លោក ហ៊ុន សែន ប្រាប់​ក្រសួង​កសិកម្ម​កែ​ច្បាប់​ ដើម្បី​​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ចិញ្ចឹម​សត្វ​កម្រ

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បានប្រាប់​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​កែ​ច្បាប់​ត្រង់​ការ​ហាម​ឃាត់មិន​ឱ្យ​ពល​រដ្ឋ​ចិញ្ចឹម​សត្វ​កម្រ​ ​ដោយប្តូរ​ទៅ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋចិញ្ចឹម​សត្វ​កម្រជំនួស​វិញ។

ការ​ណែនាំរបស់​លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជា​ពលរដ្ឋរិះគន់​មន្ត្រីរដ្ឋ​បាល​ព្រៃឈើនៃ​ក្រសួង​កសិកម្មចុះ​ប្រមូលយក​«សត្វ​ក្ងោ​ក​»​ ពី​ពល​រដ្ឋ​ដែលចិញ្ចឹម​តាមផ្ទះ ក្នុង​ខេត្តកំ​ពង់​ឆ្នាំង​នា​ពេល​ថ្មី​ៗ​នេះ​។

លោក ហ៊ុន សែន ​ថា​ករណី​ដក​ហូត​សត្វ​ក្ងោក​ពី​ពលរដ្ឋ​នា​ពេល​ថ្មី​ៗ​នេះ ​លោក​មិន​ដាក់​កំហុស​ទៅ​លើ​អ្នក​ណាម្នាក់​ទេ​ ព្រោះមន្ត្រីគឺ​អនុវត្ត​តាម​ច្បាប់ ប៉ុន្តែ​លោក​ថាបើសិន​ច្បាប់​នោះ​ ហួស​សម័យ ​ឬ​មិន​សម​ស្របគឺ​អា​ច​កែ ឬធ្វើវិសោធន​កម្មច្បាប់​ ដើម្បីឱ្យ​ពល​រដ្ឋ​អាច​ចិញ្ចឹម​សត្វ​កម្រ​មួយ​ចំនួន​បាន​។

​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ លោក ហ៊ុន សែន ​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​ គឺ​បក​ពី​ការ​ដែល​យើង​រឹត​ត្បិត​ ឱ្យ​ទៅ​ជា​ចលនា​ចិញ្ចឹម​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​ ព្រោះ​អាហ្នឹង​អត់​មាន​ខាត ​អី​ទាល់​តែ​សោះ​។ ហើយ​ថា​ចិញ្ចឹម​ដើម្បី​យក​សាច់ ​[ហើយ​]​យក​សាច់​យក​ទៅធ្វើ​អី អាណា​ស៊ី​សាច់​ក្ងោក​? ហើយ​បើ​សិន​ជា​ត្រូវ​ការ​ស្លាប ​ត្រូវ​ការ​អី​របស់​វា ក៏វា​អត់​មាន​[​អី​] នាំគ្នា​ចិញ្ចឹម​ទៅ​។ ​ហើយ​ប្រជា​ពល​រដ្ឋ​ អាច​យក​អាហ្នឹ​ងធ្វើ​ជា​ គេ​ហៅ​ថា​ដាក់​ទីតាំង​មួយ​សម្រាប់​ការ​ចូល​មើល​របស់​ប្រជា​ជន​។ ​គាត់​អាច​ទទួល​បាន​កម្រៃ​ពី​ទេស​ចរដែល​ចង់​មើល​ៗ»។​ ​

លោក ហ៊ុន សែន ​បន្ត​ថាបើ​សិន​ជា​ចិញ្ចឹម​សត្វ​កម្រ ​សត្វ​ក្ងោក​នេះ​ មាន​ទោស ​នោះ​លោក​នឹង​មាន​ទោស​មុន​គេ ​បូក​រួមជា​មួយ​កូន​របស់​លោក​២​នាក់​ទៀត គឺ​លោក ​ហ៊ុន ម៉ា​និត និង​អ្នក​ស្រី​ ​ហ៊ុន ម៉ា​លីស និង​ក្មួយ​របស់​លោក​ម្នាក់​គឺ​លោក ហ៊ុន តូ ​ផង​ដែរ​ ព្រោះ​សុទ្ធ​សឹងតែ​ចិញ្ចឹម​សត្វ​កម្រ​ ​សត្វ​ក្ងោក​ និងសត្វ​កេង​កង​ជា​ដើម។

