លោក​ហ៊ុន សែន​ ​ព្រមាន​ផ្ដាច់​ភ្លើង​ពី​ផ្ទះ​អ្នក​វិភាគ​ដែល​រិះគន់​​ការ​ខ្វះខាត​ថាមពល​អគ្គិសនី

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

ដោយសារការ​ខ្វះ​ខាត​អគ្គិសនី​នៅ​ដើម​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​បាន​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​តាម​តំបន់​ជា​រៀង​រាល់​ថ្ងៃ។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​កាត់​ផ្ដាច់​អគ្គិសនី​នៅ​លំនៅ​ឋាន​របស់​បុគ្គល​ណា​ដែល​បាន​រិះ​គន់​ថា​ នេះ​ជា​លេស​របស់​រដ្ឋាភិបាល​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​គំរាម​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ផ្ទះ​របស់​អ្នក​រិះគន់​រដ្ឋាភិបាល​ ដែល​បាន​លើក​ហេតុ​ផល​ផ្សេងៗ​ចំពោះ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនីប្រចាំ​ថ្ងៃ​ចាប់តាំង​ពី​ដើម​ខែ​មីនា​មក។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ដែល​ជា​ជំនួយ​របស់​ជប៉ុន​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​បាន​រិះគន់​លើ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ដោយ​សារ​តែ​ភាព​រាំងស្ងួត​និង​ខ្វះ​ទឹក​ក្នុង​ទំនប់​អគ្គិសនី។

ដោយ​មិន​បញ្ចេញ​ចំ​ឈ្មោះ​អ្នក​រិះគន់​នោះ​ លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​មន្ត្រី​លោក​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​លំនៅ​ស្ថាន​អ្នក​ទំាង​នោះ។

​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ និងឯក​អគ្គរាជ​ទូត​ជប៉ុន​ លោក​ ហ៊ុន សែន ​ព្រមាន​យ៉ាង​ដូច្នេះ៖

«មើល​អា​អ្នក​វិភាគ​ហ្នឹង​ ទៅ​កាត់​ភ្លើង​អា​ផ្ទះ​ហ្នឹង​ហ្មង​មើល​ ដើម្បី​ឲ្យ​ហ្អែង​ដឹង​ថា ​វា​ខ្វះ​អគ្គិសនី​មិនមែន​យក​ហេតុផល​ដើម្បី​នឹង​ធ្វើ​វារី​អគ្គិសនី។​ វា​ថា​យើង​ហ្នឹង​ ធ្វើ​ឲ្យ​ដាច់​ភ្លើង​ ដើម្បី​បង្កើត​លេសបង្កើត​វារីអគ្គិសនី។ ចង្រៃ ​វា​ដូច​ហួស​ហេតុ​ពេក​ វា​អយុត្តិធម៌»។

ការ​គំរាម​នេះ​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​មតិ​រិះ​គន់​មួយ​ចំនួន​ចំពោះ​ការផ្ដាច់​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ថា​បានកាត់​ផ្ដាច់​ថាមពល​ដ៏​សំខាន់​មួយ​នេះ​ ដើម្បី​យក​លេសសាងសង់​វារី​អគ្គិសនី​បន្ថែម​ ដើម្បី​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​បន្ត​ថា៖​

«បើ​ទោះ​បី​ទៅ​វិនិយោគ​ធ្វើ​វារីអគ្គិសនី​កន្លែង​ណា​ ក៏​គ្មាន​កន្លែង​ធ្វើ​តទៅ​ទៀត​ដែរ។​ សូម្បី​តែ​ធ្វើ​លើ​ក្បាល​ដែល​មាន​ទឹក​ហុងចេញ​នេះ វា​ខ្វះ​ទាំង​ទឹក​ទៅ​ទៀត ​ចុះ​អាណា​ទៅ​ធ្វើ​លើ​គោក។ ឲ្យ​វា​ចេះ​ខ្លះ​ផង​ វា​ចង្រៃ​សព្វ​ចង្រៃ​គ្រប់​ ពួក​អ្ហា​នេះ​ចង្រៃ​មែន​ហ្មង»។

VOA​ មិន​អាច​ទាក់ទង​លោក​ កែវ រតនៈ ​ដែល​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នេះ​ ទាក់ទង​នឹង​ការ​ព្រមានរបស់​លោក​ ហ៊ុន សែន ​ថា ​រដ្ឋាភិបាល​គួរ​តែ​ធ្វើការ​ឆ្លើយ​តប​បែប​បច្ចេកទេស​ ជាជាង​ធ្វើ​ការ​ព្រមាន​ជា​សាធារណៈ។

លោក​បាន​និយាយ​ថា៖​

«រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅវិញ​ ក៏​ប៉ុន្តែ​យើង​ចង់​បាន​ការ​ឆ្លើយ​តប​ដែល​មាន​លក្ខណៈជា​បច្ចេកទេស​ ជា​ការ​បដិសេធ​ចោល​ទៅ​នឹង​ការ​លើក​ឡើង ជាជាង​ការ​ព្រមាន​ធ្ងន់ៗ ​ដូច​ជា​ការ​ផ្ដាច់​ភ្លើង​ទៅ​ដល់​លំនៅ​ឋាន​របស់​អ្នក​វិភាគ​ជាដើម។​ រឿង​បែប​នេះ​ មិន​គួរ​កើត​មាន​ទេ​ ព្រោះ​អី​តួអង្គ​ទាំង​អស់​សុទ្ធ​តែ​ជា​តួអង្គ​ដែល​មាន​ចំណែក​នៅ​ក្នុង​សង្គម»។

តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​ ៦​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដែល​លើក​លែង​តែ​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​បុណ្យ​ជាតិ​ប៉ុណ្ណោះ​ ដើម្បី​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​ដែល​កំពុង​មាន​កង្វះខាត​នៅ​ក្នុង​ដើម​ឆ្នាំ​ ២០១៩ ​នេះ​ ដែល​រដ្ឋាភិបាល​បាន​ដាក់​ការ​បន្ទោស​ទៅ​លើ​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​យ៉ាង​គំហុក​ក្នុង​វិស័យ​សំណង់​អាគារ​នានា​ ដែល​ទាញ​យក​ថាមពល​អគ្គិសនីដ៏​ច្រើន​និង​គ្រោះ​រាំងស្ងួត។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា ​ការ​ផ្ដាច់​ចរន្ត​ថាមពល​អគ្គិសនី​នឹង​បន្ត​រហូត​ដល់​ចុង​ខែ​ឧសភា​ លើក​លែង​តែមាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែ​ឧសភា​ប៉ុណ្ណោះ​ទើប​ការ​ផ្គត់ផ្គង់​ត្រឡប់​មក​ប្រក្រតី​វិញ៕