អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Freshnews បានរាយការណ៍ថា កាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី) ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាមេចោរ ដែលគេចវេះមិនបង់ពន្ធ។ អ្នកចាត់ការទូទៅរបស់កាសែត ឌឹ ខេមបូឌា ដេលី បានលើកឡើងថា លោក ហ៊ុន សែន ទំនងជាកំពុងរកលេសកាត់ផ្តាច់ចំណងកាទូតអាមេរិក និងកម្ពុជា។
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានស្ថាប័នក្រៅរដ្ឋាភិបាលមួយដែលលោកអះអាងថា មិនបានបង់ពន្ធជូនរដ្ឋរយៈពេល ១០ឆ្នាំ នៅក្នុងវេទិកាជាតិលើកទីពីរ ស្តីពីការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។
ទោះបីជាលោក ហ៊ុន សែន មិនបាននិយាយចំឈ្មោះដល់ស្ថាប័ននោះក៏ដោយ អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Freshnews បានបញ្ជាក់ឈ្មោះស្ថាប័ននោះចំៗ ថា ជាកាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី) ដែលកំពុងរងគំនាបពីស្ថាប័នពន្ធដារ ទាក់ទិនលុយពន្ធចំនួន ៦.១លានដុល្លារអាមេរិក។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតំណាងអង្គទូតៗនានានៅក្នុងប្រទេសកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា៖
«មានពេលខ្លះ វាហួសហេតុពេក អាមេចោរ អត់បង់ពន្ធឲ្យរដ្ឋ ១០ឆ្នាំ។ អានេះ ១០ឆ្នាំ គេគិតតែអាច្បាប់ពន្ធទេណ៎ា តែអានេះតាំងពីកើតចេញជារូបរាងមក មិនដែលបង់ពន្ធឲ្យរដ្ឋទេ សុំទោស។ អាឡូវកំពុងបង្វែរទៅជាផ្លូវនយោបាយហើយ ខ្លួនឯងជាមេចោរ ហើយមកបង្រៀនគេ។ បង់ពន្ធឲ្យរដ្ឋមកបើចង់នៅតទៅទៀត បង់ពន្ធឲ្យរដ្ឋ។ បើមិនបង់ពន្ធឲ្យរដ្ឋទេ វេចបង្វិចចាកចេញទៅ អាហ្នឹងនិយាយគ្នា ឲ្យច្បាស់ៗ ហើយគ្មានរឿងនយោបាយនៅក្នុងហ្នឹងទេ»។
លោក ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា៖
«អាឡូវនៅ ប្រទេសអស់លោក បើសិនជាពលរដ្ឋខ្ញុំ ទៅរកស៊ីនៅហ្នុងមិនបង់ពន្ធ តើអស់លោក ធ្វើម៉េច? អាឡូវពលរដ្ឋរបស់បរទេស មកធ្វើការនៅស្រុកខ្មែរ មិនព្រមបង់ពន្ធឲ្យខ្មែរ តើខ្មែរធ្វើម៉េច? ដល់ទៅខ្មែរធ្វើ ថាអាហ្នឹងរឿងនយោបាយ នែ៎វាឆ្កួតអស់ទៅអញ្ចឹងទៅនែ៎។ ពិភពលោកវាអត់មានយុត្តិធម៌ វានៅកន្លែងហ្នឹង ។នែ៎ អាគេ ធ្វើបាបយើង ធ្វើបាបតាមចិត្ត អាយើងគ្រាន់តែសុំអនុវត្តន៍ផ្លូវច្បាប់ គេថាយើងនយោបាយ»។
កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកស្រី Deborah Krisher-Steele ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email ថា អគ្គនាយកដ្ឋានពន្ធដារ មិនបានធ្វើកិច្ចការត្រឹមត្រូវ នៅក្នុងការធ្វើសវនកម្ម ហើយថែមទាំងបានធ្វើឲ្យបែកធ្លាយចំនួនលុយពន្ធ ដែលជាទង្វើល្មើសនឹងច្បាប់សិទ្ធិឯកជន។ ម្ចាស់កាសែតដែលចេញផ្សាយជាភាសាអង់គ្លេសរូបនេះ លើកឡើងពីក្តីបារម្ភថា ចំនួនទឹកប្រាក់ពន្ធដ៏ច្រើនចំនួន ៦.១លានដុល្លារ ជាចំនួនមិនពិតប្រាកដ ហើយថា អ្វីដែលអគ្គនាយកដ្ឋានកំពុងធ្វើមកលើ កាសែត ឌឹ ខេមបូឌា ដេលី គឺមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ និងមានបំណងបិទកាសែតនេះតែម្តង។
អ្នកស្រី Deborah Krisher-Steele មិនទាន់ឆ្លើយតបនឹងសំណួររបស់ VOA តាមសារអេឡិចត្រូនិក ឬ Email មកដល់ល្ងាចថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែ លោក Douglas Steele អ្នកគ្រប់គ្រងទូទៅរបស់កាសែត ឌឹ ខេមបូឌា ដេលី បានបញ្ជាក់ថា ប្រវត្តិសាស្ត្រកំពុងជាន់ដានចាស់ ទោះបីវាមិនទាន់បានកើតឡើង
ម្តងទៀតក៏ដោយ។