លោក​ថ្លែង​ថា៖ ៖ «អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា​តើ​បាន​ចែង​ក្នុង​ច្បាប់​មួយ​ណា​ទេ ​ក្រែង​លោ​ខ្ញុំចន្លោះ​ប្រហោង​ ព្រោះ​ខ្ញុំ​ស្ថិត​ក្នុង​ព្រឹត្តិការ​ណ៍​ហ្នឹង​ទាំង​អស់​។ អ៊ីចឹង​ទេ!​ បើ​សិន​ជា​មាន​ការ​ចន្លោះ​ប្រហោង យើង​អាច​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ ដើម្បី​បើក​ឱកាស​អាច​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​លទ្ធ​ភាពចិញ្ចឹម​សត្វដ៏​កម្រ។ ហើយ​បើ​និយាយ​ពីជាប់​ទោស​វិញ​ហ្ហា​អ្នក​ជាប់​ទោស​មុន​គេ​អ្នក​ណា​ គឺ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ជាប់​ទោស​មុន​គេ ​ចិញ្ចឹម​ក្ងោក​ច្រើនជាងក្ងោក​អ្នក​កំពង់​ឆ្នាំង​»។

​លោក ​ហ៊ុន សែន​ ​បន្ថែម​ថា​ការ​កែ​ច្បាប់​គឺ​មិនត្រូវ​ការ​ពេល​វេលា​យូរទេ ព្រោះ​រដ្ឋ​សភា​នៅ​មាន​សិទ្ធិ​អំណាច​ ​ចំណែក​គណៈ​រដ្ឋ​មន្ត្រី​ប្រើ​ពេល​ប្រជុំ​តែ​រយៈពេល១ឬ២ម៉ោង​ប៉ុណ្ណោះ​ ហើយបើ​ត្រឹម​អនុ​ក្រឹត្យ​ គឺ​លោក​អនុ​ម័តកាន់​តែ​លឿន។

លោក​ថ្លែង​ថា​៖ «អ៊ីចឹងចំណុច គឺ​ជាចំណុច​ដែល​ខ្ញុំ​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ពិនិត្យ​មើល​មាន​ចំណុច​ណា​ដែល​ត្រូវ​កែ​ ​[គឺ​]អត់​បញ្ហា​ទេ។ សភា​យើង​គឺ​អាច​ដំណើរ​ការ​ប្រជុំ​រហូត​ទៅ​ដល់​ជិត​បោះ​ឆ្នោត​ វា​អត់​មាន​បញ្ហា​អ្វីទេ​ នៅ​សល់​ពេល​វេលា ដាក់​មក​ [រួច​ហើយ]​គណៈ​រដ្ឋ​មន្ត្រី​ប្រជុំ​តែ​១​ម៉ោង ២​ម៉ោង គឺ​គ្រប់​គ្រាន់ហើយ​។ ​រួច​ហើយ​បញ្ជូនមក​សភា ដើម្បី​កែ​ច្បាប់ហ្នឹង​ទៅ។ ហើយ​ទាក់​ទង​ដល់​អនុក្រឹត្យ​ទៀត កែអនុក្រឹត្យ បើត្រឹម​អនុ​ក្រឹត្យ​ កែ​អនុ​ក្រឹត្យ ហ៊ឹម!​ ​យកមកដាក់ជាមួយខ្ញុំត្រឹមតែ​ប៉ុន្មាន​នាទី​ចេញ​ផុត​ហើយ អត់មាន​យូរ​ទេ​ៗ»​។​

