លោក​ហ៊ុន សែន​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក​សម រង្ស៊ី​យក​ទៅ​លក់​ឡៃឡុង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក សម រង្ស៊ី ថា ការ​ព្រមាន​​របស់​លោក​​នាយករដ្ឋមន្ត្រី បង្ហាញ​ថា លោក ហ៊ុន សែន​ កំពុង​ភ័យ​ស្លន់ស្លោរ​​​​ដោយសារ​លោក​ដឹង​ថា​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង​២០១៨ ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា លោក​នឹង​រឹបអូស​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ និងទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​លោកបាន​ប្តឹង​លោក សម រង្ស៊ី ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១លាន​ដុល្លារ​ពី​បទ​បរិហារ​កេរ្តិ៍ជា​សាធារណៈ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញនៅ​រដ្ឋសភា​ដើម្បី​សម្រេចលុប​ចោល​ប្រការ ៤៨(៣) ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដែល​ឈប់​ឲ្យ​មាន​ក្រុម​តំណាងរាស្រ្ត​មតិ​ភាគ​តិច ​និង​មតិ​ភាគ​ច្រើន។ ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ដោះ​ស្រាយបញ្ហានយោបាយ​ក្នុងពេលកន្លងមក។​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ហ៊ុន សែន ​ ​បានប្តឹង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​ សម រង្ស៊ី ​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត​ទៅ​កាន់​សកម្មជន​របស់​លោក​ ដោយ​និយាយ​ថា​ លោក​ ហ៊ុន សែន ​បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ ដល់​កញ្ញា ​ធី សុវណ្ណថា ដើម្បី​បំបែក​គណបក្ស​សង្គ្រោះជាតិ។​

ថ្លែង​ទៅ​កាន់​តំណាងរាស្រ្ត​ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប​ ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នាព្រឹក​នេះ​ លោក ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំងថា ​នៅ​ពេល​លោក​ឈ្នះ​បណ្ដឹង​បរិហារកេរ្ដិ៍ដែល​លោក​បាន​ប្តឹងលោក សម រង្សី​ ទាមទារ​សំណង​ចំនួន​១លាន​ដុល្លារ​នោះ​ លោក​នឹង​រឹប​អូស​ ហើយ​លក់​ទ្រព្យ​សម្បត្តិមួយ​ចំនួន​របស់​លោក​ សម​ រង្ស៊ី រួម​ទាំង​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ជា​មេរៀនដល់​លោក សម រង្ស៊ី។ ​

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖

«ខ្ញុំ​រង់​ចាំ​តែ​សាលក្រម​ចូល​ជា​ស្ថាពរ​ទេ លើក​នេះ​ខ្ញុំ​យក​ហើយ​លុយ។ អត់​មាន​យក​តែ​មួយ​រៀល​ដូច ថាក់ ឡានី ទេ។ ខ្ញុំ​ទារ​មួយ​លាន​ដុល្លារ។ តែ​សាលក្រម​មុន​គេ គឺ​សាលក្រម​បង ហេង សំរិន បើ​កាលណា​សាលក្រម​នេះ​ចូល​ហើយ នឹង​បង្កក​ទ្រព្យសម្បត្តិ សុំ​ដីកា​ការពារ​ទ្រព្យ​សម្បត្តិ លក់​ទ្រព្យ​សម្បត្តិ​ពួក​ហ្នឹង​ចោល​ឲ្យ​អស់​ហ្មង ដើម្បី​ឲ្យ​រៀង។ ឮ​ថា​ស្នាក់ការ​គណបក្ស​ដាក់​ឈ្មោះ សម រង្ស៊ី អញ្ចឹង​ទេ​លក់​ស្នាក់ការ​គណបក្ស​ហ្នឹងលក់​ឡៃឡុង»។

លោក​ ហ៊ុន សែន បាន​ជំរុញលោក ហេង សំរិន និង​លោក ហោ ណាំហុង ដែល​បាន​ប្តឹង​ លោក សម រង្ស៊ី កន្លង​មក​ឲ្យ​ទាមទារ​លោក សម រង្ស៊ី ​សង​ជំងឺ​ចិត្ត​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត។ ហើយ​លោក​បាន​បញ្ជា​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្ទេរ​ទ្រព្យ​សម្បត្តិដែល​ជា​កម្មសិទ្ធិ​របស់ លោក សម រង្ស៊ី ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀតមុន​នឹង​សាលក្រម​ចូល​ជា​ស្ថាពរ។​

លោក ហ៊ុន សែន​ ប្រកាស​បែប​នេះ​ខណៈដែល​តុលាការ​មិន​ទាន់​បើក​សវនាការ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ទាមទារ​ទឹក​ប្រាក់​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី នៅ​ឡើយ។ ក្រុមអ្នក​ច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​អាច​ប្តឹង​លោក សម រង្ស៊ី​ បាន​ទេ ប្រសិន​បើ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​សារ​នៅ​តាម​បណ្តាញ​សង្គម​ដែល​ចោទ​ថា​ លោក​ ហ៊ុន សែន​ ឲ្យ​លុយ​១លាន​ដុល្លារ​ទៅ​កញ្ញា​ ធី សុវណ្ណថា​ គឺ​ជា​ការ​ពិត។​

