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​មន្ត្រី​ដែល​កំពុង​តែ​ឈាន​ឡើង​មួយ​ចំនួន​ដូចជា​លោក​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​អូនព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​លោក​សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាដើម។

លោក​ឯកអគ្គរាជទូត​ជុំ ប៊ុនរ៉ុង ​បញ្ជាក់​ថា ​មន្ត្រី​វ័យក្មេង​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ការ​ងារ​បាន​យ៉ាង​ល្អ ខណៈពេល​ដែល​មន្ត្រី​ខ្លះទៀត​នៅ​កំពុង​រៀនសូត្រការងារ​ជាបន្ត​ទៀត។

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​គឺ​លោក​សាយ ឈុំនិង​លោក​ស ខេង​កំពុង​កាន់​តំណែង​យ៉ាង​សំខាន់ៗ​ផងដែរ។ លោកសាយ ឈុំ​ជាប្រធានព្រឹទ្ធសភា ហើយ​លោក​ស ខេង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ​បើសិនជា​មានការ​ស្នង​តំណែង​ណាមួយ​ក៏​ត្រូវ​ការគាំទ្រ​ពីមេដឹកនាំ​ទាំងពីរ​។ រហូត​មក​ដល់​ពេល​នេះ​លោកទាំង​ពីរ​នៅមិនទាន់​បញ្ចេញ​យោបល់អ្វី​ជាសាធារណៈនៅឡើយ​ទេ។

រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

មន្ត្រី​ដ៏​សំខាន់​មួយ​ទៀត​គឺ​លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ទៀ បាញ់។ លោក​ស្រី​អេលីហ្សាបែត បែកឃឺ​ អ្នកនិពន្ធ​សៀវភៅ«​នៅពេលដែល​សង្គ្រាម​បាន​បញ្ចប់‍» (When the War Was Over) ​បាន​ទទួលស្គាល់ពី​តួនាទីដ៏សំខាន់​របស់​លោក​ទៀ បាញ់ក្នុងការ​ធានា​ការផ្ទេរអំណាច​ដោយ​សន្តិវិធី។

«លោកទៀ បាញ់​ក្នុងនាមជាអ្នកទទួលខុសត្រូវ​លើកម្លាំង​យោធា​គឺ​ជា ​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​យើង​ត្រូវ​សង្កេត​មើលនៅពេល​មាន​ការស្នងតំណែង​ឬមិនមាន។ គាត់​គឺ​ជា​មនុស្ស​ដ៏សំខាន់នៅក្នុង​ការ​ផ្ទេរ​អំណាច‍»។

លោក​សុខ ឥសាន្ត​ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ផងដែរ​នោះ​ មើល​ឃើញ​ថា​គណបក្ស​នឹង​បន្ត​ការងារ​ទៅមុខ​ទៀត​បើ​ទោះបីជាមាន ​ឬ​មិន​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​ភារកិច្ច​អនាគត​អាស្រ័យ​លើ​សន្និបាត​គណបក្សជា​អ្នកសម្រេច៕