លោក ហ៊ុន សែន យល់​ថាការធ្វើ​វិសោ​ធន​កម្ម​ច្បាប់ដោយ​ប្តូរ​ពី​ការ​រឹត​ត្បិត​ទៅជា​ការ​លើកទឹក​ចិត្ត​ពលរដ្ឋ​ចិញ្ចឹម​សត្វកម្រ​នេះ​ ក៏អាចបង្កើតសត្វ​ព្រៃ​ឡើង​វិញ​និងសម្បូរ​សត្វ​ក្ងោក​ពេញ​ព្រៃ ​នៅពេល​ដែលប្រជាពល​រដ្ឋ​យក​សត្វទាំង​នោះ​ទៅ​ប្រលែង​ក្នុង​ព្រៃ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​លោក ​ហេង គឹម​ហុង ​សម្តែង​ការ​ព្រួយបារម្ភថានៅពេល​ដែល​មាន​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ឱ្យប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​សត្វកម្រនេះ គឺអាច​ធ្វើ​ឱ្យ​សកម្មភាព​ប្រមាញ់ ឬសកម្ម​ភាព​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ការពារ អាច​នឹង​មាន​ការ​កើនឡើង ដែលអាច​ជា​ការ​គំរាម​កំហែងយ៉ាង​ខ្លាំងដល់សត្វ​ព្រៃ។

ដូច្នេះ​លោកថារដ្ឋាភិបាល ​និងក្រសួង​កសិកម្ម ត្រូវតែ​កំណត់​អត្ត​សញ្ញាណឱ្យបាន​ច្បាស់​ថា​សត្វ​កម្រ​ប្រភេទ​ណា ដែលពលរដ្ឋ​អាច​ចិញ្ចឹម​បាន ​ដើម្បី​បង្ការ​ និង​បញ្ចៀស​កុំ​ឱ្យ​ជនខិលខូច​ ឬអ្នក​ជួញដូរ​សត្វព្រៃ​សម្រុក​ចូល​ទៅ​ប្រមាញ់​សត្វ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ។

​លោក​ថ្លែងថា៖ «​បើ​កាល​ណា​មិន​មាន​ការ​បែង​ចែក​នីតិ​វិធី​ច្បាស់​លាស់ អ៊ីចឹ​ងទេ​ វាអាច​ធ្វើ​ឱ្យមានការ​ភ័ន្ត​ច្រឡំ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ថា​ការ​ចិញ្ចឹមសត្វ​កម្រជា​រឿង​ធម្មតា​ហ្នឹង​ គាត់​ធ្វើ​ការ​សម្រុក​ទិញ​ ឬ​អ្នកដែល​ចង់​ជួញ​ដូរ​សត្វ​ព្រៃ​ហ្នឹង គាត់​អាច​សម្រុក​ចូល​ទៅ ទាក់ទង​ជាមួយ​បណ្តាញ​របស់​គាត់​ ក្នុងការទៅ​ប្រមាញ់ក្នុង​តំបន់​ការពារ​»។

មាត្រា​៤៩នៃច្បាប់​ព្រៃឈើ ចែង​អំពី​ សកម្ម​ភាព​ហាម​ឃាត់​មួយ​ចំនួន​ចំពោះ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ និង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ ដូច​ជា​ការ​យាយី ឬ​បំផ្លិច​បំផ្លាញ​ដល់​ប្រភេទ​សត្វ​ខាង​លើ និង​ជម្រករបស់​សត្វ​ទាំង​នោះ ​ការ​បរបាញ់​ ទាក់ចាប់​ ដាក់អង្គុប បំពុល ការ​យក​ធ្វើជាកម្មសិទ្ធិ​ ស​ន្និ​ធិ[មានន័យថាការ​សន្សំទុក] ឬថែរក្សាជាលក្ខណៈសួនសត្វឬគ្រួសារ កា​រដឹកជញ្ជូន ការ​ធ្វើពាណិជ្ជកម្ម​ កា​រនាំ​ចេញ​នាំ​ចូល​ជា​ដើម​។ ​

គួរ​រំឭក​ថា​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១ អាជ្ញាធរ​បាន​ចុះ​ទៅ​រឹប​អូសសត្វ​តោឈ្មោល ទម្ងន់​ប្រមាណ​៧០​គីឡូក្រាម និង​មាន​អាយុ​១ឆ្នាំ​កន្លះ​ ពីជនជាតិ​ចិនម្នាក់ ដែលចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​កណ្តាល​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​សត្វ​តោ​នោះ​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដើរ​តាមផ្លូវ​ ក្នុង​សង្កាត់​បឹង​កេង​កង។ ​ពេល​នោះ លោក ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឲ្យ​ប្រគល់​សត្វ​តោ​នោះ​ទៅ​ម្ចាស់​ដើមវិញ ​ហើយ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​នៅ​ផ្ទះ​ទៀត​ផង​ដែរ៕