លោក ហ៊ុន សែន នឹង​ទៅ​មីយ៉ាន់ម៉ា ក្រោយ​បង្ហាញ​បំណង​ឲ្យ​មេដឹកនាំ​យោធា​ប្រទេស​នេះ​ចូល​កិច្ចប្រជុំ​អាស៊ាន​វិញ

នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​លោក អាន ឃួន សំអូន នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា បង្ហាញពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១។

​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា​ ហើយ​លោក​ត្រូវ​បាន​អញ្ជើញ​ទៅ​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា​ភូមា ​នៅ​ដើម​ឆ្នាំ​២០២២​ ក្រោយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បង្ហាញ​បំណង​ឱ្យ​មេ​ដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​រូប​នោះ ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​វិញ។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២១ ​ មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន ​បាន​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​ចូល​រួម​ក្នុង​ជំនួប​កំពូល ​ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ។​

លោក ​ហ៊ុន សែន​ បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា ​លោក​ Wunna Maung Lwin ​នៅ​វិមាន​សន្តិ​ភាព ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ហើយ​បាន​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​ និង​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​មីយ៉ាន់ម៉ា។​ នេះ​បើ​យោង​តាម​លោក​ អ៊ាង សុផល្លែត​ ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

ជំនួប​នេះ​កើត​ឡើង ​នៅ​មុន​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​ចាប់​ពី​ដើម​ឆ្នាំ​២០២២។​

លោក ​សុផល្លែត ​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា ​ក៏​បាន​ជជែក​ពី​លទ្ធភាព​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ាន​ឡើង​វិញ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«លើស​ពី​នេះ​ទៀត ​សម្តេច​តេជោ​ [ហ៊ុន សែន]​ និង​ឯកឧត្តម ​Wunna ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អាស៊ាន​ផង​ដែរ ​ស្វែង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន​ មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ​និង​សាមគ្គី​ភាព​ល្អ​ឡើង​វិញ»។​

លោក ​អ៊ាង សុផល្លែត ​ឲ្យ​ដឹង​ទៀត​ថា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​យោធា​នៅ​ប្រទេស​នេះ ​នៅ​ថ្ងៃ​ទី​៧ ​និង​ទី​៨​ ខែ​មករា​ ឆ្នាំ​២០២២ ​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។​

កាល​ពី​ថ្ងៃ​ចន្ទ​ ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ព្រៃវែង លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ «មាន​លទ្ធភាព​ជា​ច្រើន» ​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​ជជែក​ជាមួយ​លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ប្រជា​ធិបតេយ្យ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។

​លោក​ ហ៊ុន សែន​ បញ្ជាក់​ថា​ មាន​តែ​ធ្វើ​ការ​ជាមួយ​មេដឹក​នាំ​មីយ៉ាន់ម៉ា​ទេ ​ទើប​អាច​រក​ដំណោះ​ស្រាយ​បាន។​ លោក​បាន​និយាយ​ថា​ លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​បើ​ទោះ​មាន​ការ​រិះគន់​ក៏​ដោយ។​ ទោះ​ជា​យ៉ាង​ណា ​ លោក ​ហ៊ុន សែន ​អះអាង​ថា​ កម្ពុជា​មិន​ងាក​រេ​ចេញ​ពី​គោល​ការណ៍​រួម ​និង​ធម្មនុញ្ញ​អាស៊ាន​ឡើយ​ ដែល​រួម​មាន​«ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង»​ បើ​ទោះ​ព្យាយាម​ធ្វើ​ការ​ជាមួយ​ក្រុម​មេ​ដឹកនាំ​កាន់​អំណាច​នៅមីយ៉ាន់ម៉ា​ក៏​ដោយ។​

លោក ​ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​និយាយ​ថា​ ជំនួប​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នា​ពេល​ខាង​មុខ ​គឺ​ជាជំហាន​ដំបូង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​បុគ្គល​រវាង​មេដឹក​នាំ​កម្ពុជា​ និង​មេ​ដឹកនាំ​មីយ៉ាន់ម៉ា​ មុន​ពេល​បន្ត​ទៅ​កសាង​ជំនឿ​ទុក​ចិត្ត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​ក្នុង​ដំណើរការ​រយៈ​ពេល​យូរ​អង្វែង​មួយ​ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា។​

លោក​ថ្លែង​ថា៖ ​«និយាយ​ឲ្យ​ចំ​ទៅ​កម្ពុជា​ គឺ​ជា​អ្នក​បើក​វាំងនន​ អ្នក​បើក​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​ និង​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង។​ នេះ ​គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ​វិជ្ជមាន។ ​ក៏​ប៉ុន្តែ​ វា​ជា​ចំណុច​ចាប់​ផ្តើម​មួយ​នៅ​ក្នុង​ដំណើរ​ការ​ដ៏​វែង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ភូមា​នេះ»។​ ​

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ អោងសាន ស៊ូជី​ (Aung San Suu Kyi) ​ចេញ​ពី​តំណែង។ ​មក​ទល់​ពេល​នេះ​ អ្នកស្រី​ អោងសាន ស៊ូជី ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ​ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​១១​ករណី ​បើ​ទោះបីជា​អ្នកស្រី​ បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ក៏​ដោយ។​

កាល​ពី​ថ្ងៃ​ចន្ទ ​ តុលាការ​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ​មុន​ពេល​ទោស​ទណ្ឌ​នេះ​ ត្រូវ​បាន​បន្ថយ​មក​ត្រឹម​២​ឆ្នាំ​វិញ ​ក្រោយ​ពី​មាន​សំណើ​ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min Aung Hlaing។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​មេសា​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​ភូមា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១​ ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​គ្រប់​ភាគី​ទាំង​អស់​ ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។ ​ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ ទី​៣ ​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​ដំណើរ​ការ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤ ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