លោក Douglas Steele បានពណ៌នា អំពីការកាត់ផ្តាច់ចំណងការទូតអាមេរិក និងកម្ពុជាថា កាលពី៥២ឆ្នាំមុន មេដឹកនាំប្រទេសកម្ពុជា ចង់បាននូវហេតុផលមួយ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ហើយគាត់បានប្រើអត្ថបទមួយដែលសរសេរដោយអ្នកកាសែតជនជាតិអាមេរិកាំងមួយរូបមកធ្វើជាលេស។ អ្នកកាសែតនោះ គឺលោក Bernie Krisher ដែលជាចាហ្វាងកាសែត និងជាឪពុកក្មេករបស់ខ្ញុំ។ សេចក្តីអាក់អន់ចិត្តបន្តិចបន្តួច នាំឲ្យមានការជាប់ពាក់ព័ន្ធដល់ការធ្វើកុប្បកម្ម ដែលបានធ្វើឡើងនៅមុខស្ថានទូតសហរដ្ឋអាមេរិក ការគំរាមកំហែងសម្លាប់ ដុំថ្ម និងដបទឹកថ្នាំត្រូវបានគេគប់តាមបង្អួច។
លោក Douglas បានរំឭកបន្តថា គ្រានោះគឺជា ការចាប់ផ្តើមទំនាក់ទនងដ៏យូរអង្វែង ដែលទំនងជាមិនអាចទៅរួចរវាង លោក Bernie និងព្រះបាទសម្តេចនរោត្តម សីហនុ។ ទំនាក់ទំនងនោះ បានឈានទៅដល់កិច្ចសហប្រតិបតិ្តការនៃការសរសេរកំណត់ប្រវត្តិពីរច្បាប់របស់ព្រះបាទសម្តេចនរោត្តម សីហនុ។ វាក៏ជាសកម្មភាពចាប់ផ្តើមកាសែត The Cambodia Daily ជាអង្គការក្រៅរដ្ឋាភិបាលរបស់ពួកយើង ដែលរហូតមកដល់ពេលនេះ បានកសាងអគារសាលារៀនចំនួន ៥៦១អគារនៅប្រទេសកម្ពុជា និងមន្ទីរពេទ្យព្រះសីហនុ។
លោក Douglas Steele ដែលជាស្វាមី អ្នកស្រី Deborah បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«ប្រវត្តិសាស្ត្រមិនទាន់កើតឡើងវិញច្រំដែលនោះទេ ប៉ុន្តែវាកំពុងតែជាន់ដានចាស់។ ប្រសិនបើនាយករដ្ឋមន្ត្រីត្រូវគេធ្វើឲ្យគាត់ខឹងខ្លាំង គាត់កំពុងតែធ្វើការអះអាងដូចនឹងអ្វីដែលព្រះបាទសម្តេចសីហនុ បានធ្វើនៅឆ្នាំ១៩៦៥។ ប្រសិនបើនាយករដ្ឋមន្ត្រីកំពុងប្រើរឿងនេះ ជាលេសសម្រាប់ការសម្រេចចិត្តខាងនយោបាយ ដើម្បីបិទចោលសារព័ត៌មានសេរី នៅមុនការបោះឆ្នោតឆ្នាំខាងមុខនេះ តើនេះវាជារឿងគួរឲ្យតក់ស្លុតទេ ដែលអ្នកនយោបាយម្នាក់ នឹងធ្វើនយោបាយបែបនេះ?» ។
លោក Douglas Steele បានបញ្ជាក់បន្ថែមថា៖
«ជាច្រើនជំនាន់មកហើយ គ្រួសាររបស់ខ្ញុំបានជួយប្រទេសកម្ពុជា កសាងសាលាបឋមសិក្សា មន្ទីរពេទ្យ និងសារព័ត៌មានសេរីមួយ។ យើងនៅមានសង្ឃឹមថា យើងអាចបោះជំហានឲ្យលឿនជាងនេះបន្តិច តាមរយៈល្ខោននយោបាយនាពេលបច្ចុប្បន្ន និងរួមគ្នាដោះស្រាយបញ្ហានានាសម្រាប់អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជា ទាក់ទិនកង្វះសាលាមធ្យមសិក្សា ប្រព័ន្ធថែទាំបីបាច់ចិញ្ចឹមក្មេងៗដែលមិនទាន់កើតមាន និងការរក្សាទុកសារព័ត៌មានសេរី។ អូ! លោកនាយករដ្ឋមន្ត្រី នៅពេលលោកត្រៀមរួចរាល់សម្រាប់ការសរសេរកំណត់ប្រវត្តិរបស់លោក សូមហៅខ្ញុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ក៏បានថ្លែងរិះគន់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលមានចិត្តចង្អៀតចង្អល់ ដោយប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបាន លុបចោលគោលនយោបាយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) ពាក់ព័ន្ធនិងបញ្ហាសុខាភិបាល និងសេដ្ឋកិច្ចជាដើម។
ដោយឡែក ក្លឹបសារព័ត៌មានអន្តរជាតិនៃប្រទេសកម្ពុជា នៅល្ងាចថ្ងៃអង្គារនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យលើការបង់ពន្ធរបស់កាសែត ឌឹ ខេមបូឌា ដេលី ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ទៅតាមផ្លូវច្បាប់។ ក្លឹបសារព័ត៌មានអន្តរជាតិនៃប្រទេសកម្ពុជាលើកឡើងថា ចំនួនលុយ ជាង ៦លានដុល្លារ ដែលផ្សព្វផ្សាយដោយនាយកដ្ឋានពន្ធដារ នឹងបង្ខំឲ្យកាសែតឌឹ ខេមបូឌា ដេលីបិទ ប្រសិនបើកាសែតនេះមិនបង់ពន្ធនៅថ្ងៃទី ៤ ខែកញ្ញា៕