លោក​ ​ហ៊ុន សែន​ ​គ្រោង​រៀបចំ​ខួបទី២០​នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដោយ​ការ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ

វិមានឈ្នះ ឈ្នះក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ។ (រូបថតពីទំព័រហ្វេសប៊ុក Win-Win Memorial វិមានឈ្នះ-ឈ្នះ)​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ប្រកាស​រៀបចំ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រយៈពេល​៣យប់​៣ថ្ងៃ​ ​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​តាមរយៈ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្ត​កណ្តាល​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​កម្ពុជា​នឹង​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ២០១៨ ដើម្បី​អបអរ​សារ​ទរ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ ​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ។​ ​លោក​បន្ថែម​ថា ​ក្នុងរយៈពេល​បី​ថ្ងៃ​នោះ​នឹង​មាន​បើ​ក​ឲ្យ​ប្រជាពលរដ្ឋ​រាំ​លេង​កម្សាន្ត​ ​រួម​ជាមួយនឹង​ការ​ឆ្លង​ឆ្នាំ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«ដាក់​រាំវង់​ឲ្យ​ពេញ​ហ្នឹង​តែម្តង។​ ​រួច​ទូរទស្សន៍​ប៉ុន្មាន​ ​ទូរទស្សន៍​ភ្នំពេញ​ក៏​មាន​ទូរទស្សន៍​អី។​ ​ហើយ​អង់តែន​ទូរទស្សន៍​អា PNN នៅ​ហ្នឹង​ស្រាប់ ដាក់​ទៅ ឆាក​ណា ទូរទស្សន៍​ណា​ផ្សាយ ដាក់​ទៅ រាំវង់​ឲ្យ​ពេញ​ហ្នឹង​ទៅ។​ ​ថ្ងៃ ២៩​-​៣០​-​៣១ ឆ្លង​ឆ្នាំ​យើង​រួមគ្នា​មក​ឆ្លង​ឆ្នាំ​បាញ់​កាំជ្រួច​ ​ឆ្លង​ឆ្នាំ២០១៨​ ​ចូល​២០១៩ នៅ​វិមាន​ឈ្នះ​-​ឈ្នះ​របស់​យើង»។

រូបឯកសារ៖ លោក​ ហ៊ុន សែន ថ្លែងឆ្លើយតបសំណួរអ្នកសារព័ត៌មាន VOA ខណៈពេលលោកមកដល់បុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតថតពីវីដេអូ)

លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង៣ទសវត្សរ៍​មក​ហើយ​នោះ​បន្ថែម​ថា ខួប​លើក​ទី២០ នៃ​ថ្ងៃ​ដែល​បញ្ចប់​សង្គ្រាម​ ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​គឺ​ជា​ថ្ងៃ​ដែល​លោក​និង​ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដទៃទៀត​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ ​ស្ថិរភាព ពេញ​លេញ​ជូន​កម្ពុជា។ ​

លោក​មាន​ប្រសាសន៍​ថា៖​

«នយោបាយ​ឈ្នះ​-​ឈ្នះ​នោះ​ហើយ​ ​ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​របស់​យើង​ទទួល​បាន​នូវ​សន្តិ​ភាព និង​ការ​ឯកភាព​ទឹកដី​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន។​ ​ហើយ​តាមរយៈ​នៃ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​ ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ ដែល​នាំមក​នូវ​ការ​អភិវឌ្ឍ​ ​ទាំង​សេដ្ឋកិច្ច​សង្គម​ ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ប្រជាជន​មិន​ស្លាប់​ទៀត​ទេ​ដោយសារ​សង្គ្រាម»។​

វិមាន​ ​«នយោបាយ​ឈ្នះ​-​ឈ្នះ»​ ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​អភិវឌ្ឍន៍​ ​លី យ៉ុង​ផាត់ ក្នុង​សង្កាត់​បាក់​ខែង​ ​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​ ​លើ​ផ្ទៃដី​ទំហំ៨ហិ​ក​តា។​ ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា វិមាន​ឈ្នះ​-​ឈ្នះ នេះ បាន​បង្ហាញ​ពី​ការ​លះបង់​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក្នុង​ការ​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម​ ​និង​ការ​បញ្ចប់​សង្គ្រាមក្នុងស្រុក​ទាំងស្រុង​កាលពី​ឆ្នាំ១៩៩៨​ ​បន្ទាប់​ពី​ការ​ដកចេញ​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ១៩៩៣។​

