លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងមានវិធានការចំពោះអ្នកដែលចោទគណបក្សប្រជាជនថាជា «ចោរ» អំឡុងពេលប្រទេសកម្ពុជាមានការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ហើយបានព្រមានគណបក្សជំទាស់មួយឲ្យមានការប្រុងប្រយ័ត្នចំពោះការមានទំនាក់ទំនងនឹងបុគ្គលអ្នកនយោបាយ ដែលស្និទ្ធនឹងមេដឹកនាំនយោបាយជំទាស់គឺលោក សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ។
គិតចាប់តាំងពីក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តែងតែឈ្នះការបោះឆ្នោតដោយមានសំឡេងច្រើនលើសលប់ ប៉ុន្តែក៏មានការរិះគន់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត។
នៅក្នុងសារព្រមានបំបាត់សំឡេងអ្នករិះគន់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតនោះ លោក ហ៊ុន សែន មិនលើកឡើងឈ្មោះបុគ្គលចំៗទេ តែលោកបែរជាថ្លែងអំពីជំហរគណបក្សប្រជាជនកម្ពុជា ដែលយល់ព្រមទទួលយកសំណងជំងឺចិត្តបួនពាន់លានរៀល ឬប្រមាណមួយលានដុល្លារអាមេរិកពីអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ដែលចាញ់ក្តីគណបក្សកាន់អំណាចក្នុងសំណុំរឿងបរិហារកេរ្តិ៍ចំពោះការអត្ថាធិប្បាយលើភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់កាលពីដើមខែមិថុនា ឆ្នាំ ២០២២ នេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែធ្នូនេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា បើសិនជាចង់ចោទគណបក្សប្រជាជនកម្ពុជាថាជាចោរ លុះត្រាតែបុគ្គលនោះមិនស្នាក់អាស្រ័យក្នុងស្រុកខ្មែរដែលមានច្បាប់សម្រាប់ចាត់វិធានការលើបុគ្គល ដែលនិយាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការប្រកាសដាក់លក់ទ្រព្យសម្បត្តិជាអចលនទ្រព្យពីរកន្លែងរបស់លោក សុន ឆ័យ ដែលតុលាការបានរឹបអូសជាបណ្តោះអាសន្នអាចនឹងធ្វើឡើង ដូចទៅនឹងផ្ទះរបស់លោក សម រង្ស៊ី ដែលជាទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ប្រសិនបើតុលាការកំពូលប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះក្តីនោះ។
លោកថ្លែងថា៖ «ហ្ហែងដើរបរិហារកេរ្តិ៍គេត្រូវទារជំងឺចិត្ត។ វារឿងធម្មតាៗ។ មើ! បំបាត់វប្បធម៌ ឲ្យតែក្រោយបោះឆ្នោត ឯងក្លាយទៅជាចោររហូត! ឥឡូវហ្នឹង អាអ្នកដែលចោទគេថា ជាចោរត្រូវតែសងជំងឺចិត្ត អ្នកដែលអ្នកឯងចោទគេ សងជំងឺចិត្ត។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ! អ៊ីចឹងគណបក្សប្រជាជនជាចោរមួយជីវិត? ត្រូវបំបាត់អាមួយហ្នឹងចោល គឺថា បោះឆ្នោតនៅទីហ្នឹង បោះពីព្រឹក ម៉ោង ៧ ព្រឹកនាំគ្នាចូលបោះ ម៉ោង ៣ ល្ងាចបិទ រួចហើយរាប់សន្លឹកឆ្នោតជាមួយគ្នា ហើយវាថា ឯងចោរលួចសន្លឹកឆ្នោត។ អ៊ីចឹងបើចោររហូត ឲ្យអាណានិយាយចោរគឺថាប្តឹងអាហ្នឹងៗ អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងម្តង»។
លោកបន្ថែមថា៖ «ហ៊េឲ្យវាដឹងគ្នាម្តងមើ! បើមិនអ៊ីចឹង យើងជាប់ឈ្មោះថាជាចោររហូតៗ។ អ៊ីចឹងហ្ហែងចោទគេខុស ហ្ហែងត្រូវសងជំងឺចិត្តៗ។ ឥឡូវឮថា ប្តឹងឡើងសារទុក្ខហើយ។ ខាងគណបក្សប្រជាជនអត់ត្រូវការប្តឹងសារទុក្ខទេ ព្រោះអីទារបានតាមបំណងហើយ។...នៅសាលាដំបូងគេកាត់ឲ្យយើងតែប៉ុន្មាន [ទេដោយ] យើងទារបួនពាន់លាន[រៀល] គេ[សាលាដំបូង]កាត់ឲ្យតែបីពាន់លានរៀល] អ៊ីចឹងយើងក៏ប្តឹងឧទ្ធរណ៍ដែរ។ ឥឡូវឧទ្ធរណ៍ចេញមកកាត់ឲ្យយើងបានបួនពាន់លាន។ ឥឡូវយើងយក! បួនពាន់លាន។ ឥឡូវគេប្តឹងសារទុក្ខ។ យើងមិនបាច់ប្តឹងសារទុក្ខទេ ឲ្យតុលាការកំពូលគេកាត់ ហើយរឹបយកតែម្តង។ កុំឆ្ងល់ពេក។ ដាក់ដេញថ្លៃទៀត [និង]លក់ទៀត»។
ក្រៅពីករណីលោក សុន ឆ័យ គឺលោក ហ៊ុន សែន ថា លោកនឹងកម្ចាត់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យទាល់តែបាន ដោយប្រើពាក្យថា «មានស៊ីអត់សែន មានសែនអត់ស៊ី»។
