លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសពីគម្រោងលើកលែងទោសឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំចំនួន១២នាក់ ដោយភ្ជាប់នឹងការព្រមានថា នឹងពិចារណាឡើងវិញ ប្រសិនបើមានការលើកឡើងថា ការលើកលែងទោសនេះធ្វើឡើងដោយសាររងសម្ពាធពីអន្តរជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រនៅខេត្ត កណ្តាល លោកនាយករដ្ឋមន្រ្តីថ្លែងថា លោកនឹងស្នើឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារក្នុងទ្រង់ទ្រាយធំ នាថ្ងៃបុណ្យជាតិនាពេលខាងមុខ ដោយមិនគិតពីការអនុវត្តទោសបាន២ភាគ៣នោះទេ។ លោកបន្ថែមថា ក្នុងចំណោមនោះក៏នឹងមានអតីតសមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន១២រូប ដែលបានសរសេរលិខិតសុំទោសលោកផងដែរ។
ទន្ទឹមនឹងការប្រកាសពីគម្រោងស្នើឲ្យមានការលើកលែងទោសដល់អតីតមន្រ្តីគណបក្សប្រឆាំងទាំង១២រូប លោកនាយករដ្ឋមន្រ្តីក៏បានព្រមានថា លោកអាចកែប្រែការសម្រេចចិត្តរបស់លោក ប្រសិនបើមានការលើកឡើងថា ការលើកលែងនេះធ្វើឡើងដោយសារមានសម្ពាធពីអន្តរជាតិ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«សូមកុំនិយាយថា បណ្តាលមកពីការគាបសង្កត់របស់អន្តរជាតិ។ ខ្ញុំស្អប់ណាស់អាពាក្យហ្នឹង។ អីចឹង សូមបងប្អូនអ្នកដែលនៅក្នុងពន្ធនាគារ ដែលខ្ញុំគ្រោងលើក ប្រហែលជា១២នាក់ផ្សេងទៀត។ ចាំណា៎! អ្នកបានធ្វើលិខិតរួចហើយ ក៏ប៉ុន្តែបើសិនជាអ្នកណាមួយធ្វើអត្ថាធិប្បាយអំពីការគាបសង្កត់អន្តរជាតិ ខ្ញុំតម្រូវ ខ្ញុំទុកសិន ទុករហូតដល់អ្នកដែលធ្វើលិខិតសុំនេះ ធ្វើការថ្កោលទោសចំពោះអ្នកនិយាយ បានខ្ញុំព្រម»។
នាពេលថ្មីៗនេះ ការដោះលែងអ្នកជាប់ឃុំ ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនហៅថា ជា «ចំណាប់ខ្មាំងនយោបាយ»នោះ កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានបញ្ចប់ និងការប្រកាសលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់ និងឈានទៅដឹកនាំប្រទេសដោយឯកបក្ស។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការលើកលែងនិងការបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវធ្វើឡើងតាមរយៈក្រសួងយុត្តិធម៌ នៅក្នុងថ្ងៃបុណ្យជាតិធំៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យអុំទូក និងពិធីបុណ្យឯករាជ្យជាតិជាដើម។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA ថា លោកមិនទាន់បានដឹងថា តើអតីតមន្រ្តីគណបក្សប្រឆាំងទាំង១២រូបដែលនឹងត្រូវស្នើឲ្យមានការលើកលែងទោសនេះ មាននរណាខ្លះនោះទេ។
រហូតមកដល់ពេលនេះ សមាជិកនិងសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ជាង២០នាក់ ត្រូវបានកាត់ទោសនិងឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទចោទផ្សេងៗគ្នា។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលសៀមរាប មុនគណបក្សនេះត្រូវបានរំលាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានបង្ហោះឯកសារផែនទីស្ដីពីព្រំដែនកម្ពុជា-វៀតណាម។
ចំណែកលោក មាជ សុវណ្ណារ៉ា មន្រ្តីព័ត៌មាននិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៥ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗពី៧ទៅ២០ឆ្នាំពីបទដឹកនាំនិងចូលរួមបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៤។
ចាប់តាំងពីមានការចាប់ខ្លួនមន្រ្តីគណបក្សប្រឆាំង ការបង្ក្រាបលើសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ការរំលាយគណបក្សសង្គ្រោះជាតិ និងការព្យួរសិទ្ធិនយោបាយមន្រ្តីជាន់ខ្ពស់គណបក្សនេះជាង១០០នាក់ ព្រមទាំងការចាប់ខ្លួនប្រធានគណបក្សនេះគឺលោក កឹម សុខា យកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បួងឃ្មុំនោះ គេឃើញមជ្ឈដ្ឋានអន្តរជាតិធំៗមួយចំនួនរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់។
សហរដ្ឋអាមេរិកបានដកជំនួយអភិវឌ្ឍន៍មួយចំនួនមកកម្ពុជា ដោយសារការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងបានបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួនមិនឲ្យចូលទឹកដីអាមេរិក ដោយមូលហេតុថា ពួកគេបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏កំពុងព្រមានកម្ពុជាជាបន្តបន្ទាប់ថា ការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសប្រជាធិបតេយ្យធំៗទាំងនេះ ដែលធ្វើឲ្យកម្ពុជាចំណេញបានប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗនោះ អាចនឹងត្រូវបានព្យួរចោល បើសិនជារដ្ឋអំណាចខ្មែរមិនត្រឡប់បែរក្រោយស្ដារស្ថានការណ៍នយោបាយដែលឈានដល់សភាពទុំជោរទេនោះ៕