ក្រុម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​តែង​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​នៃ​ការ​ចំណាយ​លើ​ការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​នោះ​ ​ដោយ​គ្រាន់តែ​ប្រាប់​ថា​ ​វិមាន​នេះ​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​សប្បុរសជន។​

លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃពុធ​នេះ​ថា ការ​ប្រកាស​ថា​ការ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ជាស្ថាពរ​ ​គឺ​កើតឡើង​ពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​គឺជា​ការ​លើកឡើង​ដើម្បី​ផល​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖

«កិច្ចការ ឬ​បេសកកម្ម​របស់​អ៊ុន​តាក់​ហើយ​និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​អីហ្នឹង វា​បាន​បញ្ចប់​ធាតុ​ផ្សំ​ធំៗ​នៃ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ ​រ៉ាំរ៉ៃ​តាំងពី​កងទ័ព​វៀតណាម​ចូល​មក​ឈ្លានពាន នៅ​ចុង​ឆ្នាំ​១៩៧៨​មក​ម្ល៉េះ។​ ​ប្រសិនជា​អត់មាន​អ៊ុន​តាក់ ​អត់មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​អី​ទេ ក៏​អត់មាន​អា​ដេញ​ឈ្នះ​-​ឈ្នះ​អីហ្នឹង​ដែរ»។​

រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ នៅ​ក្នុងបន្ទប់ផ្សាយរបស់វីអូអេកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ (លឹម សុធី/VOA)

អ្នកវិភាគ​ចាស់វស្សា​រូប​នេះ​បន្ថែម​ថា​ ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​គឺ​ជា​ធាតុផ្សំ​ចុងក្រោយ​មួយ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ ​ដែល​ហៅ​កាត់​ថា​អ៊ុន​តាក់ បាន​បញ្ចប់​ដើមចម​សំ​ខាន់ៗ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​រួច​ទៅ​ហើយ។​

លោក​បញ្ជាក់​ថា៖​

«ធាតុផ្សំ​ចុងក្រោយ​ទេ​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ហើយ​ថា​អាហ្នឹង​ជា​បេសក​កម្ម​ធំ​ហើយ​បាន​ជោគជ័យ​ទាំងស្រុង​តែឯង​នោះ គឺ​ខ្ញុំ​ថា​អត់​សមរម្យ​ទេ»។​

បើ​តាម​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិមាន​ឈ្នះ​-​ឈ្នះ​ ​ដែល​ត្រូវ​បាន​បង្ហោះ​ជាបន្តបន្ទាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ណឹម សុវត្ថិ​ ​អនុប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បញ្ជាក់​ថា ក្រោយពេល​បញ្ចប់​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ នៅ​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​ស្តូប​ឈ្នះ​-​ឈ្នះ​ជាច្រើន​ទៀត​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ទូទាំង​ប្រទេស។​

ទន្ទឹម​នឹង​ការប្រកាស​ពី​ការ​អបអរ​ខួប២០ឆ្នាំ​នៃ​ការបង្កើត​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​អះអាង​ថា​ជា​ជោគជ័យ​ដែល​កើត​ពី​ការ​ខិតខំ​របស់​គណបក្សប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​ក៏​បាន​វាយប្រហារ​ក្រុមប្រឆាំង​ថា​បាន​ភូត​កុហក​ប្រជាពលរដ្ឋ​បី​ចំណុច​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោក​នា​ពេល​ថ្មីៗ​នេះ។

លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ចំណុច​ទាំង​បី​នោះ​រួមមាន​ថា​លោក​ ​ហ៊ុន សែន​ ​មិន​អាច​ចូល​ទឹកដី​អាមេរិក​បាន ទី២ថា​អាសនៈ​របស់​កម្ពុជា​ត្រូវ​បាន​ព្យួរ​និង​ទី៣ថា​ ​លោក​ ​ហ៊ុន សែន​ ​មិន​អាច​ចូលរួម​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​បាន។ យ៉ាងណា​ក្តី​ ​លោក​នាយក​រដ្ឋមន្រ្តី​អះអាង​ថា​ ​ការ​ភូត​របស់​ក្រុម​ប្រឆាំង​ទាំង៣​ដងនោះ​ ​ត្រូវ​បាន​បញ្ចប់​នៅ​ទីក្រុង​ញូ​វយ៉ក​ ​ក្រោយពេល​ដែល​លោក​បាន​ចូល​រួ​មកិ​ច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ៕