ថ្លែង​ក្នុង​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លើក​ឡើងថា លោក ហ៊ុន សែន តែង​ ប្រើប្រាស់​តុលាការ​ដើម្បី​គំរាមកំហែង​គណបក្ស​ប្រឆាំង ហើយ​ថា ​ទង្វើ​របស់​លោក ហ៊ុន សែន នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគាំទ្រគណបក្ស​ប្រឆាំង​កាន់​តែ​ច្រើន។​

អ្នក​តំណាងរាស្ត្រ​ប្រឆាំង​រូប​នេះ​ប្រសាសន៍​ថា៖

«ជា​ការ​ពិសោធន៍​ច្រើន​ដង​ក៏​យើង​ធ្លាប់​ដឹង​ផង​ដែរ​ថា កាលណា​សម្តេច​នាយករដ្ឋមន្ត្រី​លោក​មាន​បំណង​យ៉ាង​ម៉េច តុលាការ​ធ្វើ​ការងារ​មិន​សូវ​ខុសគ្នា​ពី​បំណង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដូច​ដែល​បាន​បញ្ជាក់​ដែរ ​ក្នុង​ការងារ​នយោបាយ មិនមែន​ឧបករណ៍​ទេ​គឺ​ប្រជារាស្ត្រ ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​យល់​ឃើញ។ អ្វី​ដែល​ជា​ការ​បារម្ភ​គឺ​ការ​ធ្វើ​បែប​នេះ​វា​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត ហើយ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ច្រើន។ ខ្ញុំ​គិត​អញ្ចឹង​ទៅ​វិញ​ទេ»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​បានបង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម Twitter ជា​ភាសា​អង់គ្លេស​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​ព្រមានរបស់​លោកនាយករដ្ឋមន្ត្រី បង្ហាញ​ថា លោក ហ៊ុន សែន​ កំពុង​ភ័យ​ស្លន់ស្លោរដោយសារ​លោក​ដឹង​ថា​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង​២០១៨ ។​

លោក សម រង្ស៊ី បានសរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ហ៊ុន សែន មិន​អាច​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​បាន​តទៅ​ទៀត​ទេ ដូច្នេះ​លោក​ក៏​តាម​រក​រឿង​ខ្ញុំ​ដោយ​ផ្ទាល់ ដោយសារ​ខ្ញុំ​ជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​ទៅ​នឹង​អំណាច​ផ្តាច់ការ និង​ពុករលួយ»។

លោក មាស នី អ្នកវិភាគ​ការ​អភិ​វឌ្ឍ​សង្គម​យល់​ថា ការ​ប្រកាស​ពី​ជ័យជម្នះ​ជា​មុន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើ​បណ្តឹងទាមទារ​សំណង​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី ​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ដឹង​ជា​មុន​ពី​ចំណាត់ការ​របស់​តុលាការ ដោយ​សារ​តុលាការ​ស្ថិត​ក្រោម​បញ្ជា​របស់​លោក។

លោក​មាន​ប្រសាសន៍ប្រាប់ VOA ថា៖

«សម្តេច​នាយក​គាត់​ដឹង​ថា ​គាត់​ប្រាកដ​ជា​ឈ្នះ​ទៅ​ហើយ ព្រោះ​អី​តុលាការ​ហ្នឹង​ធ្វើតាម​តែអ្វី​ដែល​គាត់​បាន​គិត។ យើង​ធ្លាប់​ឃើញ​មុនៗ​ ​តុលាការ​តែ​កាល​ណា​សម្តេច​នាយក​គាត់​ថា​អី​តុលាការ​ត្រូវ​ធ្វើ​តាម​គាត់។ នៅ​ក្នុង​ករណី​បែប​នេះ គាត់​បាន​ដឹង​ទៅ​ហើយ ហើយ​តុលាការ​ក៏​មិន​ហ៊ាន​ឲ្យ​គាត់​ចាញ់​ដែរ អញ្ចឹង​រឿង​នេះ​បើ​សិន​ជា​ភ្នាល់​ទេ​ គេ​បាន​ដាក់​ខាង​ឈ្នះ​រួច​ទៅ​ហើយ»។

ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​របស់​លោក ហ៊ុន​ សែន ប្រឆាំង​លោក សម រង្ស៊ី ដោយទាមទារ​សំណង​១លាន​ដុល្លារ​នេះ លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃទី១៤ ខែ​កុម្ភៈ ខាង​មុខ។

កន្លង​មក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ប្តឹងមេបក្ស​ និង​ក្រុម​មន្រ្តីគណបក្ស​ប្រឆាំងជា​ច្រើន​នាក់​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ ដូច​ជា​ ​លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង លោកស្រី​ ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា និង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ប្រឆាំង​ជាច្រើន​ករណី​ទៀត៕