លោកថ្លែងថា៖ «អ្នកឯងត្រូវចាំណា៎! នេះមិនមែននយោបាយរបស់ ហ៊ុន សែន ទេ តែនេះអ្នកឯងបានប្រកាសនៅសៀមរាបឆ្នាំ ២០០៣ មានស៊ី អត់សែន មានសែន អត់ស៊ី។ ឥឡូវកំពុងមានសែនលើទឹកដីខ្មែរ តែវាអត់ស៊ី! ឲ្យហ្ហែងអត់មួយអាយូសទៅៗ! ហើយស្នាក់ការរបស់ហ្ហែងលក់បាត់ហើយ មិនមែនស្នាក់ការទេ ដីរបស់ហ្ហែងលក់ ហ្ហែងខ្វះទៀតៗ លក់បាត់ ហ្ហែងពូកែទៅ! និងតាមមើលទៀត អាណាត្រូវសងជំងឺចិត្ត អីយ៉ាងម៉េច ត្រូវសង។ ខ្ញុំបាន៧សែន[ដុល្លារ]ដែរ ព្រោះខ្ញុំទារមួយលាន នៅជំពាក់ខ្ញុំបីសែនទៀត តាមទារជាមួយអាហ្នឹង»។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងបន្តពិភាក្សាជាមួយមេធាវីការពារក្តីលោក ពាក់ព័ន្ធនឹងនីតិវិធីតុលាការជាបន្តបន្ទាប់ទៀតដើម្បីជំទាស់នឹងបទបរិហារកេរ្តិ៍ ដែលគណបក្សកាន់អំណាច និងស្ថាប័ន គ.ជ.ប. ប្តឹងរូបលោកជុំវិញការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «អត់មានយោបល់អីទេ ព្រោះអាហ្នឹងស្រុកខ្មែរ។ ហើយទីបំផុតទៅយ៉ាងណានោះ ខ្ញុំនឹងពិគ្រោះជាមួយមេធាវីរបស់ខ្ញុំ តើគួរទៅយ៉ាងម៉េច។ បាទ!»។
បើតាមដីកាមួយចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសយកអចលនវត្ថុរបស់លោក សុន ឆ័យ ជាបណ្តោះអាសន្នចំនួនពីរទីតាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងទៅតាមសំណើរបស់មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោក សុន ឆ័យ មានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច។
ទាក់ទិននឹងស្ថានភាពនៃការប្រព្រឹត្តទៅរបស់គណបក្សជំទាស់មួយនៅកម្ពុជា លោកហ៊ុន សែន ឲ្យដឹងថា លោកបានទទួលដំណឹងអំពីការប្រជុំអ្នកដែលមាននិន្នាការប្រឆាំងរូបលោក នៅក្នុងវត្តភ្នំសេរីលើទឹកដីសហរដ្ឋអាមេរិកដើម្បីប្រមូលលុយឲ្យគណបក្សក្នុងស្រុកមួយ និងមានមនុស្សម្នាក់នៅក្នុងគណបក្សក្នុងស្រុកនោះបានទៅចូលរួមទៅទីនោះដែរ។
លោកបន្ថែមថា បើសិនជាមានភស្តុតាងបញ្ជាក់ថា គណបក្សនោះជាប់ទាក់ទងលោក សម រង្ស៊ី នោះ គណបក្សនយោបាយនោះអាចទទួលបានការឆ្លើយតបទៅតាមច្បាប់របស់រដ្ឋាភិបាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ហើយខ្ញុំក៏ដឹងដែរ ប្រជុំនៅវត្តភ្នំសេរីហ្នឹង គឺប្រជុំរកលុយឲ្យគណបក្សនយោបាយមួយ ដែលខ្ញុំមិនបញ្ចេញឈ្មោះ ប្រយ័ត្នគ្រោះថ្នាក់! ហើយអ្នកហ្នឹង អ្នកទៅពីភ្នំពេញ ទៅរៀននៅវត្តភ្នំសេរី។ ប្រយ័ត្នតែមានភស្តុតាង អ្នកឯងត្រូវទទួលយ៉ាងម៉េចហើយ»។
ទោះបីជាលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះបុគ្គលនោះ ប៉ុន្តែគេឃើញថា លោក ជូង ជូងី ដែលជាមេធាវីមួយរូប និងដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន បានទៅកាន់ទឹកដីសហរដ្ឋអាមេរិក ហើយលោកក៏មានវត្តមាននៅវត្តភ្នំសេរីនោះ កាលពីខែវិច្ឆិកាកន្លងទៅ។
លោក ជូង ជូងី បដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញវត្តមានរបស់លោកនៅលើទឹកដីសហរដ្ឋអាមេរិក។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានទៅកាន់គណបក្សភ្លើងទៀនថា អាចនឹងប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ ២០១៧។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសារមួយគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីគណបក្សក្រៅរដ្ឋាភិបាល ដែលហ៊ានរិះគន់លើយន្តការនៃការបោះឆ្នោត។
លោកបន្តថា ការដាក់សម្ពាធរបស់គណបក្សកាន់អំណាចទៅលើគណបក្សប្រឆាំង គឺមិនមែនជារូបភាពល្អ និងជាវិធានការល្អនោះទេ ពីព្រោះការណ៍នេះអាចបង្កើតទៅជាវប្បធម៌គុំកួន សងសឹកគ្នា ឬធ្វើឲ្យនយោបាយកម្ពុជាមានភាពប្រេះឆា ឬរកាំរកូសមិនចេះចប់មិនចេះហើយ ដូចវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ដល់ទឹកហោចស្រមោចស៊ីត្រីនោះ៕